ស្រុកថ្មបាំងក្លាយជាស្ថានសួគ៌ផាសិន (ក្រូចវល្លិ)

ស្រុកថ្មបាំង នៃខេត្តកោះកុង ដែលធ្លាប់ជាស្រុកដាច់ស្រយាលពីភ្នែកមហាជន តែសព្វថ្ងៃស្រុកមួយនេះលែងឯកោទៀតហើយក៏ព្រោះតែផ្លូវគមនាគមន៍អាចធ្វើដំណើរបានយ៉ាងស្រួល។ ជាស្រុកស្ថិតនៅក្នុងព្រៃជ្រៅ មិនសូវមានមនុស្សអ៊ូអរដូចជាស្រុកដទៃទៀតឡើយ ហើយភាគច្រើនអ្នករស់នៅក្នុងស្រុកនេះគឺជាអ្នកចំណាកស្រុកទៅពីខេត្តទីទៃៗផ្សេងៗគ្នា បានក្លាយទៅជាស្ថានសួគ៌ដ៏ល្អឯកនៃដំណាំផាសិន ឬហៅម្យ៉ាងទៀតថា ក្រូចវល្លិ។
បើតាមអ្នកសម្របសម្រួលក្រុមអ្នកផលិតបន្លែ ផ្លែឈើ របស់អង្គការសេដាក ប្រចាំគោលដៅខេត្តកោះកុង លោក វង្ស សាវឿន បានឲ្យដឹងថា ដំបូងឡើយប្រជាពលរដ្ឋមិនច្រើនទេដែលចាប់អារម្មណ៍ពីការដាំដំណាំប្រភេទនេះ ប៉ុន្តែក្រោយពីវត្តមានរបស់លោកចូលទៅដល់តំបន់នោះ និងធ្វើការពន្យល់ពីអត្ថប្រយោជន៍នៃដំណាំប្រភេទមួយនេះ ប្រជាពលរដ្ឋក៏មានការចាប់អារម្មណ៍ច្រើន។


បើតាមអ្នកសម្របសម្រួលខាងលើបន្តឲ្យដឹងថា ប្រជាពលរដ្ឋនៅទីរួមស្រុកថ្មបាំងប្រមាណជា ៣០គ្រួសារហើយដែលបានដាំ​ផាសិន ឬក្រូចវល្លិ ដោយនេះមិនរាប់ចូលអ្នកដាំរាយរងផងនោះទេ ហើយគ្រួសារដែលចាប់អារម្មណ៍លើដំណាំផាសិននេះមិនទាន់បានមួយឆ្នាំនៅឡើយទេ។
លោក សាវឿន បញ្ជាក់ថារហូតមកទល់ពេលនេះមាន៣គ្រួសារហើយដែលបានទទួលផលពីដំណាំនេះ ហើយពួកគាត់អាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបាន។
លោក សុខ ទុំ ដែលបានទទួលផលបណ្តើរៗពីដំណាំផាសិននេះ បានសម្តែងក្តីរីករាយជាខ្លាំង និងសង្ឃឹមថាលោកអាចនឹងរក​បាន​ចំណូលបន្ថែមទៀតពីដំណាំផាសិននេះ ហើយលោកក៏បានពង្រីកនៃការដាំបន្ថែមទៀតផងដែរ។ ជាមួយគ្នានេះលោកក៏បានអរគុណទៅដល់អង្គការសេដាក ដែលបានជួយណែនាំរូបលោកឲ្យដាំដំណាំប្រភេទមួយនេះ។ មិនត្រឹមតែជួយណែនាំឲ្យដាំទេ ថែមទាំងផ្តល់ទាំងពូជ បច្ចេកទេសដាំ និងថែទាំផងដែរ។ នេះជាការលើកឡើងរបស់លោក សុខ ទុំ។


សូមបញ្ជាក់ថា សេដាក គឺជាអង្គការមួយដែលធ្វើការទៅលើវិស័យកសិកម្មតាមគោលការណ៍សរីរាង្គ មានន័យថាឲ្យប្រជាកសិករទាំងអស់ស្ថិតនៅឲ្យឆ្ងាយថ្នាំគីមី មិនប្រើប្រាស់ថ្នាំគីមីទៅលើដំណាំរបស់ពួកគាត់ឡើយ។
អ្នកសម្របសម្រួលក្រុមអ្នកផលិតបន្លែ ផ្លែឈើ នៃអង្គការសេដាក ប្រចាំខេត្តកោះកុង លោក វង្ស សាវឿន បានថ្លែងថា លោកនឹងជម្រុញកសិករបន្ថែមទៀតនៅក្នុងស្រុកនេះឲ្យដាំដំណាំផាសិន ក៏ព្រោះតែតំបន់នេះមានអំណោយផលជាខ្លាំងសម្រាប់ដំណាំមួយនេះ។
បើតាមលោកបណ្ឌិត យ៉ង សាំង កុមារ អតីតប្រធានអង្គការសេដាក និងជាអ្នកជំនាញកសិកម្ម បានឲ្យដឹងថា តម្រូវការផ្លែ​ផាសិន ឬក្រូចវល្លិនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គឺក្នុង១ថ្ងៃកម្ពុជាត្រូវការប្រមាណជា១០តោន ដើម្បីផ្គត់ផ្គង់ទៅដល់ទីផ្សារក្នុងស្រុក៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)