បច្ចេកទេសផ្សំថ្នាំពុលធម្មជាតិសំរាប់ការពារដំណាំ

បងស្រី ហេង ស៊ីនួន ជាកសិកររស់នៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ បងស្រីមានបទពិសោធន៍ល្អក្នុងការផ្សំថ្នាំពុលសំលាប់សត្វល្អិតបំផ្លាញដំណាំ ដែលទទួលបានផលល្អ។ បទពិសោធន៍នេះគាត់បានអនុវត្តអស់រយៈពេល៤ឆ្នាំកន្លងមកហើយ។ ចំពោះធាតុផ្សំ និងវិធីសាស្រ្តអនុវត្តបង្ហាញជូនដូចខាងក្រោម​។

១. ធាតុផ្សំមាន

  • ទន្រ្ទានខែត្រ ១ បាច់តូច
  • កន្ធំថេត ៣ គីឡូក្រាម
  • សំបកស្ដៅ ១ គីលូក្រាម
  • ស្លឹកស្ដៅ ២ គីឡូក្រាម
  • វល្ល៍បណ្ដូលពេជ្រ ៣ គីឡូក្រាម
  • ទឹកនោមគោ ២ លីត្រ
  • លាមកគោ កន្លះបាវ
  • ម្ទេសទុំ ០,៥ គីឡូក្រាម
  • ទឹក ២០ លីត្រ។

២. របៀបផ្សំថ្នាំពុល

យកទន្រ្ទាខែត្រ  កន្ធំថេត សំបកស្ដៅ ស្លឹកស្ដៅ វល្ល៍បណ្ដូលពេជ្រ និងម្ទេសទុំ ទៅកាប់ចិញ្រ្ចាំឲ្យតូចៗ រួចច្របល់សារធាតុទាំងនោះបញ្ចូលគ្នា រួចដាក់ទៅក្នុងពាងដែលមានទឹក ២០លីត្រ និងទឹកនោមគោ ២​លីត្រ។ ក្រោយ​ពី​ដាក់សារធាតុផ្សំហើយ ត្រូវគ្របគំរបពាងនោះឲ្យជិត រួចរក្សាទុករយៈពេល១០ ថ្ងៃ ទើបអាចបើកយកទៅប្រើ​លើដំណាំបាន។ ចំពោះការរក្សាទុក គឺត្រូវដាក់ពាងថ្នាំឲ្យនៅក្រោមម្លប់ ហើយបើកគំរបកូរ ២ថ្ងៃម្ដង ដើម្បីឲ្យថ្នាំឆាប់កាច់។

៣. របៀបប្រើប្រាស់

ក្រោយពីរក្សាទុកអស់រយៈពេល ១០ថ្ងៃ ថ្នាំកាច់អាចយកទៅប្រើបាន។ ចំពោះរបៀបប្រើ គឺត្រូវដួសទឹកថ្នាំច្រោះ​ស្បៃដើម្បីកុំឲ្យដោយកាកថ្នាំ ព្រោះអាចពិបាកក្នុងការស្រោច។ បរិមាណទឹកថ្នាំដែលយកប្រើ គឺទឹកថ្នាំ ០,៥លីត្រ លាយទឹកធម្មតាចំនួន ២០លីត្រ។ ពេលវេលាប្រើទៅលើដំណាំ គឺនៅពេលដំណាំដុះបានស្លឹក ២ ទៅ ៣ និងប្រើនៅពេលល្ងាច។ ក្នុងមួយសប្តាហ៍ត្រូវបាញ់ថ្នាំនេះម្តង។ នៅពេលដំណាំជិតប្រមូលផល គឺត្រូវផ្អាកប្រើថ្នាំពុលធម្មជាតិឲ្យបានមុនពី ៤ ទៅ ៥ថ្ងៃ ដើម្បីកុំឲ្យមានបញ្ហាប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ប្រភេទដំណាំដែលគាត់បានប្រើថ្នាំនេះមានដូចជា ដំណាំខាត់ណា ស្វាយ ស្ពៃក្ដោប សាលាដ ជាដើម។

៥. ចំណាប់អារម្មណ៍

អ្នកមីងមានប្រសាសន៍ថា ក្រោយពីបានប្រើប្រាស់ថ្នាំនេះអស់មួយរយៈមក គាត់សង្កេតឃើញថា ថ្នាំពុលនេះមានប្រសិទ្ធភាពទៅលើពួកចៃ ដង្កូវកាត់ស្លឹក ដង្កូវយោលទោង ទៀកគូ ស្រឹងជញ្ជក់ទឹកដោះ និងដង្កូវហ្វូង ។ ចំពោះប្រសិទ្ធភាពនេះបានធ្វើឲ្យគាត់មានការសប្បាយចិត្តច្រើន ព្រោះមិនប៉ះពាល់ដល់សុខភាពរបស់គ្រួសារគាត់ឡើយ។ ជាងនោះទៅទៀតគាត់បានធ្វើការផ្សព្វផ្សាយប្រភេទថ្នាំនេះទៅដល់កសិករនៅក្នុងភូមិបានច្រើន​គ្រួសារទៀតផង៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)