បទពិសោធន៍ដាំស្អំ (កសិករ ប្រាជ្ញ ហៀង)

លោកពូ ប្រាជ្ញ ហៀង អាយុ ៦៣ឆ្នាំ ជាអតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលបច្ចុប្បន្នរស់នៅក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ គាត់ប្រកបមុខរបរដាំស្អំរយៈពេលជាយូរមកហើយ​។

១. ការរៀបចំដីនិងរណ្ដៅដាំ

ផ្ទៃដីដាំស្អប់របស់គាត់មានទំហំ ៩០០ម៉ែត្រការ៉េ។ គាត់កាប់ហាលដីរយៈពេល៣ថ្ងៃដើម្បីឲ្យដី ស្រស់ទឹកបន្តិចបន្ទាប់មកទើបកាប់លើកជារងដែលមានទទឹង១ម៉ែត្រ បណ្តោយតាមស្ថានភាពដី។ចន្លោះពីរងមួយទៅមួយមានប្រវែង ២ម៉ែត្រ ពីព្រោះស្អំដុះបែក មែកស៊ុបទ្រុប។ នៅលើរងគាត់កាប់រណ្ដៅទំហំ ២,៥តឹកបួនជ្រុង និងចន្លោះពីរណ្តៅមួយទៅមួយប្រវែង ១,៥ម៉ែត្រ ទៅ ២ម៉ែត្រ។

២. ការរៀបចំរណ្ដៅ និងរបៀបដាំ

ក្រោយពីដាក់ជីធម្មជាតិដូចជា សំរាម និងលាមកសត្វគោពុកផុយនៅក្នុងរណ្ដៅ។ បន្ទាប់មកទៀតគាត់ចាប់ផ្ដើមដាំដោយប្រើកូនស្អំដែលបានមកពីការផ្សាំ ឬមែកស្អំ ដែលដុះចេញល្អកាច់យកទៅដាំភ្លាម ហើយការដាំធ្វើឡើងនៅពេលល្ងាចត្រជាក់ និងពេលព្រឹក ដើម្បីកុំឲ្យអន់ដើម។ មុនពេលដាំគាត់ស្រោចទឹកឲ្យជោគជាំលើរណ្ដៅជាមុនសិន រួចដាក់មែកឬកូនស្អំចូលក្នុងរណ្ដៅ ទើបលុបគាល់ដោយសង្កត់ឲ្យបានល្អជាការស្រេច។ ក្រោយពីដាំហើយត្រូវគ្រប និងធ្វើស៊ុមព័ទ្ធជុំវិញ ដើម្បីការពារកំដៅនិងសត្វ មកបំផ្លាញស្លឹកនិងការពារការស្រពោនដើម។

៣. ការប្រើប្រាស់ជី

ដោយសារស្អំ ជាដំណាំដែលផ្តល់ផលបានយូរអង្វែង គាត់បានប្រើជីធម្មជាតិជាច្រើនដើម្បីបង្កើនទិន្នផលនិងគុណភាពស្អំ។ ការប្រើជីធម្មជាតិមានដូចជា លើកទី១ លាមកគោក្របីក្រៀម ឬជីកំប៉ុស្តទ្រាប់បាតរណ្ដៅ ២បង្គី, លើកទី២ ប្រើជីបំប៉នស្លឹកចេកងាប់ កាកសំណល់ផ្សេងៗ ដាក់នៅលើជួររងតាមគល់ផ្ទាល់ផងនិងនៅចម្ងាយពីគល់ប្រហែល២តឹក ដោយវិធីជ្រោយលុបដីទាំងនោះ។ ការដាក់ជីលើកទី២ ធ្វើឡើងនៅពេលស្អំមានស្លឹកដុះតាមធាងចំនួនប្រហែល៥-១២ធាងក្នុងមួយដើម (ប្រើជីលាមកគោ ក្របី)។

៤. ការថែទាំ

ក្រោយដាំបានរយៈពេល១៥ថ្ងៃ គាត់ចាប់ផ្ដើមដើរពិនិត្យមើលដើមណាដែលល្អ និងដើមណាដែលអន់ត្រូវជួសថ្មីនិងស្រោចទឹកជាប្រចាំនៅពេលព្រឹកនិងនៅពេលល្ងាច។ នៅពេលស្អំមានអាយុ ៣0-៦0ថ្ងៃ គាត់បានបូមទឹកដាក់ពន្លិចចន្លោះរងនិងរងដើម្បី ឱ្យវាជ្រាបទៅតាមគុម្ពនីមួយៗ ប្រសិនបើដីស្ងួតខ្លាំងយើងអាចស្រោចម្ដងទៀតជៀសវាងកុំឲ្យដីរឹងស្ងួត។ ម្យ៉ាងទៀតដើម្បីកម្ចាត់ស្មៅចង្រៃ គាត់បានក្រាលចំបើង ស្លឹកចេក គ្របពីលើរង ដើម្បីទប់ទល់ការដុះស្មៅចង្រៃនិងដើម្បីរក្សាសំណើមដីឱ្យបានយូរពិសេសនៅរដូវប្រាំង។ ក្រោយពីបេះស្លឹកស្អំរួច យើងត្រូវបំប៉នជីធម្មជាតិដើម្បីឲ្យវាចេញត្រួយថ្មីថែមទៀត។​

៥. ការប្រមូលផល

ក្រោយពីដាំបានអាយុ៥៥ថ្ងៃ គាត់ចាប់ផ្តើមកាត់ស្លឹក (កាត់ដោយកាំបិត) យកទៅប្រើប្រាស់ក្នុងគ្រួសារផង និងលក់ផងជារៀងរាល់ថ្ងៃ។ ការផ្តល់ផលនេះ មានរយៈពេលយូរឆ្នាំណាស់ (៤-៥ឆ្នាំ) ប្រសិនបើយើងថែទាំបានដិតដល់ នោះយើងអាចទាញយកផលបានច្រើនផងដែរ។

៦. ចំណាប់អារម្មណ៍របស់កសិករ

លោកពូមានចំណាប់អារម្មណ៍ថា ស្អំជាដំណាំងាយស្រួលដាំ ហើយផ្តល់ផលយូរអង្វែង និងជាប្រចាំសម្រាប់ផ្គត់ផ្គង់គ្រួសារ។ ការដាំស្អំនេះ ពុំបានចំណាយថវិកាក្នុងការទិញជីថ្នាំពុលទេ ប្រើតែជីធម្មជាតិដែលរកបាននៅក្នុងភូមិ។ ក្រោយពីបានទទួលផល គាត់ក៏មានផែនការចង់ធ្វើទ្រើងមួយជំហរដងខ្លួនទុកឲ្យស្អំតោងវារមិនឲ្យខ្ពស់ ងាយស្រួលក្នុងការកាត់ស្លឹក និងទុកធ្វើជាម្លប់ពីព្រោះដំណាំនេះមិនត្រូវការពន្លឺថ្ងៃខ្លាំងពេកទេ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)