ដំណេកគ្រាប់, អំប៊្រីយ៉ុង, អាហារចំបង, អាហារបន្ទាប់បន្សំ, វីតាមីន

ដំណេកគ្រាប់  ត្រូវបានលោកពូ យា ដែលជាប្រធានក្រុមសន្សំប្រាក់នៅស្រុកល្វាឯម ខេត្តកណ្តាល បាន​ពន្យល់កសិករគ្នាគាត់ថា «ដំណេកគ្រាប់ ឬគ្រាប់ស្រូវដេក គឺជាគ្រាប់ស្រូវដែលទុំភ្លាមៗវាពុំដុះពន្លកទេ ទោះវាត្រូវទឹក ឬសំណើមក្រោមអាកាសធាតុសមស្រប ដែលអាចឲ្យវាដុះបានយ៉ាងណាក៏ដោយក៏វាពុំដុះដែរ»។ គ្រាប់ស្រូវ ដេកអាចមានអាយុកាលរហូតដល់៨០ថ្ងៃ។

ចំពោះការពន្យល់របស់អ្នកបច្ចេកទេស  បានន័យថា បណ្តូលគ្រាប់ (អំប៊្រីយ៉ុង) ដែលនៅក្នុងគ្រាប់នោះ វាគ្មាន​សកម្មភាពអ្វីទាំងអស់ គឺវាមិនដុះពន្លកទេនៅក្នុងលក្ខខណ្ឌមិនសមស្របដូចជា (ពុំមានទឹក ពន្លឺ និងខ្យល់ចេញ​ចូល​គ្រាប់​គ្រាន់)។ តែក្នុងរយៈពេលមួយមានលក្ខខណ្ឌសមស្របដូចជា មានកំដៅគ្រប់គ្រាន់ មានទឹកគ្រប់គ្រាន់ មាន​ពន្លឺគ្រប់គ្រាន់ មានខ្យល់គ្រប់គ្រាន់ អាចធ្វើឲ្យគ្រាប់ដុះពន្លកបាន មានន័យថា បណ្ដូលគ្រាប់ ឬអំប៊្រីយ៉ុង មាន​សកម្ម​ភាព ករណីនេះហៅថា ការដុះដំណេកគ្រាប់។

អំប៊្រីយ៉ុង  គឺជាបណ្ដូលរបស់គ្រាប់។ នៅពេលលក្ខខណ្ឌសមស្រប មានទឹកសំណើម កំដៅគ្រប់គ្រាន់ ធ្វើឲ្យ​ពន្លកគ្រាប់ (ឬអំប៊្រី​យ៉ុង) ដុះទៅជាពន្លកឫស ពន្លកដើម ពន្លកស្លឹក និងត្រួយ។

អាហារចំបង  ជាអាហារដែលផ្តល់ថាមពលសំខាន់បំផុតជួយឲ្យយើងមានចលនានិងជួយបំពេញក្រពះ ​អាហារ​​ទាំងនេះសំបូរទៅដោយជាតិម្សៅ (ជាត់អាមីដុង)។ ឧ. ដូចជាអង្ករ ពោត ដំឡូង។ មនុស្សយើងម្នាក់ៗមិនអាចអត់​អាហារ​នេះបានឡើយ។

អាហារបន្ទាប់បន្សំ  ផ្តល់នូវជីវជាតិចំរុះ ជួយឲ្យយើងមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ សាច់ឈាមភ្លឺថ្លា។ អាហារបន្ទាប់បន្សំនេះសំបូរទៅដោយជាតិរ៉ែខនិជ វីតាមីន ប្រូតេអ៊ីន។ល។ ឧ. ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត អំបិល គ្រឿងទេស។

វីតាមីន  គឺជាពពួកជីវជាតិ ដែលជួយទ្រទ្រង់សារពាង្គកាយមនុស្ស និងសត្វ។ ជីវជាតិខ្លះទៀតជាឱសថដ៏​ប្រសើរសំរាប់ព្យាបាលជំងឺ។ ឧ. ពួកវីតាមីនអា មាននៅក្នុងបន្លែស្លឹកបៃតង និងលឿងដូចជា គារ៉ុត ស្ពៃ ត្រកួន​។ល។ ជីវជាតិអានេះជួយឲ្យភ្នែកយើងអាចមើលភ្លឺបានល្អ។ល។

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)