លោក ប៉ោ សេដ្ឋា «សំណល់ផ្ទះបាយ អាចចិញ្ចឹមត្រីអណ្តែងជាលក្ខណៈគ្រួសារបានយ៉ាងងាយ»

ត្រីអណ្តែង គឺជាត្រីមួយប្រភេទងាយស្រួលចិញ្ចឹម ពីព្រោះវាធុននឹងជំងឺ បរិស្ថាន និងស៊ីចំណីមិនសូវរើស។ លោក ប៉ោ សេដ្ឋា ជាអ្នកចិញ្ចឹមត្រីអណ្តែងក្នុងអាងតង់កៅស៊ូ នៅក្នុងផ្ទះល្វែងវីឡាកូនកាត់ នារាជធានីភ្នំពេញ ដោយយកកាកសំណល់ផ្ទះបាយធ្វើជាចំណីត្រី បានផ្តល់នូវបទពិសោធន៍ចិញ្ចឹមត្រីអណ្តែងជាក់ស្តែងមួយចំនួនដូចខាងក្រោម។

១. ទីតាំង និងអាងតង់កៅស៊ូ

ទីតាំងចិញ្ចឹមស្ថិតនៅផ្នែកខាងក្រោយផ្ទះ ពោលគឺជាប់នឹងបង្អួចដែលនៅក្បែរតុបាយ គ្រាន់តែខណ្ឌដោយជញ្ជាំងប៉ុណ្ណោះ ហើយមានប្រភពទឹក (ទឹកស្អាត)។ លោក ប៉ោ សេដ្ឋា បានផ្តល់យោបល់ថា បើទីតាំងស្ថិតនៅឆ្ងាយបន្តិចពីតុបាយគឺកាន់តែល្អ។

អាងកៅស៊ូតង់ គឺស៊ុមអាងធ្វើពីទុយយោទឹកជ័រ (PVC) ដែលទុយយោនោះទំហំប៉ិនកដៃ ដោយមានរនាមឫស្សីចងស្រាក់បន្ថែមដើម្បីឲ្យមាំទប់នឹងសំពាធទឹក។ តង់កៅស៊ូដេរអ៊ុតទំហំ បណ្តោ២,៥ម៉ែត្រ ទទឹង០,៩ម៉ែត្រ  ជំរៅ០,៨ម៉ែត្រ មានចោះកងផ្នែកជាយខាងលើដើម្បីចងស្រាក់ជាប់នឹងស៊ុម PVC ។ ផ្នែកខាងលើណាមួយនៃតង់កៅស៊ូត្រូវចោះរន្ធតូចៗ​កឹបកងចំនួន៥ (រន្ធនេះគួរចោះឃ្លាតពីមាត់លើចុះក្រោមចំងាយ២តឹក និងដាក់សំណាញ់បាំងកុំឲ្យកូនត្រីចេញបាននៅ​ពេលទឹកឡើងដល់) សំរាប់ឲ្យទឹកហូរចេញក្នុងករណីយើងបូមទឹកដាក់ហើយភ្លេចបិទ ឬទឹកភ្លៀងស្រក់ចូល និងត្រូវមានរន្ធបិទបើកបាននៅផ្នែកខាងក្រោមងាយស្រួលបង្ហូរទឹកចេញ។ រន្ធទាំងខាងលើនិងក្រោមនេះ ត្រូវចោះកន្លែងណាដែលទឹកហូរចេញមកក្រៅត្រូវនឹងទិសដែលយើង​ចង់បានឲ្យវាហូរ។ ចំណែកកូនត្រីអណ្តែងដាក់ចិញ្ចឹមមានចំនួន៣០០ក្បាល។

២. ចំណាត់ថ្នាក់ចំណីដែលត្រីអណ្តែងចូលចិត្តស៊ី

 ល.រ.  ឈ្មោះចំណី ចំណាត់ថ្នាក់ចំណីដែលត្រីអណ្តែងចូលចិត្តស៊ី
មធ្យម បង្គួរ ណាស់
០១ ពោះត្រី កង្កែប… ណាស់
០២ ជ្រក់បន្លែ បង្គួរ
០៣ បន្លែឆ្អិន (សល់ពីសម្ល ឆា) ណាស់
០៤ នំបុ័ងដើម បង្គួរ
០៥ នំបុ័ងបន្ទះ (នំបុ័ងសាំងវិច) ណាស់
០៦ នំប៉ាវ ណាស់
០៧ នំពងទា ណាស់
០៨ ពងទាចៀន ណាស់
០៩ ត្រីអាំង (សាច់ និងស្បែក) ណាស់
១០ សាច់ជ្រូក គោ ត្រី… (ចៀន) ណាស់
១១ ត្រឡនតនអាំង ចៀន ណាស់
១២ ស្បែកជ្រូកឆ្អិន ណាស់
១៣ ជ្រក់ត្រចៀកជ្រូក ណាស់
១៤ ជ្រក់ស្ពៃកំប៉ុង ណាស់
១៥ សំណល់ត្រឡាច (សល់ពីសម្លត្រឡាច) ណាស់
១៦ ត្រយូងចេកឆ្អិន (សល់ពីសម្លម្ជូរត្រយូងចេក) ណាស់
១៧ សំបកដើមចេកឆ្អិន (សល់ពីសម្លម្ជូរដើមចេក) ណាស់
១៨ ស្លឹកស្អំខ្ចី បង្គួរ
១៩ ត្រកួន (កាត់តូចៗ) បង្គួរ
២០ ជន្លង់ (កាត់តូចៗ) មធ្យម
២១ ស្ពៃខ្មៅ មធ្យម
២២ ស្ពៃក្រញាញ់ (កាត់តូចៗ) មធ្យម
២៣ ស្រមោច ណាស់
២៤ អង្រ្កង ណាស់
២៥ ជន្លេន ណាស់
២៦ សត្វល្អិតគ្រប់ប្រភេទ ណាស់
២៧ កំពឹសឆ្អិន ណាស់
២៨ បាយស មធ្យម
២៩ បាយស លាយជាមួយទឹកខផ្សេងៗ បង្គួរ
៣០ បាយឆា ណាស់
៣១ មីឆា ណាស់
៣២ លតឆា ណាស់
៣៣ គុយទាវ ណាស់
៣៤ បាញ់ឆេវ បង្គួរ
៣៥ ជីត្រចៀកជ្រូក មធ្យម
៣៦ ស្លឹកបាស មធ្យម
៣៧ កំប្លោក (កាត់តូចៗ) មធ្យម
៣៨ ពោតលីង បង្គួរ
៣៩ សាច់ផ្លែឪឡឹកទុំ បង្គួរ
៤០ សាច់ផ្លែស្វាយទុំ បង្គួរ
៤១ សាច់ផ្លែល្ហុងទុំ មធ្យម
៤២ ចំណីគ្រាប់ (លក់នៅផ្សារ) បង្គួរ
៤៣ ស្លឹកទន្ទ្រានខែត្រ មធ្យម
៤៤ ផ្លែប៉ោម មធ្យម
៤៥ ស្លឹកម្រុំ បង្គួរ
៤៦ ផ្សិតផ្ចាក់ឆ្អិន (សល់ពីសម្លម្សៅផ្ចាក់) បង្គួរ
៤៧ ផ្លែត្រសក់ (ចិតជាចំណិតតូចៗ) បង្គួរ
៤៨ ស្លឹក និងដើមឆាយា (យកល្អគួរចំអិន) បង្គួរ
៤៩ ស្លឹកជន្លង់ (អាន់ឲ្យតូចៗ) មធ្យម
៥០ សាច់ផ្លែដូង (ហាន់ឲ្យតូចៗ) បង្គួរ
៥១ ផ្កាស្នោ បង្គួរ
៥២ ម៉ាំល្ហុង មធ្យម
៥៣ សាច់ផ្លែស្រកានាគទុំ មធ្យម
៥៤ ផ្លែននោង (ហាន់តូចៗ) បង្គួរ
៥៥ ជីនាងវង មធ្យម

៣. ការថែទាំ និងការប្រមូលផល

  • ឧស្សាហ៍ប្តូរទឹក បើមិនងាយប្តូរទេវាជះក្លិនមិនល្អ ពិសេសអាង ឬរណ្តៅចិញ្ចឹមត្រីនៅជិតផ្ទះ (កន្លែងហូបបាយ កន្លែងសំរាក កន្លែងដេក…) និងប៉ះពាល់ដល់សុខភាពត្រី។
  • ពេលដាក់ចំណីគឺត្រីដណ្តើមគ្នាស៊ី ដូច្នេះត្រូវយកឆ្អឹងឬវត្ថុរឹងចេញ បើពុំនោះទេត្រីនឹងស៊ី ហើយអាចនឹងងាប់ជាមិនខាន។
  • កុំដាក់ចំណីច្រើនពេក (ដាក់ល្មមត្រីស៊ីអស់) ពីព្រោះបើចំណីនៅសល់នាំឲ្យខូចគុណភាពទឹក និងប៉ះពាល់ ដល់សុខភាពត្រី។
  • ចំណីណាមានខ្លាញ់ច្រើន គួរលាងខ្លាញ់ចេញចាំដាក់ឲ្យត្រីស៊ី។ ធ្វើដូចនេះដើម្បីកុំឲ្យទឹកកង្វក់។
  • ចំណីខ្លះដាក់ទៅគឺត្រីមិនស៊ីភ្លាមទេ ប៉ុន្តែនៅពេលវាឃ្លាន វាពិតជាស៊ីមិនខានឡើយ។
  • ចំណីដែលរៀបរាប់ក្នុងតារាងខាងលើ គឺសុទ្ធតែកាកសំណល់ផ្ទះបាយ។ សំណល់ណាដែលខូចគុណភាពខ្លាំងពេក គួរកុំដាក់ឲ្យត្រីស៊ី ពីព្រោះវាអាចនាំឲ្យប៉ះពាល់ដល់សុខភាពត្រី។
  • ចិញ្ចឹមបានរយៈពេល៣ខែ អាចចាប់បរិភោគបានជាបណ្ដើរៗ (ត្រូវចាប់ត្រីណាធំពេកជាងគេ ដើម្បីកុំឲ្យវារំខាន ឬស៊ីត្រីតូចៗគ្នាវា)។

៤. យោបល់របស់លោក ប៉ោ សេដ្ឋា

  • មានទីតាំងសមស្រប និងទឹកគ្រប់គ្រាន់ គួរចិញ្ចឹមត្រីអណ្តែង ដែលនាំឲ្យយើងសប្បាយនឹងការចិញ្ចឹម មានបទពិសោធន៍ និងចំណេះដឹង រួចចែកចាយទៅអ្នកជិតខាង និងក្មេងជំនាន់ក្រោយ។
  • បើមានបច្ចេកទេសបូមទឹកចេញពីអាងដោយប្រើសំពាធទឹក ឬខ្យល់ រួចបន្សុទ្ធទឹកទំលាក់ចូលមកក្នុងអាងវិញ ដោយមិនចំណាយលុយប្រចាំខែ ឬចំណាយលុយតិចគឺកាន់តែប្រសើរ ពីព្រោះវាមិនអស់ថ្លៃភ្លើង អគ្គិសនី និងថ្លៃទឹក។
  • បើបងប្អូនចេះច្នៃធ្វើអាងចិញ្ចឹមត្រីយ៉ាងណាអស់តម្លៃថោក គឺកាន់តែប្រសើរ។
  • ចំណី សាច់ បន្លែ…ដែលមិនបានរៀបរាប់ក្នុងតារាងខាងលើ ខ្ញុំជឿថាត្រីអណ្តែងក៏ស៊ីដែរ គឺគ្រាន់តែស៊ីតិចឬច្រើនប៉ុណ្ណោះ។
  • ប្រជាពលរដ្ឋខ្មែរជាង៩០% កាន់ព្រះពុទ្ធសាសនា ដូច្នេះពេលចូលវ័យចាស់ និងក៏មានក្មេងខ្លះមិនហ៊ានចិញ្ចឹមសត្វ ពិសេសសម្លាប់សត្វសម្រាប់បរិភោគឡើយដោយខ្លាចបាបកម្ម។ គួរកុំគិតរឿងបុណ្យបាបក្នុងករណីនេះពេក។ ចិញ្ចឹមបានត្រីធម្មជាតិហូបមិនប៉ះពាល់សុខភាព និងហូបត្រីប៉ះពាល់សុខភាព (ដោយជឿបុណ្យបាប) តើជ្រើសរើសយកមួយណា? រឿងសុខភាព និងបច្ចុប្បន្នភាព គឺជារឿងសំខាន់បំផុត៕

រក្សា ខ្មែរ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)