វិធីសាស្រ្តគ្រប់គ្រងស្ពៃចង្កឹះ ក្រោយពេលប្រមូលផល

១.​ ការប្រមូលផល. ដើម្បីឲ្យការប្រមូលផលមានដំណើរការល្អ និងកាត់បន្ថយការបាត់បង់ យើងគួរគប្បីអនុវត្តដូចតទៅ៖

  • យើងអាចប្រមូលផលស្ពៃចង្កឹះនេះបាន លុះត្រាតែវាមានអាយុចាប់ពី ២៨-៣៥ថ្ងៃ ដោយសំគាល់បានថាដើម ធាង មានម្សៅ​ ឬក៏ដើមខ្លះមានក្របួចផ្កា
  • ការប្រមូលផលភាគច្រើន​ យើងធ្វើឡើងនៅពេលព្រឹកស្រស់ទឹកសន្សើម​ចាប់ពីម៉ោង ៨-១០ព្រឹកនិងពីម៉ោង ២-៤រសៀល ​ពីព្រោះពេលនេះសីតុណ្ហភាពត្រជាក់ល្មម​ដែលអាចបង្កលក្ខណៈឲ្យស្ពៃស្រពាប់តាមធម្មជាតិបាន

  • ការប្រមូលផលនេះ ​​យើងត្រូវយកកូនកាំបិតស្លាមុត ឬកូនកាំបិតចុងស្រួចមកកាត់ត្រឹមលើដី
  • ពេលចាប់ផ្តើមកាត់ត្រូវយកដៃក្តោប ឬក្រសោបធាងថ្នមៗ ហើយទាញតិចៗ ផ្តេកគល់បន្តិចទើបកាត់តែម្តង
  • មិនគួរកាត់នៅពេលមានភ្លៀង​ ហើយមិនត្រូវដាក់ស្ពៃនៅក្រោមពន្លឺថ្ងៃទេ។

២. ការតំរឹម ឬសំអាត. ការតំរឹម ឬសំអាតនេះ វាជាការងារមួយចាំបាច់បំផុតដើម្បីកាត់បន្ថយការឆ្លងមេរោគ​ ធ្វើឲ្យមានសោភ័ណភាព​និងទាក់ទាញភ្នែកអ្នកទិញ​ឬអតិថិជនផង។ ក្នុងការងារនេះ ការសំអាតស្ពៃចង្កឹះមានលក្ខណៈដូចខាងក្រោម៖

  • គេធ្វើឡើងភ្លាមៗ​នៅពេលកំពុងកាត់តែម្តង​ ពោលគឺយើងកាត់បណ្តើរ សំអាតបណ្តើរ​ដោយបេះធាងណាដែលស្អុយរលួយចេញ ពិសេសធាងក្រោមចាស់ៗ​ និងធាងណាដែលមានស្នាមសត្វបំផ្លាញ
  • យើងមិនត្រូវលាងទឹកស្ពៃចង្កឹះទេ ​ពីព្រោះវានឹងឆាប់ទទួលរងនូវការរលួយស្អុយ ដោយសារជាតិទឹកក្នុងដើមវាច្រើន។

៣. ការជ្រើសរើស. ការជ្រើសរើស​ ក៏អាចធ្វើឲ្យតំលៃបន្លែរបស់យើងខ្ពស់ផងដែរ​ គឺយើងជ្រើសរើសវាតាមទំហំលេខ​១ លេខ២ និងលេខ៣ ដើម្បីងាយស្រួលក្នុងការតំរៀប និងលក់ផងដែរ។

៤. ការវេចខ្ចប់់ ​និងដឹកជញ្ជូន. ក្រោយពីការសំអាត​ឬតំរឹម ​និងជ្រើសរើសរួច​ យើងគួរធ្វើការតំរៀបវាជាដុំៗ (ឬគេហៅថា អ៊ិក) ដែលក្នុងនោះមាន៖

  • តំរៀបជាអ៊ិកៗ (ពី​១-១.៥គីឡូក្រាម) ក្នុងកញ្ឆេឫស្សី ឬជាលដែក​ជាស្រទាប់ៗ​ដែលក្បាល ឬគល់ចេញមកខាង។​ នៅក្នុកញ្ឆ ឬជាល​​​យើងត្រូវតំរៀបស្លឹកចេកបាតក្រោម​ ដែលមានកំរាស់ពី ២-​៣សង្ទីម៉ែត្រ​ហើយមានហ៊ុំព័ទ្ធសងខាងផង​ ឬក៏អាចយកបាវមកហ៊ុំព័ទ្ធជំនួសស្លឹកចេកក៏បាន
  • នៅក្នុងកញ្ឆេ ឬជាលយើងអាចតំរៀបបាន១០០-​​១២០គីឡូក្រាម តែមិនត្រូវសង្កត់លើបន្លែនោះទេ​ ជាហេតុនាំឲ្យវាបាក់បែក​ឬបណ្តាលឲ្យរលួយបាន​ ហើយដាក់បន្លែឲ្យត្រឹមរឹមកញ្ឆេបានហើយ
  • ពេលរៀបដាក់ក្នុងជាល​ ឬកញ្ឆេហើយ​​ យើងលើកវាដាក់លើម៉ូតូ​ រ៉ីម៉ក ឬឡាន ហើយយើងមិនត្រូវដាក់កញ្ឆេគរលើគ្នា​ ឬអង្គុយលើទេ ដែលនាំឲ្យពេលធ្វើដំណើរ រលាក់សង្កត់ខ្លាំងលើបន្លែ​ ជាហេតុធ្វើឲ្យបាក់ជាំ។

៥. ការស្តុកទុក

  • ការស្តុកទុក គឺមិនចាំបាច់កាត់ឫសចេញទេ ព្រោះវាអាចទុកបានយូរជាងការកាត់ឫស ដោយសារវាមិនសូវបញ្ចេញទឹកខ្លាំង
  • ការស្តុកទុកវាជាការចាំបាច់បែងចែកជា​​២​ គឺការស្តុកទុកនៅលើរងពេលកាត់ភ្លាមដើម្បីឲ្យស្រពោន និងម្យ៉ាងទៀតស្តុកទុកក្រោយពេលប្រមូលផលស្រេចបាច់ហើយ។

                                                           ការស្តុកទុកក្រោយពេលប្រមូលផល

យើងធ្វើឡើងដោយទុកពង្រាយនៅលើគ្រែ​ ដែលតំរៀបជាជួរៗ តំរៀបឲ្យស្តើងល្មមកុំឲ្យវាហប់ពក ទុកប្រឡោះឲ្យខ្យល់ចេញចូលបាន។ ត្រូវទុកកន្លែងណាដែលមានអាកាសធាតុត្រជាក់​ ខ្យល់ចេញចូលបាន ហើយមិនត្រូវប៉ះវាទេ តែករណីយូរថ្ងៃ​​ គេអាចប្តូរទីតាំង​ឬប្រែវាបាន។ ការទុករបៀបនេះ​ស្ពៃចង្កឹះអាចបានត្រឹមតែ​១-២ថ្ងៃប៉ុណ្ណោះ។​ ចំពោះស្ពៃដែលមិនប្រើជីគីមី គឺយើងអាចរក្សាទុកវាបានរហូតដល់​៦-៨ថ្ងៃ ដោយប្រើបច្ចេកទេសរបៀបនេះ៕

                                               កសិករមានបទពិសោធន៍ និង បានធ្វើការសាកល្បង

                                                          វុធ វណ្ណនី, សឿន ចក់ និង ឌុល វណ្ណនី

ប្រភព ខិត្តបណ្ណស្តីពី ​វិធីសាស្រ្តគ្រប់គ្រងស្ពៃចង្កឹះ ក្រោយពេលប្រមូលផល, បោះពុម្ពដោយ

  • មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (សេដាក)
  • វិទ្យាស្ថានអន្តរជាតិដើម្បីស្តារជនបទឡើងវិញ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)