ការផ្តល់ទឹក ការថែទាំពពែ ធ្វើអនាម័យ ជំងឺ និងការព្យាបាល

៩.​ ទឹក

ទឹកជាកត្តាសំខាន់មួយក្នុងការចិញ្ចឹមសត្វ ត្រូវផ្តល់ទឹកស្អាតដល់សត្វឲ្យបានគ្រប់គ្រាន់ និងគ្រប់ពេលវេលា។ ត្រូវប្តូរទឹកជារៀងរាល់ថ្ងៃ និងធុងដាក់ទឹកត្រូវស្អាតជានិច្ច។ ទឹកមានសារៈសំខាន់ណាស់ ជាពិសេសសំរាប់មេពពែបំបៅកូន និងកូនរបស់វា។

ធុងទឹក ឬស្នូកទឹកដែលដាក់ឲ្យពពែផឹក ត្រូវព្យួរត្រឹមកវាគឺកំពស់ប្រហែល០,៦ម៉ែត្រ ដើម្បីធ្វើឲ្យពពែងាយស្រួលផឹក និងមិនធ្វើឲ្យទឹកកខ្វក់(ជៀសវាងពពែជុះអាចម៍ដាក់)។ ក្នុងការលែងឲ្យស៊ីលើវាលស្មៅត្រូវប្រុងប្រយ័ត្នកុំឲ្យពពែផឹកទឹកកខ្វក់ដែលជាប្រភពចំលងមេរោគ និងជំងឺផ្សេងៗ។

១០. ការថែទាំពពែ

  • ពពែដែលមានសុខភាពល្អអាចលូតលាស់ល្អ ផលិតកូនបានទៀងទាត់ក្នុងរយៈពេលខ្លី និងផ្តល់នូវផលិត​ផលបានយូរ
  • ហ្វូងពពែត្រូវមានសុខភាពល្អ ដើម្បីឲ្យការចិញ្ចឹមពពែទទួលនូវកំរៃ។

នៅពេលដែលកសិករចិញ្ចឹមពពែធ្វេសប្រហែស ដូចជា៖

  • ទ្រុង និងចំណីកខ្វក់ នាំឲ្យឆ្លងមេរោគ និងជំងឺផ្សេងៗ
  • ផ្តល់ចំណីមិនបានល្អ ធ្វើឲ្យពពែចុះខ្សោយ និងកូនរបស់វាខ្សោយ
  • ប៉ារ៉ាស៊ីតលើស្បែក (ចៃ) នាំឲ្យកើតជំងឺ និងធ្វើឲ្យខូចស្បែក
  • ប៉ារ៉ាស៊ីតខាងក្នុង (ព្រូន) ធ្វើឲ្យលូតលាស់យឺត និងស្រកទំងន់
  • ការគ្រប់គ្រងមិនល្អ ធ្វើឲ្យផលិតផលថយចុះ និងងាប់។

ការខាតបង់ខាងលើនេះអាចជៀសវាងបានយ៉ាងពិតប្រាកដ ឬអាចកាត់បន្ថយបានដោយមានវិធានការងាយស្រួល ដែលកសិករចិញ្ចឹមពពែអាចអនុវត្តខ្លួនឯងបាន។

ការចំណាយអស់តិចបំផុតនិងមានប្រសិទ្ធភាពច្រើនក្នុងការថែរក្សាហ្វូងពពែឲ្យមានសុខភាពល្អ៖

  • ធ្វើអនាម័យឲ្យបានហ្មត់ចត់បំផុត ទាំងក្នុងនិងជុំវិញទ្រុងពពែ
  • ត្រួតពិនិត្យពពួកប៉ារ៉ាស៊ីតខាងក្រៅ (ចៃ)
  • ត្រួតពិនិត្យពពួកប៉ារ៉ាស៊ីតខាងក្នុង (ព្រូន)
  • ផ្តល់ចំណីបានល្អ និងគ្រប់គ្រងបានល្អ
  • ត្រួតពិនិត្យរាល់ថ្ងៃនូវហ្ងូងពពែទាំងមូល
  • ប្រុងប្រយ័ត្នទាន់ពេលវេលា។

អ្នកចិញ្ចឹមពពែដែលមិនធ្វេសប្រហែសចំពោះការថែទាំសុខភាពរបស់ពពែ និងធ្វើតាមវិធានការនៃការអនុវត្តន៍ត្រឹមត្រូវដូចជាៈ ការផ្តល់ចំណី និងការលែងឲ្យស៊ីលើវាលស្មៅ មិនសូវត្រុវការបសុពេទ្យព្យាបាលប៉ុន្មានទេ។ ដូច្នេះអាចជៀសវាងនូវការខាតបង់ និងការចំណាយដែលមិនចាំបាច់។

១០.១. ការថែទាំ និងធ្វើអនាម័យ

+ ការសំអាតស្នូកទឹក និងស្នូកចំណីប្រចាំថ្ងៃ មិនត្រូវឲ្យពពែស៊ីនូវចំណីដែលសល់ចោលទេ ចំណីទាំងនេះត្រូវតែយកចេញ និងសំអាតស្នូកឲ្យបានហ្មត់ចត់។ ម្យ៉ាងទៀតចំណីដែលសល់ក្នុងស្នូកធ្វើឲ្យចំណីថ្មីស្អុយខូចចោល បើសត្វស៊ីវាបណ្តាលឲ្យខូចសុខភាព។

+ ការបោសសំអាតទ្រុងប្រចាំថ្ងៃ ក្នុងការបោសសំអាតចាំបាច់ណាស់ក្នុងការពិនិត្យដង្កូវ។កាកសំណល់ភាគច្រើនត្រូវបានស្រក់តាមប្រហោងរនាបទៅក្រោម កាកសំណល់ខ្លះទៀត ដែលជាប់នឹងរនាបត្រូវសំអាតចេញ។កន្លែងដែលពពែឈរ ច្រើនកខ្វក់និងជាប់នូវមេរោគផ្សេងៗ ដែលចាំបាច់ត្រូវតែលាងសំអាតឲ្យបានហ្មត់ចត់។

+ ការប្រមូល និងកើបលាមកសត្វ លាមកសត្វគួរតែប្រមូលសំរាប់ធ្វើជីកំប៉ុស្ត​ ឬលក់ចន្លោះពេលដ៏ខ្លី ដើម្បីជៀសវាងការចំលងជំងឺ និងប៉ារ៉ាស៊ីតទៅកសិដ្ឋានផ្សេងទៀតនិងទៅដល់ការរស់នៅរបស់មនុស្ស។ លក្ខណៈងាយស្រួលក្នុងការរក្សាបរិវេណឲ្យស្អាត​អ្នកអាចធ្វើរបងព័ទ្ធជុំវិញខាងក្រោមក្រោល។ លាមកពពែគឺជាជីដ៏ល្អ​ កសិករអាចរកកំរៃបានពីការលក់ជីនេះ។ ជីដែលបានមកពីលាមកពពែសំបូរទៅដោយ អាហ្សូត និងហ្វួសហ្វ័រ ជាងជីដែលបានមកពីលាមកគោ និងក្របី។

ការតំរឹមក្រចកជើងពពែ

  • ការតំរឹមក្រចកជើងជាការចាំបាច់សំរាប់ការរស់នៅដ៏ស្រួលរបស់ពពែ
  • ការតំរឹមក្រចកជើងមានសារៈសំខាន់សំរាប់សុខភាពសត្វ។

ការតំរឹមក្រចកជើងនេះត្រូវការជាពិសេសសំរាប់ពពែដែលចិញ្ចឹម និងផ្តល់ចំណីក្នុងទ្រុង និងក្នុងកំឡុងពេលរដូវភ្លៀង។ កសិករអាចប្រើកាំបិតមុតតំរឹមក្រចកជើងពពែដោយខ្លួនគាត់ផ្ទាល់ យ៉ាងតិចបំផុតក្នុង ១ខែម្តងជាពិសេសក្រចកជើងពពែបាដែលទុកពូជត្រូវត្រួតពិនិត្យឲ្យបានទៀងទាត់។ កសិករដែលពុំធ្លាប់អនុវត្តដោយខ្លួនឯងពីមុនមក អាចត្រូវបានបង្ហាត់ពីអ្នកដែលមានបទពិសោធន៍ ឬបសុពេទ្យ។

ក្រចកជើងពពែដែលលូតលាស់ហួសអាចបណ្តាលឲ្យ៖

  • ឈឺចាប់នៅពេលដើរ
  • ធ្វើឲ្យខូចទ្រង់ទ្រាយជើង
  • ឆ្លងមេរោគ (ក្រចកពណ៌ក្រហម)
  • ខូច របើកក្រចក ឬរឹងជើងពិបាកដើរ
  • ចំពោះពពែបា គឺគ្មានចំណង់ពាក់មេ។

ហើយជាលទ្ធផលដែលបានមកពីបញ្ហាខាងលើនេះ នាំឲ្យពពែ៖

  • បន្ថយសកម្មភាពរបស់វាលើវាលស្មៅ និងបន្ថយការស៊ីចំណី
  • ការផលិតទឹកដោះថយចុះ​ និងបន្ថយការលូតលាស់។

កាត់តំរឹមក្រចកជើងបង្កលក្ខណៈងាយស្រួលនៅពេលព្រឹក ដែលនៅពេលនោះក្រចកជើងមានភាពទន់។

១១. ជំងឺ

នៅពេលសំគាល់ឃើញសត្វឈឺ អ្នកត្រូវតែ៖

  • បំបែកសត្វឈឺចេញពីហ្វូងជាបន្ទាន់
  • អនុវត្តន៍នូវវិធានការ ការពារនិងព្យាបាលជំងឺ
  • ករណីចាំបាច់ហៅបសុពេទ្យ។

១១.១. ក្រចកពណ៌ក្រហម

ជំងឺក្រចកក្រហម គឺជាការឆ្លងមេរោគនៅត្រង់ក្រចក ហើយអាចបណ្តាលឲ្យសត្វរឹងជើងដើរមិនរួច។ ក្នុងករណីនេះបណ្តាលមកពី៖

  • ការគ្រប់គ្រងធ្វេសប្រហែស និងការតំរឹមក្រចកមិនបានត្រឹមត្រូវ
  • លែងឲ្យស៊ីលើវាលស្មៅសើម
  • ដាក់ពពែក្នុងទ្រុងសើម។

រោគសញ្ញា

  • ជើងឡើងហើមធំ
  • រឹងជើងដើរមិនរួច ដំបូងមានលក្ខណៈតិចតួច បន្ទាប់មកកើនឡើងយ៉ាងឆាប់រហ័ស
  • ក្រចកជើងមានក្លិនស្អុយ។

ការការពារ

  • ការគ្រប់គ្រងល្អ
  • ត្រួតពិនិត្យក្រចកជើង និងតំរឹមឲ្យបានទៀងទាត់
  • កំរាលខាងក្រោមនៃទ្រុងត្រូវស្ងួត
  • ជៀសវាងការលែងឲ្យស៊ីលើវាលស្មៅសើម។

ការព្យាបាល

  • ចិតក្រចករហូតដល់ឃើញកន្លែងដែលឆ្លងមេរោគ
  • ព្យាបាលរបួសដោយដាក់ជើងសត្វត្រាំក្នុងល្បាយថ្នាំ៖
  • ល្បាយ ១០% ទង់ដែងស៊ុលហ្វាត (copper sulphate)
  • ល្បាយ ១០%​ ហ្វមម៉ាលីន (formalin)
  • ប្រើអង់ទីបីយ៉ូទិចរុំដំបៅជាការចាំបាច់
  • ត្រូវតែរុំរបួសជើង
  • ត្រូវប្តូរសត្វដែលរបួសទៅកន្លែងស្ងួត
  • ព្យាបាលឡើងវិញដដែលៗ រហូតទាល់តែរបួសជាសះស្បើយ។

១១.២. ការថែទាំ ព្យាបាលមុខរបួសតូច និងបូស

ក្នុងពេលលែងឲ្យស៊ីលើវាលស្មៅ និងក្នុងទ្រុងពពែអាចរងរបួសដូចជា របកស្បែក ឬដំបៅ។ ការគ្រោះថ្នាក់នេះអាចបណ្តាល​មកពីបន្លានៃគុម្ពោតព្រៃ ដោយជល់គ្នា ឬដោយគ្រោះថ្នាក់ផ្សេងៗ។ វាជាការសំខាន់ណាស់ដែលដឹងអំពីមុខរបួស ឬដំបៅបែបនេះទាន់ពេលវេលា។ប្រសិនបើអ្នកមិនប្រុងប្រយ័ត្ន ដំបៅតូចនឹងក្លាយជាដំបៅធំ ហើយនិងមានសភាពធ្ងន់ធ្ងរ។ អាស្រ័យហេតុនេះ៖

  • អ្នកចិញ្ចឹមពពែត្រូវតែប្រុងប្រយ័ត្នត្រួតពិនិត្យហ្វូងពពែរៀងរាល់ថ្ងៃ
  • មុខរបួសតូច ឬធំត្រូវតែព្យាបាលជាបន្ទាន់។

វិធានការសំខាន់បំផុតសំរាប់ព្យាបាលមុខរបួស

  • ដៃ សំភារៈផ្សេងៗសំរាប់ព្យាបាល និងសំឡីដាច់ខាតត្រូវតែស្អាត
  • មុខរបួសជើងដែលមានហូរឈាម និងរបួសជើង ត្រូវការការប្រុងប្រយ័ត្ន។

ជាដំបូងត្រូវកាត់សក់ ឬរោមដែលនៅជុំវិញមុខរបួស ហើយត្រូវយកកំទេចកំទី ធូលី ខ្សាច់ ដង្កូវ។ល។ ចេញពីមុខរបួស។មុខរបួសត្រូវតែសំអាតឲ្យបានហ្មត់ចត់ដោយថ្នាំសំលាប់មេរោគ ដោយប្រើដង្កាប់ ឬតំបៀត និងសំឡី។

បូសត្រូវទំលុះបើកមុខវាដោយប្រើកាំបិតមុត ហើយខ្ទុះត្រូវច្របាច់យកចេញឲ្យអស់ដោយថ្នមៗ។ បន្ទាប់មកមុខរបួសត្រូវលាងសំលាប់មេរោគដោយប្រើទឹកថ្នាំ និងសំឡីស្អាត។ ចុងបញ្ចប់មុខរបួសត្រូវរុំវាដោយលាប អង់ទីប៊ីយ៉ូទិច ឬតេត្រាស៊ីគ្លីន។ ការព្យាបាលនេះត្រូវធ្វើដដែលៗឡើងវិញជាច្រើនដងរហូតដល់មុខរបួសជាទាំងស្រុង។មុខរបួស ឬបូសដែលមានសភាពធ្ងន់ធ្ងរខ្លាំងត្រូវតែព្យាបាលដោយបសុពេទ្យ។

របួសហូរឈាម

  • បង្អាក់ការហូរឈាមត្រង់មុខរបួស
  • ប្រើបង់រុំមុខរបួសឲ្យតឹង
  • សង្កត់លើមុខរបួស និងដាក់ទឹកកកពីលើ (ក្នុងករណីហូរឈាម)
  • ក្នុងករណីចាំបាច់ហៅបសុពេទ្យឲ្យដេររបួស
  • សំលាប់មេរោគ និងរុំមុខរបួសដោយប្រើម្សៅអង់ទីប៊ីយ៉ូទិច។

ពស់ចឹក

  • ជាដំបូងទុកឲ្យរបួសហូរឈាម
  • បន្ទាប់មកយកបង់រិតពីលើមុខរបួសឲ្យតឹង
  • បង្អាក់កុំឲ្យឈាមហូរ
  • ហៅបសុពេទ្យ (បន្សាបជាតិពិស)
  • ចុងបញ្ចប់ សំលាប់មេរោគ និងរុំមុខរបួសដោយប្រើម្សៅអង់ទីប៊ីយ៉ូទិច។

១១.៣. ប៉ារ៉ាស៊ីតខាងក្រៅ

គឺជាពពួកសត្វដែលរស់នៅលើស្បែក ឬលើរោមរបស់ពពែ ហើយជាទូទៅច្រើនធ្វើឲ្យមានបញ្ហាដល់ហ្វូងពពែ។ ពពួកប៉ារ៉ាស៊ីតខាងក្រៅអាចបណ្តាលឲ្យខាតបង់ថវិកាច្រើន៖

  • នៅតាមស្បែកដែលរបួស ដែលអាចនាំឲ្យ៖
  • របួសធ្ងន់ធ្ងរ ឆ្លងមេរោគផ្សេងៗ
  • ធ្វើឲ្យស្បែកអន់ និងតំលៃរបស់វាថយចុះ។
  • តាមរយៈការបញ្ជូនឈាមប៉ារ៉ាស៊ីតបណ្តាលឲ្យពពែកើតជំងឺធ្ងន់ធ្ងរផ្សេងទៀត ទាំងអស់នេះធ្វើឲ្យពពែស្រកទំងន់ ចុះខ្សោយទៅៗ ហើយអាចងាប់។ ប៉ារ៉ាស៊ីតខាងក្រៅអាចដឹងបានដោយងាយស្រួល ដោយទាមទារការត្រួតពិនិត្យហ្វូងសត្វឲ្យបានទៀងទាត់ ជាពិសេសក្នុងត្រចៀករបស់ពពែត្រូវពិនិត្យឲ្យបានហ្មត់ចត់ ព្រោះត្រង់កន្លែងនេះសំបូរទៅដោយចៃច្រើន។ ជួនកាលស្នាមរបួសនៅចន្លោះក្រចកជើងបណ្តាលមកពីចៃ ដែលក្រោយមកធ្វើឲ្យឆ្លងមេរោគ របួសបែបនេះអាចធ្វើឲ្យពពែរឹងជើងដើរមិនរួច។

អង្គែរ

អង្គែរជាជំងឺសើរស្បែកម៉្យាងបណ្តាលមកពីចៃ​(mites) វាធ្វើឲ្យសក់ និងស្បែកប្រែប្រួល។ចំពោះអង្គែរស្បែកវាស៊ីរូងទំលុះស្បែកហើយពងនៅទីនោះ។ ពពែមានចៃវានៅមិនស្ងៀម ស្បែក​វារោលក្រហាយខ្លាំង​ពីព្រោះបណ្តាលមកពីការរមាស់ ពពែត្រដុសខ្លួនវាជាញឹកញាប់ ហើយខាំស្បែករបស់វា។ រោមសត្វឡើងគ្រើម មិនស្មើ ហើយបះ ដោយមានជ្រុះរោម និងស្បែកឡើងក្រហម។ ប្រសិន​បើអ្នកមិនប្រុងប្រយ័ត្នក្រោយមកនឹងធ្វើឲ្យស្បែករបស់វាស្តើង ពេលខ្លះមានស្នាមរលាត់ និងធ្វើឲ្យពពែមានការឈឺចាប់។ ពពែដែលទទួលរងនូវបញ្ហានេះធ្វើឲ្យវាស្រកទំងន់ រស់នៅក្នុងលក្ខ័ខ័ណ្ឌដ៏លំបាក ហើយអាចបណ្តាលឲ្យវាស្លាប់ផងដែរ។

ប្រភព សៀវភៅ ការចិញ្ចឹមពពែជាលក្ខណៈគ្រួសារនៅកម្ពុជា (អង្គការសេដាក)

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)