បទពិសោធន៍ចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ (កសិករ សុខ សារ៉ុន)

បងប្រុស សុខ​ សារ៉ុន  គឺជាកសិកររស់នៅភូមិដីក្រហម​ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ក្រោយពីបានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិដែលរៀបចំឡើងដោយអង្គការសេដាក គាត់មានការចាប់អារម្មណ៍ខ្លាំងដោយរាល់ឆ្នាំគាត់ចិញ្ចឹមមាន់មិនសូវបានទេគឺចេះតែឈឺងាប់រហូត។ បងប្រុសបានសាកល្បងយកបច្ចេកទេសចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិនេះទៅអនុវត្តម្ដងមួយចំណុចៗរហូតបានគ្រប់គោលការណ៍។ កាលពីសាកល្បងដំបូងគឺនៅមានមាន់ឈឺងាប់ខ្លះ ដោយសារអនុវត្តតាមគោការណ៍មិនទាន់គ្រប់ ប៉ុន្តែក្រោយពីបានអនុវត្តតាមគោលការណ៍ចិញ្ចឹមមាន់បានគ្រប់មកឃើញថាអត្រានៃការងាប់តិចតួចបំផុតស្ទើរគ្មាន។

១. ការរៀបចំទ្រុង

បងប្រុសបានធ្វើរបងឫស្សីព័ទ្ធជុំវិញទីធ្លាទ្រុងដែលមានកំពស់២មែត្រ ដើម្បីកុំឲ្យមាន់ចេញ ហើយមានទ្រុងសំរាប់មាន់ដេក និងញាស់កូ​នដោយសង់ជាកូនខ្ទមមានប្រក់ដំបូលស្លឹក មានឆ្នើរសំរាប់ដាក់សំបុកភ្ញាស់។នៅក្នុងរបងទីធ្លាមានជីករណ្ដៅធ្វើកំប៉ុស្ត​ដើម្បីបង្កើតកណ្ដៀរជាចំណីមាន់ និងមាន់ងាយស្រួលកកាយ។មានដាក់ស្នូកទឹកដែលមានលាយផ្សំពីរុក្ខជាតិមាន​​ដូចជា គល់ស្លឹកគ្រៃ ស្លឹកស្តៅ សំបកគ ខ្ញី បុកលាយជាមួយទឹកឲ្យផឹកដើម្បីការពារជំងឺផ្សេងៗ។ ក្នុងរបងមានដាំដើមឈើដូចជា ដំឡូងមី ដើមកន្ធំថេត អង្គារដី ។ល។ នៅតាមរបងដោយលៃយ៉ាងណាឲ្យមានម្លប់​៥០ភាគរយ និងត្រូវពន្លឺ ៥០​ភាគរយ។

២. ការថែទាំ

បងប្រុសឧស្សាហ៍បោសសំអាតក្នុងទីធ្លា និងដាក់មាន់នៅក្នុងនោះជានិច្ច ប្ដូរទឹកជាប្រចាំដើម្បីការពារ និងព្យាបាលជំងឺ។ ហើយកូនមាន់យកក្រុងដាក់ត្រូវពន្លឺនៅម៉ោង ៩-​១០ រយៈពេល ២០នាទី រហូតដល់វាមានអាយុ ២០-​៣០ថ្ងៃ​ ទើបឈប់ដើម្បីឲ្យឆ្អឹងរឹងមាំល្អ។

៣. ការអោយចំណី

ចំណីដែលផ្ដល់ឲ្យមាន់មាន ស្រូវ អង្ករ (តិចតួច) កណ្ដៀរដែលកើតក្នុងគំនរកំប៉ុស្តទឹក បន្លែ គឺ ចិញ្រ្ចាំឲ្យល្អិតៗ (ត្រកួន ចក ស្លឹកបាស ស្លឹកកន្ធំថេត) សំបកខ្យង ខ្ចៅ បុកឲ្យម៉ដ្ឋ​ បាចឲ្យស៊ី ១ថ្ងៃ ៣ ដង ដើម្បីឲ្យឆ្អឹងរឹងមាំ និងញាស់បានពងល្អៗ។

៤. ការព្យាបាលជំងឺ  

នៅរដូវក្ដៅមាន់តែងជួបប្រទះនូវជំងឺដង្កោកាច់ ​បងប្រុសធ្លាប់បានសាកល្បងធ្វើការព្យាបាលជំងឺដង្កោកាច់នេះ បានជាសះល្បាយ​ដោយប្រើថ្នាំផ្សំពីរុក្ខជាតិ៖

  • ដើមប្រមាត់ដីក្រហមយកទៅលីងចំនួន ០,៥ខាំ
  • អំបិលបន្តិច (១ស្លាបព្រាកាហ្វេ)
  • វល្លិ៍ពេជ្រ ០,៥ខាំ
  • ដើមកាឆុង (ដើម្បីទាក់ទាញមាន់ឲ្យចូលចិត្តផឹក) ០,២ខាំ
  • សំបកស្ដៅ ០,៥ខាំ
  • ប្រក់ផ្លែ ០,៥ខាំ
  • គល់ស្លឹកគ្រៃ​ ០,៥ខាំ (ហាន់)
  • ស្លឹកម្រះ ០,៥ខាំ។

យកធាតុផ្សំទាំងអស់ដាំរំងាស់ទឹក ៣ យកទឹក ១ ហើយបញ្រ្ចកទៅលើមាន់ទាំងអស់ ទាំងមាន់ឈឹ(ដើម្បីការពារមុន) ឬលាយជាមួយចំណី។

សរុបមកចំណុចសំខាន់ៗ​ដែលត្រូវយកចិត្តទុកដាក់សំរាប់ចិញ្ចឹមមាន់ឲ្យបានល្អ៖

  • ដាក់មាន់នៅក្នុងរបងទីធ្លាជាប្រចាំ
  • ប្តូរទឹកជាប្រចាំ និងលាយថ្នាំផ្សំពីរុក្ខជាតិដើម្បីការពារជំងឺ
  • ក្រុងកូនឲ្យត្រូវពន្លឺថ្ងៃពេលព្រឹក​ ២០-​៣០​នាទី ដើម្បីឲ្យឆ្អឹងរឹងមាំល្អ ឆាប់ធំ
  • ចំណីមានលាយសំបកខ្យង  ខ្ចៅ និងបន្លែបៃតងមួយអាទិត្យ ៣ដង ដើម្បីជួយដល់ការលូតលាស់ឆាប់
  • នៅក្នុងរបងទីធ្លាមាន់ដើរត្រូវដាំដើមឈើ ដើម្បីឲ្យមានម្លប់សំរាប់មាន់ជ្រក (លៃយ៉ាងណាឲ្យមានម្លប់ ៥០ភាគរយ និងពន្លឺ ៥០ភាគរយ)៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)