ប៉ារ៉ាស៊ីត, ជំងឺកុកស៊ីដ្យូស៊ីស, ជំងឺខ្វិន, ជំងឺសួត, ជំងឺរលាកស្បែក, ជំងឺហើមពោះ, ជំងឺរលាកដោះ, ជំងឺអុតក្តាម, ជំងឺសារទឹក, ជំងឺបុស្តខ្យល់

ការការពារ និងការព្យាបាលប៉ារ៉ាស៊ីតខាងក្រៅ

ការការពារមានប្រសិទ្ធភាពគឺចាប់ផ្តើមជាមួយការរក្សាក្រោល និងបរិវេណជុំវិញឲ្យបានស្អាតដោយពុំឲ្យមានប៉ារ៉ាស៊ីត។ ប៉ារ៉ាស៊ីត ឬចៃពងនៅតាមប្រហោងក្តារ ឬឈើដែលប្រេះ ដើម្បីជៀសវាងបញ្ហានេះ អ្នកត្រូវលាបទ្រុងពពែដោយប្រើប្រេងម៉ាស៊ីន។ វិធានការដ៏មានប្រសិទ្ធភាពគឺប្រើប្រេងកាតលាយជាមួយទឹក (ប្រេងកាត០,៥លីត្រ លាយទឹក១០លីត្រ) បាញ់សម្លាប់ប៉ារ៉ាស៊ីតខាងក្រៅដោយបាញ់ស្រោចទៅលើទ្រុងទាំងមូល។ ក្នុងករណីចាំបាច់ត្រូវបាញ់ឡើងវិញម្តងទៀតបន្ទាប់ពី១ខែ។ ក្នុងករណីជាច្រើនពពែទទួលប៉ារ៉ាស៊ីតខាងក្រៅនៅពេលដែលវាដើរស៊ីលើវាលស្មៅ, វាលស្មៅត្រូវតែមានវិធានការការពារ៖

  • មិនត្រូវលែងឲ្យស៊ីលើវាលស្មៅដែលមានចៃច្រើន
  • ត្រួតពិនិត្យ និងថែរក្សាវាលស្មៅ។

ការការពារសំរេចបានជោគជ័យលុះត្រាតែមានការចូលរួមទាំងអស់គ្នាពីអ្នកចិញ្ចឹមពពែ។ ត្រូវត្រួតពិនិត្យ​ពពែម្តងមួយៗឲ្យបានទៀងទាត់ ត្រូវឃ្លាំមើលហ្វូងពពែទាំងមូលដោយប្រុងប្រយ័ត្ន។

បើរកឃើញពពែដែលមានចៃត្រូវតែ៖

  • បំបែកវាចេញពីហ្វូង
  • ព្យាបាលជាបន្ទាន់ ដើម្បីកុំឲ្យឆ្លងដល់ហ្វូងសត្វទាំងមូល
  • ប្រើសាប៊ូដុសលាងវា
  • ពពែដែលមានរោមវែងផ្តល់លក្ខណៈងាយស្រួលដល់ចៃក្នុងការបន្តពូជ ដូចនេះត្រូវកាត់រោមវាឲ្យខ្លីងាយស្រួលក្នុងការត្រួតពិនិត្យ និងកំចាត់ប៉ារ៉ាស៊ីតខាងក្រៅ។

ការព្យាបាលត្រូវធ្វើឡើងវិញដដែលៗ រហូតទាល់តែប៉ារ៉ាស៊ីតត្រូវបានកំចាត់។ ការព្យាបាលតែមួយដងអាចពុំបានជោគជ័យ និងប្រសិនបើការព្យាបាលប្រព្រឹត្តទៅជាច្រើនដងហើយមិនបានជោគជ័យទៀត អ្នកត្រូវហៅពេទ្យសត្វ។

១១.៤. ប៉ារ៉ាស៊ីតខាងក្នុង

ប៉ារ៉ាស៊ីតខាងក្នុង គឺជាសត្វល្អិតដែលរស់នៅខាងក្នុងខ្លួនរបស់ពពែ ភាគច្រើនក្នុងក្រពះ ពោះវៀន ហើយខ្លះរស់នៅក្នុងសួត ថ្លើម និងក្នុងសរីរាង្គដទៃទៀត។ ព្រូន និងប៉ារ៉ាស៊ីតដទៃទៀតអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់សុខភាពពពែ។ ក្នុងខ្លួនពពែអាចមានព្រូនច្រើនប្រភេទ ព្រូនមូល ព្រូនសំប៉ែត ព្រូនក្នុងសួត។ ពពែមិនធានាទប់ទល់នឹងព្រូនទេ ជាពិសេសគ្រោះថ្នាក់ខ្លាំងចំពោះកូនពពែ និងពពែជំទង់។

ព្រូនផលិតកូនច្រើន ហើយពងរបស់វាមានគ្រប់ទីកន្លែង នៅកន្លែងចិញ្ចឹមគោ លើវាលស្រែ។ល។ មួយផ្នែកវដ្តជីវិតរបស់ព្រូនប្រព្រឹត្តទៅនៅក្រៅខ្លួនរបស់សត្វ ពងព្រូនចូលទៅក្នុងពោះសត្វតាមចំណី ទឹក រួចលូតលាស់បង្កកំណើតនៅក្នុងខ្លួនសត្វ។ ដោយគ្មានបទពិសោធន៍ និងគ្មានការការពារត្រឹមត្រូវហ្វូងពពែទាំងមូលនឹងកើតព្រូន ដែលបណ្តាលឲ្យខាតបង់ថវិកាយ៉ាងច្រើនចំពោះ​អ្នកចិញ្ចឹមពពែ។ ព្រូនច្រើននៅក្នុងខ្លួនសត្វបណ្តាលឲ្យគ្រោះថ្នាក់ធ្ងន់ និងខូចសុខភាព។

រោគសញ្ញា

  • បាត់បង់ការឃ្លាតចំណី ស្រកទំងន់
  • ក្អក (ព្រូនក្នុងសួត) មានភាពខ្សោយ
  • រោមគ្រើម ហើយបះ
  • ឈាមមិនគ្រប់គ្រាន់ (anaemia)
  • រោទ៍ឮតិច
  • រាក ចុះស្គមខ្លាំង ហើយងាប់។

ការការពារ និងព្យាបាលប៉ារ៉ាស៊ីតខាងក្នុង. ការការពារមិនឲ្យមានព្រូន និងមិនឲ្យមានប៉ារ៉ាស៊ីតដទៃទៀត

  • ទ្រុងពពែ ស្នូក និងចំណីដាច់ខាតត្រូវតែស្អាត
  • ត្រូវប្រើថ្នាំទំលាក់ព្រូនចំពោះហ្វូងសត្វទាំងមូលរាល់៣ខែម្តង។

ទំលាក់ព្រូន. មានថ្នាំជាច្រើនប្រភេទដែលប្រើបានជោគជ័យសំរាប់ទំលាក់ព្រូន និងប៉ារ៉ាស៊ីតផ្សេងៗ។ វិធានការនៃការទំលាក់ព្រូន៖

  • ពិនិត្យមើលពេលផុតកំណត់របស់ថ្នាំ
  • ប្រើថ្នាំឲ្យបានត្រឹមត្រូវស្របទៅនឹងទំងន់របស់សត្វ
  • ទំលាក់ព្រូនហ្វូងពពែទាំងមូល
  • ប្តូរថ្នាំទំលាក់ព្រូនបន្ទាប់ពីប្រើជាច្រើនដងមកដើម្បីជៀសវាងការស៊ាំថ្នាំរបស់មេរោគ
  • ការទំលាក់ព្រូនមិនធ្វើឲ្យប៉ះពាល់ដល់ពពែផើម មេពពែបំបៅកូន និងកូនរបស់វាទេ
  • ការទំលាក់ព្រូនចាំបាច់ណាស់បន្ទាប់ពីការចាប់ផ្តើមនៃរដូវភ្លៀងមក។

អ្នកមិនត្រូវផឹកទឹកដោះពពែដែលបញ្ច្រកថ្នាំរួចបាន ២៤ម៉ោង។

១១.៥. ជំងឺកុកស៊ីដ្យូស៊ីស (Coccidiosis)

កុកស៊ីដ្យូស៊ីស ជាជំងឺធ្ងន់ធ្ងរមួយ។ ជំងឺនេះកើតមានឡើងនៅក្នុងហ្វូងសត្វដោយសារការគ្រប់គ្រងមិនបានល្អ សំខាន់បំផុតគឺទ្រុងពពែ និងលក្ខខណ្ឌនៃការរស់នៅកខ្វក់ គួបផ្សំនឹងការធ្វេសប្រហែសក្នុងការ    ផ្តល់ចំណី។ ជាពិសេសកូនពពែ ពពែជំទង់ និងសត្វដែលខ្សោយមានគ្រោះថ្នាក់ខ្ពស់។ ការឆ្លងមេរោគ និងជំងឺផ្សេងៗអាចធ្វើឲ្យសត្វងាប់ច្រើន និងបណ្តាលឲ្យខាតបង់ថវិកាខ្ពស់។

មូលហេតុ. បណ្តាលមកពីមេរោគ កុកស៊ីដ្យូស៊ីស (Coccidiosis) ច្រើន និងគួបផ្សំជាមួយ

  • ការធ្វេសប្រហែស និងការថែទាំគ្មានអនាម័យ (ទ្រុង និងការផ្តល់ចំណី)
  • លក្ខខណ្ឌនៃការរស់នៅ ធុញថប់ ហត់នឿយ (stress) ដូចជា
  1. បន្ទាប់ពីបង្កើតកូន បន្ទាប់ពីផ្តាច់ដោះ បន្ទាប់ពីប្តូរអាកាសធាតុ ក្រោយពីការដឹកជញ្ជូន
  2. បន្ទាប់ពីការប្តូរចំណីភ្លាមៗ និងការគ្រប់គ្រង។

មេរោគ Coccidiosis រស់នៅក្នុងពោះវៀនរបស់សត្វពពែដែលឆ្លងជំងឺនេះមានរាកតិចតួច ហើយប៉ុន្មានថ្ងៃក្រោយមកអាចបាត់ទៅវិញ។ នៅក្នុងកំរិតមួយពពែស៊ាំទៅនឹងមេរោគ ហើយវាអាចត្រឡប់ទៅនឹងការឆ្លងមេរោគនេះ។

រោគសញ្ញា

  • បាត់បង់ការរឃ្លាតចំណី
  • រោមឡើងគ្រើម ហើយស្រកទំងន់
  • រាកពណ៌ក្រហមត្នោត
  • ធ្វើឲ្យពពែងាប់។

ការការពារ. ការការពារដែលមានប្រសិទ្ធភាព

  • ត្រូវមានអនាម័យ និងស្អាតជានិច្ច
  • គ្រប់គ្រងឲ្យបានត្រឹមត្រូវ
  • ទ្រុងត្រូវស្អាតជានិច្ច
  • ការផ្តល់ចំណីត្រូវតែស្អាត។

កូនពពែដែលទើបឆ្លងជំងឺនេះអាចព្យាបាលជាមួយ ស៊ុលហ្វាតឌីមីឌីន (Sulphadimidine)

អាយុ ការប្រើថ្នាំ  

ការព្យាបាលបែបនេះមានតម្លៃថោក

ហើយមានប្រសិទ្ធភាព

១ ខែ

៣ ខែ

៥ ខែ

១ គ្រាប់/ថ្ងៃ ព្យាបាល ៣ថ្ងៃ

១ គ្រាប់/ថ្ងៃ ព្យាបាល ៣ថ្ងៃ

២ គ្រាប់/ថ្ងៃ ព្យាបាល ៣ថ្ងៃ

ការព្យាបាល. ក្នុងករណីរាកច្រើនដង ត្រូវហៅគ្រូពេទ្យសត្វជាបន្ទាន់។

១១.៦. ជំងឺខ្វិន (goat paralysis)

មូលហេតុ. ជំងឺខ្វិនពពែបណ្ដាលមកពីដង្កូវជ្រៀតចូលក្នុងខ្លួនរបស់វា ដែលពីធម្មជាតិគេរកឃើញកើតមានឡើងចំពោះសត្វគោ។ វាឆ្លងតាមមូសដែលចម្លងចូលទៅក្នុងប្រព័ន្ធសរសៃឈាមរបស់ពពែ។ជំងឺនេះអាចបណ្ដាលឲ្យខាតបង់ថវិកាខ្ពស់។

រោគសញ្ញា

  • ជើងខាងក្រោយមានភាពខ្សោយ
  • ដំណើរមិនត្រង់មានសភាពបីដូចអ្នកស្រវឹងស្រា
  • ប្រស្រីភ្នែកធ្វើចលនាដោយគ្មានការបញ្ជា
  • ពពែខ្វិនមួយផ្នែក ឬខ្វាន់ទាំងស្រុង។

វិធានការការពារ

  • ទំលាក់ព្រូនគោ
  • ថែទាំពពែដោយបំបែកចេញពីគោ
  1. ជ្រើសរើសកន្លែងសមស្របសំរាប់ទ្រុងពពែ ដាក់ដាច់ដោយឡែកពីគោ និងឆ្ងាយពីកន្លែងសំបូរ​មូស
  2. ជៀសវាងការលែងឲ្យស៊ីលើវាលស្មៅជាមួយហ្វូងគោ។
  • ការពារមូស
  1. បាញ់ថ្នាំសម្លាប់មូស បាញ់ទៅលើប្រភពដែលកើតមូស និងបាញ់ក្នុងទ្រុងពពែ
  2. ចិញ្ចឹមត្រីក្នុងស្រះ។

ការព្យាបាល

  • ពុំមានថ្នាំសំរាប់ព្យាបាលសត្វដែលកើតជំងឺនេះក្នុងដំណាក់កាលចុងក្រោយ
  • ត្រូវហៅពេទ្យសត្វជួយ។

១១.៧. ជំងឺសួត (pneumonia)

ជំងឺសួត ជាជំងឺមួយដ៏ធ្ងន់ធ្ងរ ជាពិសេសមានភាពគ្រោះថ្នាក់សំរាប់ពពែនៅក្មេង។ ពិសេសទៅទៀតចំពោះអាកាសធាតុត្រជាក់ហើយសើម នៅពេលដែលពពែទទួលនូវភាពត្រជាក់នេះដែលបង្កឲ្យមានភាពគ្រោះថ្នាក់ខ្លាំងចំពោះជំងឺសួត។

ការការពារដ៏មានប្រសិទ្ធភាពបំផុត គឺធ្វើទ្រុងឲ្យបានល្អ គ្រប់គ្រងឲ្យបានត្រឹមត្រូវ និងការផ្តល់ចំណីបានល្អ។

ជំងឺសួតកើតឡើងជាញឹកញាប់

  • ចំពោះសត្វដែលខ្សោយ
  • ចំពោះសត្វដែលនឿយហត់ ឬធុញថប់ (tress conditions) ដូចជា
  1. បន្ទាប់ពីកើតកូនរួច
  2. បន្ទាប់ពីប្តូរអាកាសធាតុយ៉ាងរហ័ស
  3. បន្ទាប់ពីការដឹកជញ្ជូនសត្វ
  4. បន្ទាប់ពីការប្តូរចំណីភ្លាមៗ និងការគ្រប់គ្រង។

មូលហេតុ. ជំងឺសួតអាចបណ្តាលមកពី

  • វីរុស (virus) ឬបាក់តេរី (bacteria)
  • ប៉ារ៉ាស៊ីត (lung worms ព្រូនសួត) ឬផ្សិត។

រោគសញ្ញា

  • បាត់បង់ការឃ្លាតចំណី
  • អាការៈខាងក្រៅមានភាពធុញទ្រាន់
  • ក្អក
  • ពិបាកក្នុងការដកដង្ហើម
  • គ្រុនក្តៅ។

ការការពារ

  • ធ្វើទ្រុងពពែឲ្យបានល្អ ទ្រុងត្រូវស្អាត ស្ងួត និងមានខ្យល់ចេញចូលល្អ
  • ផ្តល់ចំណីពពែឲ្យបានល្អ
  • ទំលាក់ព្រូនឲ្យបានទៀងទាត់រាល់ ៣ខែម្តង
  • ហ្វូងពពែចិញ្ចឹមក្នុងចំនួនដែលអ្នកអាចថែរក្សាបានហ្មត់ចត់
  • ជៀសវាងការចិញ្ចឹមដាក់ពពែច្រើនក្នុងទ្រុងតែមួយ។

ការពារពពែពីភាពត្រជាក់

  • មិនត្រូវលែងពពែឲ្យស៊ីលើវាលស្មៅនៅពេលភ្លៀង និងខ្យល់
  • ធ្វើសំបុកឲ្យកូនពពែ
  • ប្រក់ទ្រុងពពែឲ្យបានត្រឹមត្រូវដើម្បីការពារភាពត្រជាក់ ខ្យល់ ភ្លៀង។

ការព្យាបាល

  • ពពែឈឺត្រូវបំបែកចេញពីហ្វូង និងផ្តល់កំដៅឲ្យវា
  • ផ្តល់ចំណីឲ្យបានល្អ
  • ត្រូវការការណែនាំ និងជំនួយពីពេទ្យសត្វ។

១១.៨. ជំងឺរលាកស្បែក (Contagious Pustular Dermatitis)

ជាជំងឺមួយដែលឆ្លងរាលដាលនៅត្រង់មាត់ និងច្រមុះ ហើយដែលច្រើនកើតចំពោះពពែ និងចៀម។ បើជំងឺនេះកើតចំពោះពពែណាមួយ នោះហ្វូងពពែទាំងមូលនឹងមានគ្រោះថ្នាក់។

រោគសញ្ញា

  • ដំបៅស្ងួត ពណ៌ត្នោតនៅជុំវិញមាត់ច្រមុះ (មានក្រមរ និងធ្វើឲ្យសត្វឈឺ)
  • មានស្នាមប្រេះនៅលើបបូរមាត់ លើច្រមុះ និងលើអញ្ចាញធ្មេញ ដែលបណ្តាលឲ្យសត្វមានការឈឺចាប់នៅពេលវាបៅ ឬស៊ីចំណី
  • សត្វបាត់បង់ការឃ្លានចំណី និងមិនព្រមស៊ីចំណី។

ការការពារ

  • បំបែកសត្វដែលឆ្លងជំងឺនេះចេញពីហ្វូង
  • ចំពោះតំបន់ដែលកើតជំងឺនេះញឹកញាប់ ត្រូវចាក់វ៉ាក់សាំងកូនពពែដែលមានអាយុពី ៦-៨សប្តាហ៍ ត្រូវចាក់វ៉ាក់សាំងឡើងវិញបន្ទាប់ពី ២ឆ្នាំ។

ចំពោះការចាក់វ៉ាក់សាំង គួរតែមានការផ្តល់យោបល់ពីពេទ្យសត្វ និងថ្នាំវ៉ាក់សាំងគួរតែរៀបចំពីពេទ្យសត្វ។

ការព្យាបាល

  • ផ្តល់ចំណីទន់ និងមានឱជារសដល់សត្វ
  • លាបដំបៅដោយប្រើល្បាយសាច់ជូររាវ (alum 5%)
  • កេះក្រមរដំបៅចេញដោយប្រើសំឡី និងស្បៃស្អាត ហើយប្រើថ្នាំលាបដំបៅ (Gentian Violet)
  • ក្នុងករណីចាំបាច់ត្រូវហៅបសុពេទ្យជាបន្ទាន់។

១១.៩. ជំងឺហើមពោះ (Bloat)

ជំងឺនេះបង្កឡើងដោយការកើនឡើងនូវឧស្ម័នក្នុងក្រពះ (rumen)។ ក្រពះរបស់សត្វពពែឡើងប៉ោង ឬហើម។

មូលហេតុ

  • ការផ្តល់ចំណីខុស (របបចំណីពុំមានតុល្យភាព)
  • កំរិតនៃការរំលាយអាហារខ្ពស់ ចំណីសំបូរប្រូតេអ៊ីនខ្ពស់ដូចជា ពពួករុក្ខជាតិកួរ ស្មៅខ្ចៅ ស្លឹករុក្ខជាតិខ្ចី។ល។
  • ដំណើរការពីក្រពះទៅបំពង់កត្រូវស្ទះ
  • បណ្តាលឲ្យកើតជំងឺផ្សេងៗទៀត។

រោគសញ្ញា

  • សត្វមានការឈឺចុកចាប់
  • ពិបាកក្នុងការដកដង្ហើម
  • ក្រពះឡើងហើមធំដែលអាចដឹងបាននៅផ្នែកខាងឆ្វេង
  • បើយើងវាយផ្នែកខាងឆ្វេង (ត្រង់កន្លែងដែលក្រពះឡើងធំ) វានឹងឮសំឡេងដូចស្គរ។

ការការពារ

  • ប្រតិបត្តិតាមក្បួនខ្នាតនៃការផ្តល់ចំណីឲ្យបានត្រឹមត្រូវ (ទាំងក្នុងទ្រុង និងការឲ្យស៊ីលើវាលស្មៅ)
  • របបចំណីត្រូវផ្តល់ឲ្យមានតុល្យភាព។

ការព្យាបាល. ការហើមពោះត្រូវការប្រុងប្រយ័ត្នជាបន្ទាន់៖

  • បញ្ឈប់ការផ្តល់ចំណីឲ្យសត្វ
  • ត្រូវឲ្យសត្វឈរនៅកន្លែងរាងជំរាល ជើងមុខខ្ពស់ជាងជើងក្រោយ រួចសង្កត់ថ្នមៗត្រង់កន្លែងហើមពោះ។ ទាំងនេះអាចធ្វើឲ្យសត្វបញ្ចេញឧស្ម័នខ្លះពីពោះរបស់វា
  • រឺតប្រេងលើពោះរបស់វាដោយថ្នមៗ
  • ក្នុងករណីចាំបាច់ត្រូវហៅបសុពេទ្យជាបន្ទាន់។

១១.១០. ជំងឺរលាកដោះ (mastitis)

ជាជំងឺរលាកកន្សោមដោះ វាអាចធ្វើឲ្យខូចជាលិកាផលិតទឹកដោះ (ទាំងសងខាង ឬម្ខាង)។

មូល​ហេតុ. បណ្តាលមកពីប្រភេទបាក់តេរីផ្សេងៗ រួមផ្សំជាមួយការថែទាំគ្មានអនាម័យដូចជា ទ្រុងកខ្វក់ និងការយកទឹកដោះមិនបានសំអាតត្រឹមត្រូវ ឬបណ្តាលមកពីការរឺតយកទឹកដោះខ្លាំងពេក។

រោគសញ្ញា

  • ទឹកដោះចុះខ្សោយ
  • ទឹកដោះមិនខាប់ហើយរាវ
  • ទឹកដោះមានបំណែកដុំតូចៗ និងមានលាយខ្ទុះ
  • ទឹកដោះប្តូរពណ៌ (ពណ៌ឈាម ឬក្រហម)
  • កន្សោមដោះឡើងហើមធំ ក្តៅ និងពណ៌ក្រហម។

ការការពារ

  • ការគ្រប់គ្រងបានល្អ និងមានភាពស្អាតជានិច្ច
  • លាងដៃឲ្យស្អាតមុននឹងច្របាច់យកទឹកដោះ
  • លាងកន្សោមដោះឲ្យបានស្អាតមុននឹងច្របាច់យកទឹកដោះ។

ការព្យាបាល

ក្នុងករណីកើតជំងឺនេះភ្លាម យើងអាចព្យាបាលបានដោយជោគជ័យ ករណីពិសេសត្រូវហៅពេទ្យសត្វភូមិជាបន្ទាន់។

១១.១១. ជំងឺអុតក្តាម

ជាជំងឺឆ្លងរាតត្បាតមួយដែលកើតមានឡើងចំពោះ គោ ក្របី ពពែ។ល។ ជំងឺនេះច្រើនកើតក្នុងរដូវភ្លៀង។ បើពពែមួយកើតនោះវាឆ្លងរាលដាលពេញក្នុងហ្វូង។

រោគសញ្ញា

  • សត្វក្តៅខ្លួន សីតុណ្ហភាពឡើងខ្ពស់ ៤០-៤១អង្សាសេ
  • មានពងបែក ដំបៅក្នុងមាត់ លើអញ្ចាញធ្មេញ និងត្រង់ដោះ
  • មានដំបៅនៅចន្លោះក្រចកជើង ហើយមានហូរទឹករងៃ ឬមានខ្ទុះ ករណីធ្ងន់ធ្ងរអាចរបកក្រចកជើង
  • ហើមអណ្តាត ធ្វើឲ្យសត្វពិបាកផឹកទឹក និងស៊ីចំណី
  • ហៀរទឹកមាត់អន្លាយ
  • ជួនកាលសត្វអាចរាក
  • ចំពោះមេផើមអាចធ្វើឲ្យវារលួតកូន។

ការព្យាបាល

មានវិធីព្យាបាលមួយចំនួនដោយប្រើថ្នាំចាក់ និងការប្រើឱសថបូរាណលាបទៅលើមុខដំបៅដែលបង្កឡើងដោយជំងឺនេះ។ ឱសថបូរាណដែលប្រជាកសិករយើងធ្លាប់ប្រើមាន៖

  • ថ្នាំជក់ ដែលជាប្រភេទថ្នាំខ្លាំង
  • កំបោរ ដែលចាស់ៗពិសាជាមួយស្លាម្លូ
  • ខ្លាញ់ត្រី និងធ្យូងបាតខ្ទះ។

របៀបផ្សំ

បុកលាយសារធាតុខាងលើចូលគ្នា រួចយកជួតកន្លែងដំបៅ បន្ទាប់មកយកខ្លាញ់ត្រីលាយជាមួយធ្យូងបាតខ្ទះ កូរវាឲ្យសព្វយកទៅជូតលើដំបៅដើម្បីកុំឲ្យរុយរោម ព្យាបាលរយៈពេល៥ថ្ងៃ ក្នុងរណីធ្ងន់ធ្ងរអាចប្រើពេល១០ថ្ងៃ។

គេអាចយកសាច់ជូរដុសលាងមុខដំបៅ ឬអាចប្រើក្រូចឆ្មារ គេអាចប្រើទឹកក្រេស៊ីល ៥% សំរាប់លាងក្រចកដែលដំបៅ។ ចំពោះថ្នាំចាក់មានដូចជា អំពីស៊ីលីន (Ampiciline) ឬអាណាសាំង (Anagine) ចាក់សាច់ដុំ ១cc សំរាប់ ១០គីឡូក្រាមសត្វរស់ ក្នុង១ថ្ងៃចាក់២ដង ពេលព្រឹកម្តង និងពេលល្ងាចម្តង។

អ្នកត្រូវបំប៉នសត្វឲ្យបានល្អ និងផ្តល់ចំណីទន់ៗ ដើម្បីឲ្យវាងាយស្រួលស៊ី។ ជៀសវាងកុំឲ្យសត្វត្រាំទឹក ឲ្យវានៅកន្លែងស្ងួត យកល្អត្រូវក្រាលចំបើងពីក្រោមឲ្យសត្វ ចំណីនិងទឹកដែលផ្តល់ឲ្យសត្វត្រូវស្អាតជានិច្ច។

១១.១២. ជំងឺសារទឹក

ជាជំងឺឆ្លងដ៏សាហាវមួយ និងច្រើនកើតនៅរដូវភ្លៀង កសិករមានការភ័យខ្លាចខ្លាំងចំពោះជំងឺនេះ។ បើជំងឺនេះកើតមានឡើង នោះវាបណ្តាលឲ្យសត្វងាប់ច្រើន និងធ្វើឲ្យកសិករខាតបង់ខ្ពស់។

មូលហេតុ

  • ការផ្តល់ចំណីមិនគ្រប់គ្រាន់
  • បរិយាកាសមិនល្អ និងលក្ខខណ្ឌនៃការរស់នៅធ្វើឲ្យវាធុញថប់ (Tress)
  • បង្កឡើងដោយបាក់តេរី។

រោគសញ្ញា

  • សត្វមិនចង់ស៊ីចំណី
  • សត្វមិនចង់កំរើក ពុំសូវធ្វើចលនា
  • សត្វគ្រុនក្តៅ សីតុណ្ហភាពឡើងខ្ពស់ ៤០-៤១អង្សាសេ
  • ច្រមុះស្ងួត
  • សត្វហៀរទឹកមាត់ និងសំបោរ
  • ពេលខ្លះអណ្តាតរបស់សត្វលៀនចេញមកក្រៅ
  • សត្វហើមក ហើមទ្រូង ជើងមុខ និងហើមត្រគាក
  • នៅត្រង់កន្លែងហើមមានសភាពទន់
  • រាកមានលាយឈាម។

ការព្យាបាល

  • គេអាចប្រើថ្នាំចាក់ដូចជា ស្រ្តឹបតូមីស៊ីន (Streptomycine), ស៊ុលហ្វាឌីមីឌីន (Sulfadimidine) និងអាត្រូពីន (Atropine)។
  • កសិករខ្លះគាត់នៅប្រើឱសថបូរាណសំរាប់ព្យាបាលជំងឺសារទឹកដូចជា ថ្នាំខ្លាំង និងចេកជ្វា បុកបញ្ចូលគ្នាលាយជាមួយទឹក រួចពួតយកទឹកបញ្ច្រកសត្វ១ថ្ងៃ២ដង។

១១.១៣. ជំងឺបុស្តខ្យល់

ជាជំងឺឆ្លងដ៏កាចសាហាវមួយហើយច្រើនកើតមានឡើងចំពោះសត្វគោ ក្របី ពពែ ជៀម ។ល។ លក្ខណៈពិសេសរបស់ជំងឺនេះគឺគ្រុនក្តៅ ហើមនៅក្នុងសាច់ដែលបណ្តាលមកពីហ្គាស សត្វដែលកើតជំងឺនេះអាចងាប់យ៉ាងឆាប់រហ័ស។

រោគសញ្ញា

  • សត្វមិនចង់ធ្វើចលនា
  • ពិបាកដកដង្ហើម
  • សត្វមិនចង់ស៊ីចំណី និងមិនចង់នៅក្នុងហ្វូង
  • សីតុណ្ហភាពក្នុងខ្លួនសត្វឡើងខ្ពស់ ៤០-៤១អង្សាសេ
  • មានហើមពកនៅត្រង់ម្តុំភ្លៅ ត្រគាក សងខាងស្មា និងទ្រូង កន្លែងហើមប៉ោង បើយើងស្ទាបក្តៅ និងធ្វើឲ្យសត្វឈឺចុកចាប់
  • ជំងឺនេះធ្វើឲ្យសត្វងាប់យ៉ាងរហ័សពី ១-២ថ្ងៃ។

ការព្យាបាល

  • គេអាចប្រើថ្នាំចាក់ដូចជា ប៉េនីស៊ីលីន (Peniciline), អ៊ិចធេនស៊ីលីន
  • ការព្យាបាលតាមបែបសាមញ្ញ គឺនៅពេលបូសឡើងទុំក្រហមគេយកកាំបិតមុតវះពីលើ រួចច្របាច់ខ្ទុះឲ្យអស់ បន្ទាប់មកគេយកខ្លាញ់ត្រីលាយជាមួយធ្យូងបាតខ្ទះ មកលាបពីលើមុខរបួស។

កសិករខ្លះយកវល្លិកំបោរ ដើមអង្ក្រង សត្វជន្លេន បុកលាយជាមួយទឹក រួចបញ្ច្រកសត្វក្នុង១ថ្ងៃ៣ដង ក្នុង១ដង៣បំពង់ឫស្សីតូច។

តារាងទី៣. ជំងឺសំខាន់ៗ

ជំងឺ កើតច្រើនចំពោះ

ពពែមានអាយុ

មូលហេតុ កត្តាដែលនាំ

ឲ្យកើតជំងឺ

រោគសញ្ញា ការការពារ

និងព្យាបាល

ព្រូន កូនពពែ និង

ពពែជំទង់

ព្រូនមូល

ព្រូនសំប៉ែត

ព្រូនថ្លើម

ភាពកខ្វក់,

ទ្រុងមិនល្អ,

ចំណីមិនគ្រប់គ្រាន់, ការគ្រប់គ្រងធ្វេសប្រហែស

ស្រកទំងន់, ចុះស្គម, ក្អក, រើមគ្រើម, ឈាមមិនគ្រប់គ្រាន់, រាក – ធ្វើអនាម័យឲ្យបានល្អ

– ទំលាក់ព្រូនបានទៀងទាត់

កុកស៊ីដ្យូស៊ីស

(Cocci-diosis)

 

កូនពពែ និង

ពពែជំទង់

ប៉ារ៉ាស៊ីត

កុកស៊ីដ្យា

(Coccidia)

ភាពកខ្វក់, ទ្រុងមិនល្អ, ចំណីមិនគ្រប់គ្រាន់, ការគ្រប់គ្រងធ្វេសប្រហែស ស្រកទំងន់, ចុះស្គម, ក្អក, រោមគ្រើម, ឈាមមិនគ្រប់គ្រាន់, រាកពណ៌ក្រហម – ធ្វើអនាម័យឲ្យបានល្អ

– ប្រើថ្នាំស៊ុលហ្វា

– បើរាកច្រើនដងហៅបសុពេទ្យ

ប៉ារ៉ាស៊ីតខាងក្រៅ ចំពោះសត្វទាំងអស់ក្នុងហ្វូង ចៃ

ចៃតឹកកែ

វាលស្មៅសំបូរចៃ, ខ្វះការថែរក្សា មានដូចជា ដំបៅលើស្បែក, ជ្រុះរោម, រមាស់ – ត្រូវស្អាតជានិច្ច, ទ្រុងស្អាត

– ការពារពីភាពត្រជាក់

– ទំលាក់ព្រូនទៀងទាត់, ករណីចាំបាច់ហៅបសុពេទ្យ

ជំងឺសួត

(Pneu-monia)

ពពែក្មេង វីរុស, បាក់តេរី, ផ្សិត ទ្រុងមិនល្អ, ត្រជាក់, ខ្សោយ និង

ស្ត្រេស

ក្អក, ហៀរសំបោរ, គ្រុនក្តៅ – ត្រូវស្អាតជានិច្ច, ទ្រុងស្ងួត

– ការពារពីភាពត្រជាក់

– ទំលាក់ព្រូនទៀងទាត់, ករណីចាំបាច់ហៅបសុពេទ្យ

ជំងឺខ្វិន

(goat paralysis)

ចំពោះសត្វទាំងអស់ក្នុងហ្វូង ប៉ារ៉ាស៊ីតឆ្លងពីសត្វគោ មូស, ស៊ីលើវាលស្មៅជាមួយគោ ពិបាកដើរ,ប្រស្រីភ្នែកកំរើកចុះឡើង, ខ្វិន – ឃ្វាលពពែឲ្យឆ្ងាយពីគោ

– ត្រួតពិនិត្យ​មូស

– វិធីព្យាបាល

(ពេទ្យសត្វ)

ជំងឺរលាកស្បែក (Conta-gious Pustular Derma-titis) ចំពោះសត្វទាំងអស់ក្នុងហ្វូង វារុស   បាត់បង់ការឃ្លានចំណី, ក្រមរក្រៀមពណ៌ត្នោត ជុំវិញមាត់ ច្រមុះ – ចាក់វ៉ាក់សាំង

– បំបែកសត្វឈឺចេញពីហ្វូង

– ថែរក្សាដំបៅ

ក្រចកពណ៌ក្រហម ចំពោះសត្វទាំងអស់ក្នុងហ្វូង វាលស្មៅសើម, ទ្រុងកខ្វក់, មិន តំរឹមក្រចក ការធ្វេសប្រហែស ក្រមរហើមធំ, ដើរមិនរួច – មិនត្រូវឲ្យស៊ីលើវាលស្មៅសើម

– សំអាតទ្រុង, ទ្រុងស្ងួត

– តំរឹមក្រចកឲ្យបានទៀងទាត់

– ឧស្សាហ៍លាងក្រចក

ជំងឺហើមពោះ (Bloat) ពពែក្មេង និងពពែពេញវ័យ ការផ្តល់ចំណីពុំមានតុល្យភាព, ពពួករុក្ខជាតិកួរច្រើនពេក និងស្មៅខ្ចី ការធ្វេសប្រហែស ពោះឡើងហើម, ធ្វើឲ្យសត្វឈឺចុកចាប់ – ការផ្តល់ចំណីត្រួតពិនិត្យត្រឹមត្រូវ

– ករណីចាំបាច់ហៅគ្រូពេទ្យសត្វ

ជំងឺរលាកដោះ (mastitis) ពពែកំពុងបញ្ចេញទឹកដោះ បាក់តេរី ទ្រុងគ្មាន

អនាម័យ, ការរឺតយកទឹកដោះមិនសំអាតត្រឹមត្រូវ

កន្សោមដោះហើមធំ, ទឹកដោះមានលាយឈាម ដុំឈាម និងកករ – សំអាតទ្រុង

– រាល់ពេលយកទឹកដោះត្រូវសំអាត

– ករណីចាំបាច់ហៅ

បសុពេទ្យ

តេតាណុស (Tetanus) កូនពពែ បាក់តេរី ការធ្វេសប្រហែស   – សំលាប់មេរោគលើទងផ្សិត និងព្យាបាលវាជាបន្ទាន់

ប្រភពសៀវភៅ ការចិញ្ចឹមពពែជាលក្ខណៈគ្រួសារនៅកម្ពុជា (អង្គការសេដាក)

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)