ប្រភេទចំណី ការផ្តល់ចំណី ការថែទាំនិងគ្រប់គ្រង វិធីបង្ការនិងព្យាបាលជំងឺ និងការប្រមូលផល

សហគមន៍សម្បូរសប្បាយ កន្លងមកបានផ្សព្វផ្សាយអត្ថបទមួយចំនួនពាក់ព័ន្ធនឹងបច្ចេកទេសចិញ្ចឹមត្រីក្នុងអាង និងរណ្តៅ ក្រាលកៅស៊ូ។ នៅពេលនេះ យើងផ្សព្វផ្សាយអត្ថបទមួយទៀតដែលនិយាយអំពី ប្រភេទចំណី ការផ្តល់ចំណី ការថែទាំនិងគ្រប់គ្រង វិធីបង្ការនិងព្យាបាលជំងឺ ការតាមដាននិងប្រមូលផលរំលោះ និងការប្រមូលផល។

១. ប្រភេទចំណី

ចំណីត្រីមានតួនាទីយ៉ាងសំខាន់សំរាប់ទ្រទ្រង់ដល់ការលូតលាស់របស់ត្រី។ ចំណីត្រីផ្សំពីប្រភទរុក្ខជាតិជាច្រើនដូចជា ត្រកួន​ ស្លឹកដំឡូងជ្វា ពោត សណ្តែកសៀង និងសមាសធាតុផ្សំផ្សេងទៀត ដូចជាកន្ទក់ ចុងអង្ករ កាកសំណល់ផ្ទះបាយ ម្សៅត្រី ឬត្រីជី។ល។ ចំណីទាំងនេះ គេផ្សំលាយចូលគ្នា បន្ទាប់មកត្រូវស្ងោរចំអិន ហើយទុកឲ្យត្រជាក់មុននឹងដាក់ឲ្យត្រីស៊ី។

ដោយឡែកចំណីជាតិសាច់មានដូចជា កូនសត្វល្អិតៗ ជន្លេន អង្ក្រង កណ្តៀរ កាកសំណល់ទីសត្តឃាត និងចំណីគ្រាប់។ល។ ចំពោះកណ្តៀរ ត្រូវវាយយកដីចេញនឹងរែងយកតែកណ្តៀរងាប់សិន ទើបដាក់ឲ្យត្រីស៊ី។

២. ការផ្តល់ចំណី

នៅពេលលែងកូនត្រីដំបូង យើងមិនត្រូវផ្តល់ចំណីឲ្យស៊ីទេ ពីព្រោះតី្រទើបនឿយហត់ដោយការដឹកជញ្ជូន។ រង់ចាំដល់ពី ២ម៉ោង ទៅ៣ម៉ោងក្រោយ ទើបដាក់ចំណីឲ្យស៊ី តែឲ្យស៊ីក្នុងបរិមាណមួយតិច។

ដោយសារនៅកន្លែងស្តុក(បន្សាំ) ឬកន្លែងលក់ចែកចាយកូនត្រី គេដាក់ចំណីគ្រប់គ្រាន់ឲ្យស៊ី(ទំហំចំណីប៉ុនគ្រាប់គ)។ អ្នកចិញ្ចឹមគួរប្រើចំណីគ្រាប់ដាក់ឲ្យស៊ីនៅ២ថ្ងៃឬ៣ថ្ងៃដំបូងសិន ដើម្បីឲ្យកូនត្រីវាបន្ស៉ាំនឹងចំណីថ្មី។

ចាប់ពី ១អាទិត្យឡើងទៅ យើងគប្បីដាក់ចំណីឲ្យស៊ីតាមលក្ខណៈបច្ចេកទេសគឺត្រូវប្រើបរិមាណចំណីឲ្យត្រីស៊ីពី ៣ទៅ៥ភាគរយ នៃទំរង់ខ្លួនត្រីសរុបក្នុងរណ្តៅ។  ឲ្យចំណីពី២ទៅ៣ដងក្នុង១ថ្ងៃគឺពេលព្រឹកម៉ោង៨ និងល្ងាចម៉ោង៥។

ក. របៀបដាក់កណ្តៀរឲ្យត្រីស៊ី

ពេលដាក់កណ្តៀរឲ្យត្រីស៊ី ដំបូងគេយកដុំកណ្តៀរវាយបំបែកចេញ រួចរែងយកកណ្តៀរ។ បន្ទាប់មកយកកណ្តៀរចាក់ចូលក្នុងចានដែកដែលមានទឹកស្រាប់​​ ហើយយកដៃកូរឲ្យកណ្តៀរអណ្តែតឡើងលើផ្ទៃទឹក។ បន្ទាប់មកទៀត យើងស្រង់យកកណ្តៀរឲ្យត្រីស៊ី (ធ្វើរបៀបនេះ ទើបទឹកក្នុងរណ្តៅមិនល្អក់)។

ខ. ការកំណត់ទីកន្លែងដាក់ចំណី

មុនដាក់ចំណី យើងត្រូវគោះទឹកជាសញ្ញា ដើម្បីឲ្យត្រីចំណាំទីកន្លែង និងពេលវេលានៃការឲ្យចំណីត្រីម្តងៗ។ យើងត្រូវផ្តល់ចំណីឲ្យទៀងទាត់ ដើម្បីឲ្យត្រីចាំពេលវេលានិងទីកន្លែងដាក់ចំណី។ការធ្វើរបៀបនេះ យើងមិនសូវបាត់បង់ចំណីទេ គឺការប្រើប្រាស់ចំណីរបស់យើងមានប្រសិទ្ធភាពខ្ពស់។

ពេលផ្តល់ចំណីត្រូវដាក់ឲ្យស៊ីច្រើនកន្លែងក្នុងរណ្តៅ កុំឲ្យកូនត្រីស៊ីចំណីគរលើគ្នា បណ្តាលឲ្យត្រីមានស្នាមរបួសដោយសារការគប់នឹងធ្នង់ត្រី (ងៀង) ឬប្រជ្រៀតគ្នាដើម្បីចាប់ចំណី។

ចំពោះចំណីផ្សំដែលបានស្ងោរចំអិនរួចទុកឲ្យត្រជាក់សិនមុននឹងផ្តល់ចំណីឲ្យត្រីស៊ី។ ពេលដាក់ឲ្យស៊ីគេពូតចំណីដាក់ក្នុងកញ្ជ្រែង ហើយពន្លិចទៅក្នុងទឹកជំរៅពី ២ទៅ៣តឹក ដើម្បីកុំឲ្យបាត់បង់ចំណីច្រើនពេក។

៣. ការថែទាំ​និងគ្រប់គ្រង

ការថែទាំ និងការគ្រប់គ្រងចិញ្ចឹម វាជាកត្តាសំខាន់បំផុត ដើម្បីទទួលបានទិន្នផលខ្ពស់។ ដូចនេះ យើងចាំបាច់ត្រូវយកចិត្តទុកដាក់លើចំណុចមួយចំនួនដូចខាងក្រោម៖

  • ដាក់ចំណីឲ្យត្រីស៊ីច្រើនកន្លែងក្នុងរណ្តៅចិញ្ចឹមត្រី
  • ដាក់ចំណីឲ្យបានគ្រប់គ្រាន់ និងទៀងទាត់ពេល
  • មុនដាក់ចំណីត្រូវកូរ​ ឬគោះទឹកធ្វើជាសញ្ញាឲ្យត្រីចំណាំឡើងមករកចំណី
  • ត្រួតពិនិត្យផ្ទាំងកៅស៊ូប្លាស្ទិកកុំអោយដាច់រហែក​អាចធ្វើអោយទឹកជ្រាបចេញអស់ពីរណ្តៅ
  • ត្រួតពិនិត្យរបាំងការពារនៅពេលមានភ្លៀងធំម្តងៗ ក្រែងមានត្រីចេញពីរណ្តៅ
  • ត្រួតពិនិត្យកំប្លោកកុំឲ្យដុះច្រើនពេក និងមានស្លឹកឈើជ្រុះចូល
  • ៧ ឬ១០ថ្ងៃ ប្តូរទឹកម្តង ពី៣០ទៅ៥០ភាគរយ នៃបរិមាណទឹកក្នុងរណ្តៅ (តាមភាពជាក់ស្តែង)
  • ពេលប្តូរទឹកម្តងៗត្រូវថែមអំបិល៣ខាំ (រណ្តៅបណ្តោយ​៧ម៉ែត្រ ទទឺង១,៥ម៉ែត្រ ជំរៅទឹក៧តឹក)
  • ប្តូរទឹករណ្តៅគឺយកទឹកដែលប្តូរនេះទៅស្រោចបន្លែនៅជុំវិញរណ្តៅត្រីនោះ រួចទើបដាក់ទឹកថ្មីចូលវិញ
  • ពិនិត្យមើលស្បៃព័ទ្ធជុំវិញរណ្តៅ កុំឲ្យរហែក ជៀសវាងមានពស់ ឆ្កែឬឆ្មា ចូលស៊ីកូនត្រី
  • ការពារកុំឲ្យគោ ក្របី ឆ្កែ ចូលជាន់ក្នុងរណ្តៅដែលនាំឲ្យដាច់កៅស៊ូប្លាស្ទិក
  • ​​ កុំឲ្យកូនក្មេង ឬអ្នកជិតខាងដួសត្រីមើលច្រើនពេក ដែលនាំឲ្យត្រីមិនសូវស៊ីចំណី។

៤. វិធីបង្ការ និងព្យាបាលជំងឺ

ក. មូលហេតុត្រីកើតជំងឺ

ការចិញ្ចឹមត្រីក្នុងរណ្តៅ មិនមែនគ្មានជួបបញ្ហានោះទេ វាអាស្រ័យលើកត្តាការគ្រប់គ្រងរបស់មនុស្សផងដែរ។​ បើអ្នកមិនយកចិត្តទុកដាក់ក្នុងការចិញ្ចឹមត្រីរបស់ខ្លួននោះ វានឹងជួបបញ្ហាមួយចំនួនដែលអាចធ្វើឲ្យត្រីកើតជំងឺដោយសារចំណុចខ្វះខាតដូចខាងក្រោម៖

  • ទឹកខ្វះគុណភាព (ទឹកកខ្វក់ ឬស្អុយ) ដោយសារនៅបាតរណ្តៅមានស្លឹកឈើជ្រុះចូលច្រើន
  • កូនត្រីដាក់ចិញ្ចឹមច្រើន ហើយការផ្តល់ចំណីមិនគ្រប់គ្រាន់ ដែលធ្វើឲ្យត្រីមានជំងឺខ្វះចំណី
  • ផ្តល់ចំណីលើស ដែលបណ្តាលឲ្យកាកសំណល់ចំណីកកនៅបាតរណ្តៅ
  • មិនបានផ្លាស់ប្តូរទឹកក្នុងរណ្តៅ ធ្វើឲ្យទឹកក្នុងរណ្តៅស្អុយ
  • កាកសំណល់ស្អុយរលួយនៅជុំវិញរណ្តៅពេលមានភ្លៀងម្តងៗ វាហូរចូលទៅក្នុងរណ្តៅចិញ្ចឹមត្រី
  • មិនបានសំអាតមេរោគលើខ្លួនត្រី (មុនពេលលែងចូលក្នុងរណ្តៅ)
  • ​ដីភក់ដែលយកមកដាក់ក្នុងរណ្តៅមិនល្អសំបូរដោយពពួក ប៉ារ៉ាស៊ីត បាក់តេរី ពពួកផ្សិត និងវីរុស។ល។

ខ. វិធីបង្ការជំងឺត្រី     

ត្រីជាសត្វរស់នៅក្នុងទឹក។ បើសិនជាត្រីកើតជំងឺហើយ គេពិបានក្នុងការព្យាបាលជំងឺរបស់វាណាស់។ ដូចនេះ ដើម្បីការពារកុំឲ្យត្រីកើតជំងឺ យើងត្រូវតាមដានត្រីជាប្រចាំពេលឲ្យចំណីម្ដងៗនិងសំអាតជុំវិញកន្លែងចិញ្ចឹមត្រីឲ្យបានល្អដូចជា៖

  • ទឹកក្នុងរណ្ដៅមានគុណភាពល្អ ( មិនកខ្វក់ ឬស្អុយ) និងគ្មានសំណល់ចំណីសល់នៅបាតរណ្ដៅ
  • កន្លែងចិញ្ចឹមគ្មានកាកសំណល់ហូរចូលពេលមានភ្លៀងម្ដងៗ
  • ចំនួនកូនត្រីដាក់ចិញ្ចឹមសមស្រប
  • ផ្ដល់ចំណីគ្រប់គ្រាន់
  • សំអាតមេរោគលើខ្លួនត្រី មុនពេលលែងចូលក្នុងរណ្ដៅចិញ្ចឹម
  • ត្រួតពិនិត្យគុណភាពកូនត្រី (សុខភាពត្រី) មុនពេលលែងចូលក្នុងរណ្ដៅ។

គ. វិធីព្យាបាលជំងឺអុតស

សំគាល់រោគសញ្ញា. មានស្នាមរលាក ឬអុតពកដុំតូចៗពណ៌ស និងដំបៅនៅលើស្បែក ស្រកា រន្ធច្រមុះ ព្រុយខ្នង ព្រុយកន្ទុយត្រី។ ខ្លួនត្រីមានជាតិរំអិលពណ៌ប្រផេះក្លិនស្អុយ ត្រីហែលគ្មានទិសដៅ។ ត្រីខ្លះទៀត មានការកកឈាមដុំនៅលើស្បែក ហើយត្រីបណ្ដែតខ្លួនហែលតាមមាត់រណ្ដៅ។

ឃ.  វិធីព្យាបាលជំងឺកកឈាម

សំគាល់រោគសញ្ញា. មានស្នាមរលាក ឬកកឈាម នៅលើស្បែក។ ត្រីមាស់ហែលគ្មានទិសដៅនិងហែលមកក្បែរមាត់រណ្ដៅ។

  • វីធីព្យាបាលជំងឺនេះគឺ ប្រើអំបិល១គីឡូក្រាម លាយជាមួយទឹក​១០លីត្រ ឬអាចប្រើ កំបោរស ១គីឡូក្រាម លាយជាមួយទឹក ៣០លីត្រ រួចយកទៅបាចលើផ្ទៃទឹកក្នុងរណ្ដៅចិញ្ចឹមត្រីរយៈពេលពី៤ថ្ងៃបន្តបន្ទាប់ (១ថ្ងៃ១ដង គឺម៉ោង៩ពេលព្រឹក)

  • ក្ដាមរស់បុកឲ្យម៉ដ្ឋពី២០ក្បាល ទៅ៤០​ក្បាល លាយជាមួយកន្ទក់១គីឡូក្រាម​ហើយឲ្យស៊ីរយៈពេលពី ៤ ទៅ ៥ថ្ងៃ រៀងរាល់ថ្ងៃ
  • ប្ដូរទឹកចាស់ក្នុងរណ្ដៅពី ៣០ភាគរយទៅ៥០ភាគរយ ហើយថែមទឹកថ្មីចូល និងសំអាតស្មៅជុំវិញរណ្ដៅ។

៥. តាមដាន និងប្រមូលផលរំលោះ

ក្រោយចិញ្ចឹមបានរយៈពេលពី២ទៅ៣ខែ គេត្រូវកៀរ ឬអូសមើលត្រីម្ដង ដើម្បីត្រួតពីនិត្យមើលការលូតលាស់របស់ត្រីណាធំជាងគេ ហើយធ្វើការចាប់រំលោះដាក់កន្លែងផ្សេង ឬចាប់ធ្វើម្ហូបដើម្បីឲ្យត្រីតូចនៅសល់បានលូតលាស់រហ័ស។

៦. ការប្រមូលផល

ក្រោយពេលចិញ្ចឹមបានពី៣ទៅ៤ខែ គេប្រមូលផលត្រី។ បើសិនចិញ្ចឹមនៅចុងរដូវវស្សាហើយអស់ទឹកភ្លៀង ហើយពិបាកក្នុងការផ្លាស់ប្ដូរទឹកនោះ គេប្រមូលត្រីក្នុងរណ្ដៅលែងចូលទៅក្នុងស្រះ ប្រឡាយនៅជុំវិញផ្ទះ ដើម្បីងាយស្រួលចាប់ហូបនៅរដូវខ្សត់ត្រីហូប (រដូវប្រាំង)៕

ប្រភព ទស្សនាវដ្តីកសិករ (បច្ចេកទេសចិញ្ចឹមត្រីក្នុងរណ្តៅក្រាលផ្ទាំងកៅស៊ូ)

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)