ការដាំដំណាំបន្លែស្ពៃខ្មៅ តាមរយៈការពិសោធន៏ដោយប្រើប្រាស់ជីធ្យូងអង្កាម និងកំប៉ុស្ត

បងស្រី អុក គន្ធា មានអាយុ ២៩ឆ្នាំ (ឆ្នាំ២០១៤) ជាកសិករក្នុងគម្រោង CCIG សព្វថ្ងៃគាត់រស់នៅភូមិថ្មរាប ឃុំពង្ រស្រុករលា​ប្អៀរ ខេត្តកំពង់ឆ្នាំង។ គាត់មានបទពិសោធន៏ទៅលើការដាំបន្លែស្ពៃខ្មៅដោយមានការប្រើប្រាស់ជីខុសគ្នាៗចំនួន ៤ប្លង់គឺ៖

  1. ប្លង់ទំលាប់(ប្រើកំប៉ុស្តគោក ធ្យូងអង្កាម និងកំប៉ុស្តទឹក)
  2. ប្លង់ប្រើធ្យូងអង្កាម និងកំប៉ុស្តទឹក
  3. ប្លង់ប្រើជីកំប៉ស្ដគោក និងកំប៉ុស្តទឹក
  4. ប្លង់ប្រើជីធ្យូងអង្កាម បូកកំប៉ុស្តគោក និងកំប៉ុស្តទឹក។

បច្ចេកទេសនៃការដាំ និងលទ្ធផលនៃការពិសោធន៏របស់គាត់មានបង្ហាញជូនដូចខាងក្រោម៖

១-របៀបនៃការសាប និងការរៀបចំដី

គាត់សាបនៅលើរានទំហំ ១ម x ១ម មុនគាត់សាបគឺយកគ្រាប់ទៅហាលថ្ងៃរយៈពេល ១៥នាទី នៅពេលចន្លោះម៉ោង ៨ ដល់ ៩ ព្រឹក។ រានបណ្តុះត្រូវកាប់ហាលដីរយៈពេល៣ថ្ងៃ ទើបដាក់ជីកំប៉ុស្ត រួចយកគ្រាប់ហាលរួចនោះមកសាបពីលើ និងស្រោចទឹក ចាប់ផ្តើមសាបថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤ ​រហូតកូនស្ពៃមានអាយុ១៥ថ្ងៃទើបដកយកដាំ។ ការសាបរង្វើលធ្វើឲ្យកូនស្ពៃដើមថ្លោសៗល្អ។

២-របៀបនៃការដាំដុះ

គាត់ដាំលើរានក្នុងផ្ទៃដី(៤ម x ១,២ម) ៤​ប្លង់ = ១៩,២ម2 ដោយកាប់ដីហាលរយៈពេល​៣ថ្ងៃ រួចដាក់ជីតាមប្លង់នីមួយៗសំរា​ប់ទ្រាប់បាត និងបំប៉ន។ រានដាំធ្វើពីដើមឫស្សី និងពីស៊ីម៉ង់ត៏ ដោយរានគឺសង់បណ្តោយថ្ងៃ ដើម្បីឲ្យបន្លែទទួលបានពន្លឺគ្រប់គ្រាន់ និងមានចន្លោះគុម្ពពីមួយទៅមួយ ១,៥តឹក ជ្រើសរើសតែកូនស្ពៃដែលថ្លោសៗមកដាំ ពេលដាំនៅពេលល្ងាច (ព្រោះត្រជាក់ មិនសន្លប់ និងអាចចាប់ឫសបាន) គឺដកកូនដាំថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤ ដាំកូនអាយុ១៥ថ្ងៃដូចគ្នា ផ្ទៃដីទំហំស្មើគ្នា ដាំថ្ងៃតែ​មួយ ដាក់ជីថ្ងៃតែមួយ និងចំនួនគីឡូជីស្មើគ្នា។ ការប្រើប្រាស់ជីមានដូចខាងក្រោម៖

ប្លង់ ចំនួនជីទ្រាប់បាត បំប៉នទី ១ កំប៉ុស្តទឹក
១. ទំលាប់ (ប្រើកំប៉ុស្តគោក ធ្យូងអង្កាម និងកំប៉ុស្តទឹក) ៦Kg ២Kg ៤ L
២. ប្លង់ប្រើធ្យូងអង្កាម និងកំប៉ុស្តទឹក ៦Kg ២Kg ៤L
៣. ប្លង់ប្រើជីកំប៉ស្ដគោក និងកំប៉ុស្តទឹក ៦Kg ២Kg ៤L
៤. ប្លង់ប្រើជីធ្យូងអង្កាម បូកកំប៉ុស្តគោក និងកំប៉ុស្តទឹក ៦Kg ២Kg ៤L
សរុប ២៤Kg ៨Kg ១៦L

៣-ការថែទាំ

  • ក្រោយដាំរួច ១៥ថ្ងៃ ទៅ ២០ថ្ងៃ ជ្រោយគល់ ដាក់ជី​ចំនួន ២ដង
  • ការស្រោចទឹកគឺធ្វើនៅពេលដាំរួច១ថ្ងៃ ២ដង (ពេលព្រឹក និងល្ងាច)
  • ដកស្មៅចំនួន២ដង នៅពេលស្ពៃដាំបាន ១០ថ្ងៃ និង ១៨ថ្ងៃ
  • គ្របតង់កៅស៊ូប្លាស្ទិចនៅពេលភ្លៀង ការពារទឹកភ្លៀងហូរខូចស្លឹកស្ពៃ រលួយគល់ និងការពារការហូរច្រោះជី
  • ពេលមានសត្វបំផ្លាញស៊ីដូចជា ដង្កូវស៊ីរូងដើម និងជាគូ ដោយប្រើថ្នាំពុលផ្សំពីធម្មជាតិ។ ចំពោះធាតុផ្សំ និងរបៀបផ្សំមានដូចខាងក្រោម៖

ក-ធាតុផ្សំៈ វល្លិបណ្តូលពេជ្រ ២គីឡូក្រាម, ផ្លែស្លាក់ ១គីឡូក្រាម, វល្លិកំបោរ ១គីឡូ​ក្រាម, ស្លឹកស្តៅ ១គីឡូក្រាម, កន្ទ្រានខែត្រ ១គីឡូក្រាម, មើមខ្ទឹមស ០,៥គីឡូក្រាម, វល្លិមាស ១គីឡូក្រាម, ត្រាំទឹកនោមគោចំនួន ៥លីត្រ។

ខ-របៀបធ្វើៈ ចិញ្រ្ចាំធាតុទាំងអស់ចូលគ្នាឲ្យល្អិតៗ រួចច្របល់ចូលគ្នាឲ្យសព្វជាមួយទឹកនោមគោ ត្រាំទុករយៈពេល៣០​ថ្ងៃ ទើបអាចប្រើបាន រហូតទឹកថ្នាំមិនមានចំហាយក្តៅ  កាច់មិនធំក្លិន ដោយ២ថ្ងៃកូរម្តង ក្នុងម្តងរយៈពេល៥នាទី។

គ-របៀបប្រើៈ ចំពោះការប្រើគឺយកទឹកថ្នាំ ១លីត្រ លាយជាមួយទឹកធម្មតា ៥លីត្រ បាញ់លើស្ពៃចំនួន៣​ដង គឺដាំបាន១០ថ្ងៃ បាញ់ម្តង, ១៧ថ្ងៃ បាញ់ម្តង និង២៣ថ្ងៃបាញ់ម្តង ពេលល្ងាច។

  • នៅពេលសាបត្រូវការពារស្រមោចស៊ី ឬ ពាំគ្រាប់ គាត់យកថ្នាំពុលខាងលើ លាយជាមួយសាប៊ូ ១​ក្តាប់ ក្រឡុកចូលគ្នារួចបាញ់ជុំវិញនៅខាងៗរានបណ្តុះកូនស្ពៃ។

៤-ការប្រមូលផល

ការប្រមូលផលគឺប្រមូលផលថ្ងៃតែមួយក្រោយពេលដាំបាន៤៥ថ្ងៃ រហូតដល់ថ្ងៃដក គឺថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៤ សរុបទិន្នផលដែលទទួលបានមានចំនួន ៥៥,៦គីឡូក្រាម។ គាត់ដកតាមរាននីមួយៗ គឺដកបណ្តើរកាត់ឫសផង ប្រឡេះធាងចាស់ និងដង្កូវស៊ីចេញ រួចយកទៅទុកមួយកន្លែង ដើម្បីលាងសំអាតដីចេញ និងវេចខ្ចប់យកទៅលក់នៅផ្សារអង្គការសេដាក។

៥-ការរក្សាទុកពូជ

គាត់ទុកពូជដោយខ្លួនឯង និងរដូវដែលអាចដាំស្ពៃទុកពូជបានគឺនៅរដូវប្រាំង ខែវិច្ឆិកា និង ខែធ្នូ ទើបល្អមិនមានភ្លៀង និងមិនមានសត្វបំផ្លាញគ្រាប់ ដាំស្ពៃរយៈពេល៣ខែទើបទុំ ដោយហាលថ្ងៃរយៈពេល៣០ថ្ងៃ (ពេលម៉ោង ៨-៩ព្រឹក ) ចងក្រណាត់ទុក ឬទុកក្នុងរបស់ដែលមានខ្យល់ចេញចូលបាន និងការពារខ្មូតស៊ី ដែលអាចទុកបានរហូត ១ឆ្នាំ ក៏មិនទាន់ខូចដែរ។ គ្រាប់ថ្មី ឬគ្រាប់ទុកបានរយៈពេលខ្លីគឺវាឆាប់ដុះ និងដុះច្រើនជាងគ្រាប់ចាស់។

៦. ការប្រៀបធៀបលទ្ធផលនៃការពិសោធន៏តាមប្លង់

ប្លង់ទី១ (ទំលាប់) ប្រើជីកំប៉ុស្តគោក ធ្យូងអង្កាម និងកំប៉ុស្តទឹកមាន៖

  • ​ផ្ទៃដី ៤ម x ១,២ម = ៤,៨ម2
  • លូតលាស់យឺត
  • ដើមតូចៗ
  • កំពស់ទាប
  • ​ជ្រាបទឹកលឿន
  • មិនសូវមានស្មៅច្រើន
  • សរុបទិន្នផលក្នុងប្លង់ទី១ មាន ១០,៦ គីឡូក្រាម

ប្លង់ទី២ (ការប្រើជីធ្យូងអង្កាមសុទ្ធ និងកំប៉ុស្តទឹក)

  • ផ្ទៃដី ៤ម x ១,២ម = ៤,៨ម2
  • លូតលាស់មធ្យម
  • ដើមធំៗមិនស្មើគ្នា
  • មិនសូវមានស្មៅ
  • ទឹកជ្រាបលឿន
  • គ្មានកើតរោគផ្សិតលើស្លឹក
  • ដីធូរ
  • សរុបទិន្នផលក្នុងប្លង់ទី២ មាន ១០,៨ គីឡូក្រាម

ប្លង់ទី៣ (ការប្រើជីកំប៉ុស្តគោក និងកំប៉ុស្តទឹក)

  • ផ្ទៃដី ៤ម x ១,២ម = ៤,៨ម2
  • លូតលាស់យឺត
  • ដើមតូចៗ
  • ដីហាប់
  • សំបូរស្មៅច្រើន
  • ទឹកដក់បានយូរ
  • មានរោគផ្សិតកើតលើស្លឹក
  • សរុបទិន្នផលក្នុងប្លង់ទី មាន ១០,១ គីឡូក្រាម

ប្លង់ទី៤ (ការប្រើជីធ្យូងអង្កាម បូកជាមួយកំប៉ុស្តគោក និងកំប៉ុស្តទឹក)

  • ផ្ទៃដី ៤ម x ១,២ម = ៤,៨ម2
  • ស្លឹកមានពណ៌ខៀវខ្ចី
  • លូតលាស់លឿន
  • ដើមធំៗស្មើ
  • កំពស់ខ្ពស់ជាងគេ
  • ដីធូរ ឬផុសល្អ
  • មិនសូវមានស្មៅដុះ
  • ទឹកឆាប់ជ្រាបទៅក្រោម
  • សរុបទិន្នផលក្នុងប្លង់ទី៤ មាន ២៤,១ គីឡូក្រាម   

ដូចនេះការពិសោធន៏ចំនួន៤ប្លង់នេះ គឺមានទិន្នផលសរុប ៥៥,៦ គីឡូក្រាម ក្នុងផ្ទៃដីសរុប ១៩,២ម2 ដោយ ១គីឡូ=៣.៣០០ រៀល សរុបរយៈពេល៤៥ថ្ងៃ រកប្រាក់ចំណូលបាន ១៨៣,៤០០ រៀល។ ប្លង់ដែលល្អជាងគេគឺប្លង់ទី៤ ដោយប្រើជីធ្យូងអង្កាម បូកជាមួយកំប៉ុស្តគោក និងកំប៉ុស្តទឹក។ នៅពេលទ្រាប់បាត គឺគាត់ប្រើជីធ្យូងអង្កាមចំនួន៣គីឡូក្រាម បូកច្របល់ជាមួយកំប៉ុស្ត​គោក ៣គីឡូក្រាម និងជីបំប៉នចំនួន ២គីឡូក្រាម សរុបជីគោកគាត់ប្រើមាន ៨គីឡូក្រាមក្នុង១ប្លង់ ហើយការប្រើជីទឹកមាន៤ លីត្រក្នុង ១ប្លង់ស្មើគ្នាៗ។

៧-ចំណាប់អារម្មណ៏

គាត់មានចំណាប់អារម្មណ៍ថា ការពិសោធន៏លើដំណាំបន្លែដោយប្រើប្រាស់ជីធ្យូងអង្កាម បូកជាមួយកំប៉ុស្តគោក ក្នុងបរិមាណលាយស្មើគ្នា និងប្រើកំប៉ុស្តទឹកជំនួយពិតជាល្អជាងគេ គួរកសិករផ្សេងៗប្រើប្រភេទជីនេះនឹងទទួលបានផលដូចគាត់។

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)