វិធីសាស្ត្រគ្រប់គ្រងផ្លែល្ហុង ក្រោយពេលប្រមូលផល

១. ការប្រមូលផល

ដំបូងល្ហុងតែងចាប់ផ្តើមឲ្យផល​ បន្ទាប់ពីដាំបាន ៦ទៅ៧ខែ ហើយអាចប្រមូលផលបានស្ទើរតែពេញមួយឆ្នាំ។​ ល្ហុងឲ្យផលល្អចាប់ពីអាយុ ១ទៅ៣ឆ្នាំ។ ជាទូទៅ គេសំគាល់វាថាល្មមនឹងប្រមូលផលបាន គឺមានពីរករណី៖

ក-សំរាប់យកផ្លែខ្ចី  គឺប្រមូលបានគ្រប់ពេលដែលវាធំល្មមអាចបេះបាន

ខ-សំរាប់យកផ្លែទុំ គឺប្រមូលបាននៅពេលផ្លែធំចាស់ និងសំបកឡើងពណ៌ (ស្រគាល) លឿងព្រឿង ជៀសវាងការទុំពេកនៅលើដើម ពីព្រោះវាអាចរងការបំផ្លាញរបស់ដង្កូវរុយ ឬនាំឲ្យវាឆាប់រលួយ។

  • ពេលវេលាដែលត្រូវបេះ គឺចាប់ពីម៉ោង៩ព្រឹកដល់៣រសៀល ព្រោះវាមានជាតិជ័រតិច
  • ដើម្បីការពារកុំឲ្យប្រឡាក់ផ្លែល្ហុង គឺយើងជៀសវាងដាក់វាឲ្យប៉ះផ្ទាល់ដីបន្ទាប់ពីបេះរួច
  • ការប្រមូលផលគឺធ្វើដោយដៃ ឬកន្រ្តកដងវែងហើយអាចប្រមូលបានគ្រប់ពេល លើកលែងពេលភ្លៀង ដែលពិបាកនឹងបេះ។ ពេលបេះហើយត្រូវបញ្ឈរក្បាលចុះក្រោម ដើម្បីកុំឲ្យវាប្រឡាក់ជ័រ។

២. ការសំអាត

ក្រោយពីប្រមូលផលពីដើមរួច​ យើងត្រូវជញ្ជូនផ្លែមកផ្ទះ ហើយតំរៀបថ្នមៗលើគ្រែ ឬកញ្ឆេដែលមានទ្រាប់ស្លឹកចេកស្រស់ ចំបើង ឬក្រណាត់ទន់ រួចពិនិត្យមើលផ្លែល្ហុងណាមានចៃ ឬប្រឡាក់នៅលើផ្លែ យើងត្រូវសំអាតដោយប្រើទឹកកំបោរលាង ឬយកក្រមារ សើមជូតសំអាត។យើងប្រើកំបោរ២ស្លាបព្រាបាយលាយជាមួយទឹក២០លីត្រ គឺលាងនៅពេលដែលវាប្រឡាក់ប៉ុណ្ណោះ។

៣. ការជ្រើសរើស

ជាទូទៅ​ យើងត្រូវជ្រើសរើសល្ហុងជាបីប្រភេទផ្សេងគ្នា។ ប្រភេទលេខ១ ​គឺផ្លែណាដែលធំ ហើយមានពណ៌រលោងក្រមៅ ហើយមាន លេចចេញសណ្តង់ទុំពណ៌លឿងព្រឿងៗ និងពុំមានសត្វអុជ ឬស្អុយ។ ផ្លែល្ហុងដែលចាត់ទុកជាប្រភេទលេខ២ គឺមានទំងន់ល្មម ហើយមិនមានសត្វស៊ី ឬស្អុយរលួយ។ចំពោះផ្លែល្ហុងប្រភេទលេខ៣វិញ គឺផ្លែដែលសល់ពីការជ្រើសរើសលេខ១ និងលេខ២រួច។ ចំពោះផ្លែប្រភេទនេះ យើងអាចហូប ឬយកទៅទីផ្សារភ្លាមៗ។

៤. ការបន្ទុំ

យើងអាចដាក់វាបន្ទុំនៅពាងធំដោយប្រើប្រាស់ធូប ស្លឹកឈើដើម្បីបន្ទុំវា ឬយើងអាចប្រើប្រាស់ថ្មស្អុយដើម្បីបន្ទុំវាក៏បានដើម្បីឲ្យវាទុំស្មើគ្នា តែធ្វើយ៉ាងណាកុំឲ្យផ្លែល្ហុងប៉ះជាមួយថ្មស្អុយ។នៅពេលបន្ទុំត្រូវជ្រើសរើសយកផ្លែដែលចាស់ល្អដើម្បីបន្ទុំ ព្រោះវាអាចធ្វើឲ្យល្ហុងមានរសជាតិផ្អែម។

៥. ការវេចខ្ចប់ និងដឹកជញ្ជូន

ក្រោយពីធ្វើការជ្រើសរើសរួចមក យើងយកផ្លែប្រភេទលេខ១និងលេខ២ រុំក្រដាសកាសែតដាក់ចូលក្នុងកញ្ឆ ដោយមានរុំស្លឹក ចេក បាវ ឬក្រដាសព័ទ្ធជុំវិញនិងចន្លោះផ្លែ រួចដឹកវាយកទៅទីផ្សារតែម្តង។ក្នុងការដឹកជញ្ជូនគឺត្រូវដាក់តំរៀបគ្នាក្នុងរថយន្តជាថ្នា្កក់ៗ ឬរ៉ឺម៉កម៉ូតូដោយមានគំរបការពារកំដៅ និងធូលី ហើយជៀសវាងការដាក់គរលើគ្នា។ចំពោះការដឹកជញ្ជូនផ្លូវឆ្ងាយ ត្រូវ យកផ្លែល្ហុងដែលចាស់។ ធ្វើយ៉ាងណាដើម្បីឲ្យមានខ្យល់ចេញចូលល្អ ដែលអាចការពារដល់ការខូចខាតបាន ជាពិសេសចំពោះការដឹកជញ្ជូនផ្លូវឆ្ងាយ។សូមកុំដាក់កញ្ឆេគរលើគ្នាពេលដឹកជញ្ជូន ហើយគ្របកញ្ឆេនឹងក្រណាត់សើមដើម្បីជៀសវាងការប្រឡាក់ធូលី និងការពារកំដៅ។

៦. ការរក្សាទុក

ចំពោះផ្លែល្ហុង យើងអាចរក្សាទុកដោយសំដិលឬតំរៀបទុកនៅកន្លែងម្លប់ មានខ្យល់ចេញចូលល្អ តែមិនឲ្យប៉ះទឹកឡើយ បើពុំដូចនោះទេ ផ្លែល្ហុងនឹងឆាប់ស្អុយរលួយបាន ឬទុំមិនពេញលក្ខណៈ។ការរក្សាទុកមុនពេលបន្ទុំយើងអាចសំដិលនៅលើគ្រែ ឬព្យួរ៕

កសិករមានបទពិសោធន៍ និងបានធ្វើការសាកល្បង នូ សន និង មាន រ៉ា

ប្រភព ខិត្តបណ្ណ (វិធីសាស្ត្រគ្រប់គ្រងផ្លែត្រប់ក្រោយពេលប្រមូលផល) បោះពុម្ពដោយ

  • មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (អង្គការសេដាក)
  • វិទ្យាស្ថានអន្តរជាតិដើម្បីស្តារជនបទឡើងវិញ

សហគមន៍សម្បូរសប្បាយ  

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)