លោក សាក់ ផុន ប្រាប់ពីអាថ៌កំបាំងដាំសាវម៉ាងឱ្យបានផ្លែច្រើន

លោក សាក់ ផុន ជាកសិករជោគជ័យមួយរូបក្នុងការដាំដំណាំទុរេន និងសាវម៉ាវ គឺគាត់រស់នៅក្នុងភូមិព្រែកជីក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

ថ្លែងប្រាប់ក្រុមការងារសម្បូរសប្បាយឱ្យដឹងថា លោកមានសាវម៉ាវ ១០០ដើម នាពេលបច្ចុប្បន្ននេះ ហើយលោកអាចប្រមូលផលបានប្រមាណជា ១៦តោន ក្នុង១រដូវ។ អ្វីដែលធ្វើឱ្យសាវម៉ាវរបស់លោកផ្លែច្រើននោះ ក៏ព្រោះតែនៅក្នុងចម្ការរបស់លោកមានដើមសាវម៉ាវឈ្មោល ដែលផ្ការបស់វាអាចរំភាយលម្អងទៅកាន់ផ្កាសាវម៉ាវញី ហើយធ្វើឱ្យមានផ្លែច្រើន មិនមែនមកពីលោកប្រើថ្នាំគីមីអ្វីឡើយ។

តែយ៉ាងណាលោកមិនលាក់លៀមទេអំពីដែលលោកធ្លាប់ប្រើប្រាស់ថ្នាំគីមីលើសាវម៉ាវ និងទុរេន ១០០ដើមរបស់លោក ប៉ុន្តែលោកបានឈប់ប្រើប្រាស់វានៅពេលដែលលោកបានទទួលការណែនាំពីមន្ត្រីបុគ្គលិករបស់អង្គការសេដាក ប្រចាំខេត្តកោះកុងរួចមក។

ជាមួយគ្នានេះលោកក៏បានផ្តាំទៅដល់កសិករដែលមានបំណងដាំសាវម៉ាវដូចលោកនោះ ពេលទៅទិញពូជគេមកដាំ កុំភ្លេចសួររកពូជឈ្មោលមកផង បើពុំនោះទេកសិករត្រូវចំណាយលុយក្នុងការទិញអកម៉ូនឈ្មោលពីគេម្តងទៀត ដើម្បីបាញ់ឱ្យសាវម៉ាវកាន់ផ្លែ៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)