របៀបរៀបចំថ្នាលបណ្តុះ និងសាបគ្រាប់បន្លែ

ជាទូទៅ គ្រាប់ដំណាំភាគច្រើនដូចជា ល្ពៅ សណ្តែក ឃ្លោក ត្រឡាច ។ល។ គេដាំផ្ទាល់នៅក្នុងសួនដំណាំតែម្តង ប៉ុន្តែចំពោះដំណាំដែលមានគ្រាប់តូចៗ​ដូចជា សាលាដ ប៉េងប៉ោះ ស្ពៃជាដើម គេត្រូវបណ្តុះវាជាមុនសិន ទើបយកទៅស្ទូងនៅលើរង។ ដូច្នេះយើងគប្បីរៀបចំថ្នាលបណ្តុះកូនឲ្យបានល្អ ដើម្បីឲ្យកូនដំណាំដុះមករឹងមាំនិងមានសុខភាពល្អដែរ។

ថ្នាលដែលយើងបំរុងសាបគ្រាប់​ ត្រូវរៀបចំឲ្យបានស្អាតដោយដកយកសំរាម​ ថ្ម ក្រួស​​ ចេញពីថ្នាល  បណ្តុះ រួចលើករងឲ្យមានកំពស់​១តឹកកន្លះ។

នៅលើថ្នាលសាប​ យើងគួរលាយដីខ្សាច់ខ្លះ ដើម្បីជួយឲ្យដីជ្រាបទឹកបានល្អ កុំឲ្យដីដក់ទឹក ជៀសផុតពីការបំផ្លាញរបស់ជំងឺផ្សិត។ ដើម្បីសាបគ្រាប់ឲ្យបានដុះល្អ ត្រូវអនុវត្តតាមបច្ចេកទេសខាងក្រោម៖

ក) យើងសង្កត់ដីឲ្យហាប់ដោយយកបន្ទះក្តារមកដាក់លើថ្នាល។

ខ) បន្ទាប់មកទៀត យើងឆូតជាកន្លងនៅលើថ្នាលដោយគន្លងនិមួយៗមានជំរៅរាក់។

គ) ក្រោយពីឆូតហើយ យើងសាបគ្រាប់នៅតាមគន្លងនោះ រួចលុបដីសើរៗ

ឃ) បន្ទាប់ពីលុបដីមក យើងបង្ហាប់ដីឲ្យណែនដោយដាក់បន្ទះក្តារពីលើ  រួចឡើងជាន់សង្កត់លើបន្ទះក្តារនោះ។ ជាទីបញ្ចប់ យើងដកបន្ទះក្តារចេញ ហើយគ្របចំបើងឲ្យស្តើងៗ រួចស្រោចទឹកជាធម្មតា។ ការធ្វើរបៀបនេះគ្រាប់ដំណាំដុះបានល្អ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)