ប្រាសាទតានៃ ត្រៀមជួសជុលនៅពេលខាងមុខនេះ

គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ប្រាសាទ​តា​នៃមានការទ្រុឌទ្រោមខ្លាំង ចូល​តាម​ច្រក​ផ្លូវលំ​មួយ​ខាងកើត​ប្រាសាទតាកែវ ឆ្ពោះ​ទៅខាងជើង​ប្រហែល៨០០​ម៉ែត្រ នៅក្នុងទឹកដីខេត្តសៀមរាប គឺអ្នកជំនាញអាជ្ញាធរជាតិអប្សរា មានគម្រោងជួសជុលផ្នែកខ្លះនៅពេលខាងមុខនេះ​។ ប្រាសាទតានៃ បានកសាងឡើងនាចុងស.វ.ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសដល់ព្រះពុទ្ធសាសនា។ ឆ្លងកាត់អាយុកាលនិងឥទ្ធិពលនៃអាកាសធាតុរាប់រយឆ្នាំ បានធ្វើឱ្យសំណង់ខ្លះនៃប្រាសាទរងនូវការខូចខាត និងដួលរលំជាច្រើនកន្លែង។


បុរាណដ្ឋានមួយនេះស្ថិតក្នុងព្រៃ ពុំសូវមានទេសចរទៅកម្សាន្តច្រើនទេ ហើយក៏ពុំធ្លាប់មានការជួសជុលមកពីមុនដែរ ដោយគ្រាន់តែមានការអភិរក្សទល់ទ្រនៅផ្នែកខ្លះតែប៉ុណ្ណោះ។

នាពេលបច្ចុប្បន្ន អ្នកជំនាញអាជ្ញាធរជាតិអប្សរា គ្រោងនឹងធ្វើការជួសជុលខ្លោងទ្វារខាងកើតដើម្បីអភិរក្សស្នាដៃដូនតាមួយនេះឱ្យបានរួចចាកផុតភាពខ្ទេចខ្ទាំដើម្បីទុកជាមរតកដល់កូនចៅជំនាន់ក្រោយបានឃើញនិងសិក្សាស្រាវជ្រាវបន្ត៕

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)