នៅប៉ុន្មានខែទៀតប៉ុណ្ណោះ ការជួសជុលចម្លាក់បង្កាន់ដៃអសុរានិងទេវតាទ្រនាគ នៅខ្លោងទ្វារចូលអង្គរធំ (ប្រាសាទបាយ័ន) នឹងរួចរាល់

គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដំណើរការគម្រោងជួសជុលចម្លាក់បង្កាន់ដៃអសុរាទ្រនាគ(លេខ០១)និងលើកតម្រង់រូបចម្លាក់ទេវតានៅខ្លោងទ្វារដីឆ្នាំងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរាចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩មក គ្រោងនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។
ជិតមួយឆ្នាំកន្លងមកនេះ ដំណើរការជួសជុលប្រព្រឹត្តិទៅយ៉ាងរលូននិងបានលទ្ធផលយ៉ាងល្អប្រសើរដោយមានការចូលរួមពី​ស្ថាបត្យករ វិស្វករបុរាណវិទ្យា ក្រុមការងារអភិរក្សថ្ម ពលករ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដើម្បីដំណើរការពិភាក្សាឱ្យការជួសជុលសមស្របទៅតាមតម្លៃបេតិកភណ្ឌខ្មែរនិងច្បាប់អន្តរជាតិ។


ទាក់ទងនឹងលទ្ធផលដែលទទួលបាន លោក ឃាម មុនី ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុលឱ្យដឹងថា ក្រុមការងារសម្រេចនូវការលើករូបបង្កាន់ដៃអសុរាដែលទ្រេត ដួល ខ្វះលំនឹងបានចំនួន៥រូប និងបង្កាន់ដៃទេវតាដែលដួលរលំរាយប៉ាយ ទ្រេត ស្រុត បម្រុងដួលរលំ បាន១៦រូប (លើកតម្រង់រូបចម្លាក់​ឱ្យត្រង់ ជាប់មាំឡើងវិញបាន១០០%) និងលើកគម្រោងលម្អិតជួសជុលគ្រឹះចម្លាក់អសុរាកាន់ក្បាលនាគបាន៦៥% តួខ្លួនអសុរាបាន៦៥% និងព្រះកេសនាគខាងលើបាន៦៥%។ ក្នុងនោះដែរ ក្រុមការងារក៏បានស្វែងរកឃើញព្រះកេសរបស់ទេវតាចំនួន០១​ដែលនឹងតភ្ជាប់ឱ្យមានសុវត្ថិភាពឡើងវិញផងដែរ។


ចំពោះការជួសជុល លោក ឃាម មុនី បញ្ជាក់ថា ក្រុមការងារបានលម្អិតខ្លាំងទៅលើរូបនាគនិងមេទ័ពអសុរា(លេខ០១) ព្រោះរូបនេះមានហានិភ័យខ្ពស់ដោយសារដួលទាំងស្រុង រូបប្រេះបែកពីគ្នា ព្រះកេសបែករបេះធ្លាក់ថ្ម ព្រមទាំងគ្រឹះរបស់រូបផងដែរ ដោយសារកត្តាធម្មជាតិ មានបរិយាកាសទឹកភ្លៀងលំហូរច្រោះដី កត្តាមនុស្សដោយការបំផ្លាញ និងការលំញ័ររបស់យានយន្តដែលឆ្លងកាត់។
តាមរយៈតម្លៃនៃការជួសជុល ប្រធានគម្រោងរូបនេះបានសង្កត់ធ្ងន់ថា ចម្លាក់អសុរានិងទេវតាទ្រនាគនៅខ្លោងទ្វារដីឆ្នាំង គឺជាទីតាំងសំខាន់ដែលទេសចរឆ្លងកាត់ឥតដាច់ ដែលយើងត្រូវយកចិត្តទុកដាក់ថែរក្សាបេតិកភណ្ឌដ៏មហស្ចារ្យមួយនេះឱ្យបានល្អ ដើម្បីរួមចំណែកក្នុងការលើកតម្លៃក្នុងតំបន់នេះ និងអាចបង្កើនកន្លែងទស្សនាដល់ទេសចរបានច្រើន។ ជាងនេះទៅទៀត វាជាការផ្តល់ឯកសារប្រវត្តិសាស្ត្រជាសំខាន់បំផុតនៃការជួសជុលចម្លាក់មួយនេះ ដើម្បីឱ្យភ្ញៀវទេសចរនិងអ្នកសិក្សាស្រាវជ្រាវទាំងបច្ចុប្បន្ននិងអនាគតបានឃើញ បានសិក្សាជាប្រយោជន៍ ពិសេសគឺលើកតម្លៃស្នាដៃរបស់បុព្វបុរសខ្មែរជំនាន់មុនដែលបានបន្សល់ស្នាដៃដ៏ល្អឯកសម្រាប់កូនចៅខ្មែរជំនាន់នេះ និងលើកតម្លៃអ្នកដឹកនាំជំនាន់ថ្មីដែលបានយកចិត្តទុកដាក់ក្នុងការថែរក្សាសម្បត្តិដូនតា។


ជាអ្នករួមចំណែកមួយរូបក្នុងការជួសជុលចម្លាក់អសុរានិងទេវតាទ្រនាគ លោក ដួង ដឿម អាយុ៥៩ឆ្នាំ អ្នកភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប មានអាជីពជាអ្នកជួសជុលប្រាសាទក្នុងតំបន់អង្គរជាង២០ឆ្នាំហើយ ផ្នែករៀបថ្មប្រាសាទនិងចម្លាក់ និងដាប់ថ្ម លោកសប្បាយចិត្តដែលបានរួមចំណែកក្នុងកិច្ចការបេតិកភណ្ឌដូនតា និងសុំឱ្យក្មេងៗជំនាន់ក្រោយជួយថែរក្សានិងបន្តការរៀនសូត្រ ព្រោះបើអត់ពីចាស់ៗទៅ គឺវិជ្ជាទាំងឡាយនឹងបាត់បង់ហើយ។ លោក ដឿម មិនមានបំណងនឹងបញ្ចប់ការងារនេះទេ នឹងបន្តកិច្ចការនេះរហូត។
មិនខុសគ្នាពីលោក ដឿម លោក ឡយ លឿម អាយុ៥៣ឆ្នាំ ធ្វើការនៅតំបន់អង្គរជាង២០ឆ្នាំដូចគ្នា ជំនាញដាប់ថ្ម តថ្ម សប្បាយចិត្តណាស់ដែលបានជួសជុលចម្លាក់ថ្មអសុរា ព្រោះជារបស់បុរាណដែលត្រូវថែរក្សា វាមិនជាការលំបាកនឿយហត់ទេក្នុងការបំពេញការងារនេះ។ លោកចង់បន្តការងារនេះ ដើម្បីទុកជាស្នាដៃដល់កូនចៅជំនាន់ក្រោយឱ្យពួកគេបានឃើញ បានស្គាល់ និងជួយថែរក្សាមរតកវប្បធម៌ខ្មែរទាំងអស់គ្នា៕

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)