របៀបធ្វើមេជីទឹក របស់កសិករថៃ

កន្លងមកកសិករយើងធ្លាប់បានផលិតជីកំប៉ុស្តទឹក ឬកំប៉ុស្តគោកជាច្រើនសំរា​ប់ស្រោច ឬដាក់ទៅលើដំណាំ ដែលធ្វើឲ្យដំណាំដុះលូតលាស់ល្អ ដែលធាតុផ្សំធ្វើជីគេអាចប្រើសារធាតុផ្សេងៗទៅតាមតំបន់។ នៅពេលនេះយើងលើកយកពីរបៀបធ្វើមេជីទឹករបស់កសិករថៃនៅភូមិវត្តកក ស្រុកស៊ីប្រាចាន់ ខេត្តសុផាន់បូរី ប្រទេសថៃ មកបង្ហាញជូនដូចខាងក្រោម​៖

១. ធាតុផ្សំ. ដើម្បីបានមេជីទឹក យើងមានធាតុផ្សំដូចជា កន្ទក់, អង្កាម, ដីព្រៃ(ដីមមោក),ទឹកស្ករ។

២. របៀបផ្សំ. របៀបផ្សំមាន២យ៉ាង បង្ហាញជូនដូចខាងក្រោម៖

  • យកអង្កាម ១ភាគ លាយជាមួយកន្ទក់ ១ភាគឬ
  • យកអង្កាម ១ភាគ លាយជាមួយដីព្រៃ ១ភាគក៏បាន បន្ទាប់មកយកធាតុផ្សំនេះដាក់ផ្អាប់ក្នុងធុង ឬក្នុងរណ្តៅរយៈពេល​៧ថ្ងៃ រហូតដល់ធំក្លិនផ្តុសដូចផ្សិត ទើបយកទៅច្រកក្នុងថង់អង្ករធម្មតា។ ក្រោយពីច្រកក្នុងថង់ហើយ យើងយកទឹក១០​លីត្រ និងស្ករល្ងូ៣លីត្រ កូរលាយឲ្យសព្វទើបយកថង់អង្កាម ដែលផ្អាប់រួចដាក់ចូលក្នុងទឹកស្ករ។ ១ថ្ងៃបើកគ្របម្តងរហូតដល់រយៈពេល៧ថ្ងៃទើបទឹកជីនេះជូរយើងអាចយកទៅប្រើបាន។ ចំណែកកាកអង្កាម ឬកន្ទក់ដែលប្រើមួយសារហើយអាច​យកទៅប្រើបានម្តងទៀតទើបដូរដាក់ អង្កាម និងកន្ទក់ថ្មី។

៣. របៀបប្រើ. សូមបញ្ជាក់ប្រាប់ថា ទឹកមេជីនេះអាចប្រើសំរាប់លាយធ្វើជាថ្នាំសំលាប់សត្វល្អិត ធ្វើជាជីកំប៉ុស្ត ធ្វើជាអ័រម៉ូនធម្មជាតិ តែប្រើលាយជាមួយធាតុផ្សំផ្សេងទៀត។ ទឹកមេជីនេះមិនអាចប្រើស្រោចលើដំណាំតែឯងបានទេ ព្រោះវាអាចធ្វើឲ្យដំណាំខ្លោច ឬស្រពោនងាប់។ រីឯប្រសិទ្ធភាពនៃការប្រើប្រាស់មិនទាន់បានយកមកសាកល្បង​នៅប្រទេសយើងនៅឡើយទេ។ ដូច្នេះបងប្អូនកសិករដែលបានអានអត្ថបទនេះហើយ គួរតែសាកល្បងពីព្រោះវត្ថុធាតុដើមយើងអាចងាយរកបាននៅក្នុងភូមិយើង។

របៀបធ្វើជីកំប៉ុស្តដោយប្រើមេជីទឹកនេះ

១. ធាតុផ្សំ. យកលាមកសត្វ ១ភាគ (គោ ក្របី) ៣ ៥គីឡូក្រាម, អង្កាមថ្មី ១ភាគ, កន្ទក់ ១ភាគ, ទឹក២០លីត្រ ​មេជីទឹកដែលផលិតខាងលើ ២០សេសេ, ទឹកស្ករល្ងូ ២០សេសេ។

២. របៀបផ្សំ. យកមេជីទឹក និងទឹកស្ករលាយជាមួយទឹក១០លីត្រ បន្ទាប់មកយកទឹកនោះទៅចាក់ច្របល់លាយជាមួយ អង្កាម កន្ទក់ លាមកសត្វ រហូតដល់សើម (កុំឲ្យពេលពូតទៅហូរទឹកតាមចង្វែកដៃ) បន្ទាប់មកគ្របទុករយៈពេល ៧ថ្ងៃឲ្យមានក្លិនក្រអូប ទើបយកទៅប្រើឬច្រកល្បាប់ទុក។ ការរក្សាទុកជីត្រូវថិតក្នុងម្លប់ ហាមហាលថ្ងៃ។ ជីនេះអាចរក្សាទុកបានរយៈពេល ៦ខែ។

៣. របៀបប្រើ. ជីនេះ យើងអាចប្រើក្នុងបរិមាណ ៣០គីឡូក្រាម ក្នុង១រ៉ៃ។ ប្រើបានលើដំណាំស្រូវនៅពេលស្រូវមានអាយុ ២០ថ្ងៃ៕

ប្រភព សៀវភៅស្តីពី ជីធម្មជាតិ (អង្គការសេដាក)

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)