បទពិសោធន៍ក្នុងការដាំនិងការពារដំណាំពីការបំផ្លាញរបស់សត្វល្អិតដោយប្រើស្បៃមុង

លោកយាយ ព្រុំ​ គឹម អាយុ ៦៥ឆ្នាំ រស់នៅភូមិប្រមាត់ដី សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ​ខេត្តកំពង់ធំ។ គាត់មានបទពិសោធន៍ល្អក្នុងការដាំដំណាំលើរាន។ ចំពោះវិធីសាស្រ្តនេះ គាត់បានអនុវត្តអស់រយៈពេល៤ឆ្នាំ កន្លងមកហើយ។ មូលហេតុដែលនាំឲ្យគាត់មានគំនិតបែបនេះ​គឺដោយសារគាត់ទទួលបានការបណ្តុះបណ្តាលពីអង្គការ ជីអាយហ្សេដ (GIZ) ប្រចាំខេត្តកំពង់ធំ ដែលបានចុះមកបណ្តុះបណ្តាលដល់ភូមិគាត់ផ្ទាល់។ ចំពោះវិធីសាស្រ្តនៃការអនុវត្តមានបង្ហាញជូនដូចខាងក្រោម៖

១. របៀបនៃការរៀបចំការដាំដុះដំណាំលើរាន

  • យកដីស្រទាប់លើ ឬដីក្រោមដើមឈើ២ភាគ និងលាមកគោពុកផុយ​១ភាគ លាយជាមួយគ្នាឲ្យសព្វ រួចហាលសំដិលឲ្យស្ងួតល្អ
  • ធ្វើជាធ្នើ ឬរានដែលមានទទឹង១ម៉ែត្រ បណ្តោយតាមលទ្ធភាព និងកំពស់១ម៉ែត្រ
  • យកថង់ប្លាស្ទីកមកក្រាលពីលើរាន រួចចោះរន្ធដើម្បីការពារឫសដំណាំពីការជាំទឹក
  • យកដីដែលបានលាយរួចមកចាក់ពីលើកំពស់១០ ទៅ ១៥សង្ទីម៉ែត្រ
  • នៅតាមជ្រុងរានដោតបង្គោល​ ហើយតភ្ជាប់គ្នាមានលក្ខណៈជាដំបូល ដែលអាចព័ទ្ធស្បៃគ្របពីលើបាន
  • យកកូនដំណាំមកដាំនៅលើដីរាន រួចយកស្បៃមុងមកហុំព័ទ្ធជុំវិញដើម្បីការពារសត្វមេអំបៅ ឬដង្កូវចូលក្នុងកន្លែងដាំ
  • នៅពេលស្រោចទឹក គាត់បើកស្បៃពីខាងលើស្រោចរួចទើបគ្របទៅវិញ។

២. ចំណាប់អារម្មណ៍របស់កសិករ

ដោយយល់ឃើញថា ការដាំដំណាំនៅលើរាន និងមានប្រើស្បៃ សំរាប់ការពារធ្វើឲ្យគាត់មានលក្ខណៈងាយស្រួលនិងសាមញ្ញ ពិសេសមិនមានការប៉ះពាល់ដល់សុខភាព ទាំងដាំដុះ និងអ្នកបរិភោគ ហើយមានប្រសិទ្ធភាពក្នុងការការពារដំណាំដោយ៖

  • សត្វល្អិត និងមេអំបៅមិនអាចចូលទៅបំផា្លញដំណាំបានឡើយ
  • កំរមានស្មៅចង្រៃដុះប្រជែងជាមួយនិងដំណាំណាស់ បើប្រៀបធៀបការដាំដំណាំនៅលើដីផ្ទាល់
  • ការដាំដុះនៅលើរានអាចធ្វើឲ្យដំណាំជៀសផុតពីការជាំទឹក និងអាចដាំដំណាំបានទាំងរដូវប្រាំងនិងរដូវវស្សា
  • ដំណាំដែលអាចដាំបានភាគច្រើន មានដូចជាដំណាំខាត់ណា សាលាដ៍ ផ្ទីស ខ្ទឹមស​ ជាដំណាំដែលមិនមានឫសវែង​ហើយត្រូវការតែដីធូរល្អដែលមានជីជាតិគ្រប់គ្រាន់ និងអាចធ្វើឲ្យដំណាំដុះលូតលាស់បាន
  • ក្រោយពេលប្រមូលផលដំណាំរួច គ្រាន់តែបន្ថែមជីលាមកគោពុកផុយ នោះអាចដាំដុះដំណាំបន្តទៀតបាន
  • ការលូតលាស់របស់ដំណាំមានលក្ខណៈល្អប្រសើរជាងការដាំដុះដំណាំធម្មតា
  • ដំណាំគ្មានសារធាតុគីមីដែលនាំឲ្យប៉ះពាល់ដល់សុខភាពទេ។

សរុបម បទពិសោធន៍សំខាន់ៗក្នុងការដាំដំណាំមាន៖

  • ធ្វើរានមានទទឹង ១ម៉ែត្រ, កំពស់​ ១ម៉ែត្រ, បណ្តោយតាមលទ្ធភាព
  • ក្រាលថង់ប្លាស្ទីកក្រាស់ ដែលមានចោះរន្ធនៅបាតរាន
  • លាយដីស្រទាប់លើជាមួយលាមកគោពុកផុយ ដាក់លើរានសំរាប់ដាំ
  • រៀបចំដោតបង្គោលរាន និងប្រក់ស្បៃហ៊ុំព័ទ្ធ ដើម្បីការពារសត្វល្អិតបំផ្លាញ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)