អាមីដុង, ប្រេង ខ្លាញ់, វីតាមីនអា ឬជីវជាតិអា, វីតាមីនបេ, វីតាមីនសេ

អាមីដុង  ជាអាហារដ៏ចំបង និងជាប្រភពផ្តល់ថាមពលដ៏សំខាន់ដល់រាងកាយយើង។ អាមីដុង ឬពពួកជាតិម្សៅនេះមានច្រើននៅក្នុងអង្ករ ពោត ដំឡូង។ល។

ប្រេង ខ្លាញ់   គឺជាអាហារថាមពលហើយក៏ជួយរក្សាស្បែកឲ្យរលោង និងមានសុខភាពល្អ។ យើងបានប្រេងពីគ្រាប់ធញ្ញជាតិ ដូចជាគ្រាប់សណ្តែកដី សណ្តែកសៀង ល្ងរ គ្រាប់ផ្កាឈូករ័ត្ន និងត្រី សាច់ ស៊ុត​ ទឹកដោះគោក៏មានជាតិប្រេងដែរ។

វីតាមីនអា ឬជីវជាតិអា   ជួយឲ្យភ្នែកភ្លឺល្អមើលឃើញច្បាស់។ ប្រភពដ៏ល្អបំផុតសំរាប់ជីវជាតិអា គឺស្លឹកបន្លែពណ៌បៃតងមានដូចជាត្រកួន ផ្ទី ស្ពៃ ផ្លែឈើដែលមានពណ៌លឿង ដំឡូងជ្វាពណ៌លឿង ស៊ុត ឬថ្លើមសត្វ។ល។

វីតាមីនបេ  ជួយដល់ស្បែក ភ្នែក សរសៃប្រសាទ និងឈាម។ ការខ្វះជីជាតិបេ អាចបណ្តាលឲ្យខ្វះឈាម ខ្សោយកំលាំង ស្បែកស្ងួតក្រៀម ហើមខ្លួន ព្រមទាំងពុំមានប្រាជា្ញស្មារតីល្អផង។ ជីវជាតិបេ ស្ថិតនៅក្នុងស្លឹកបន្លែ អង្ករ សាច់សត្វ និងថ្លើមសត្វជាដើម។

វីតាមីនសេ ​ ជំនួយក្នុងការការពារទប់ទល់នឹងជំងឺផ្សេងៗជួយឲ្យការមុត ឬរបួសផ្សេងៗឆាប់ជាសះស្បើយ និងជួយឲ្យអញ្ចាញធ្មេញបានល្អ។ ប្រភពដ៏ល្អសំរាប់ជីវជាតិសេ គឺបន្លែយកស្លឹក (ស្ពៃ ត្រកួន…) ផ្លែត្របែក ល្ហុង ក្រូចពោធិ៍សាត់ ក្រូចថ្លុង ក្រូចឆ្មារ​។ល។

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)