របៀបវេចខ្ចប់ ដឹកជញ្ជូន លែងកូនត្រី, ការពិនិត្យគុណភាពកូនត្រី, ប្រភពកូនត្រី និងការធ្វើអនាម័យលើខ្លួនកូនត្រី, ទំហំ និងដង់ស៊ីតេកូនត្រី

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយនូវអត្ថបទមួយទៀតពាក់ព័ន្ធនឹងការចិញ្ចឹមត្រី ដែលផ្តោតទៅលើ របៀបវេចខ្ចប់ ដឹកជញ្ជូន លែងកូនត្រី, ការពិនិត្យគុណភាពកូនត្រី, ប្រភពកូនត្រី និងការធ្វើអនាម័យលើខ្លួនកូនត្រី, ទំហំ និងដង់ស៊ីតេកូនត្រី មានខ្លឹមសារដូចខាងក្រោម។

១. របៀបវេចខ្ចប់ ដឹកជញ្ជូន និងលែងកូនត្រី

ក. របៀបខ្ចប់កូនត្រីដោយបិទជិត (ថង់ប្លាស្ទិក)

មុនពេលធ្វើការវេចខ្ចប់កូនត្រី​ យើងត្រូវរៀបចំត្រៀមសំភារៈមួយចំនួនដូចជា​ កាធុន ទឹកស្អាត ខ្យល់អុកស៊ីសែន កៅស៊ូកង ​និង​ថង់ប្លាស្ទិក (ទំហំ​ថង់ ៦០សង្ទីម៉ែត្រ x ១០០សង់ទីម៉ែត្រ)។​ ដំណើរការរៀបចំវេចខ្ចប់កូនត្រីយើងត្រូវអនុវត្តតាម ៣ជំហានដូចខាងក្រោម៖

ជំហានទី១៖ ត្រូវពិនិត្យថង់កៅស៊ូមានធ្លុះធ្លាយឬអត់។ បើដឹកជញ្ជូនផ្លូវឆ្ងាយត្រូវដាក់ថង់កៅស៊ូ២ជាន់ និងដាក់សំបកបាវពីខាងក្រៅថង់ ដើម្បីការពារការប៉ះ ឬធ្លាយថង់ដែលអាចបណ្តាលឲ្យខ្យល់ចេញអស់ពីថង់ និងធ្វើឲ្យកូនត្រីងាប់។

ជំហានទី២៖ បញ្ចូលទឹកស្អាតចូលក្នុងថង់កៅស៊ូប្រមាណ​១ភាគ៣នៃមាឌថង់។ រួចរាប់កូនត្រីដាក់ចូលក្នុងថង់បន្ទាប់មកបញ្ចូលខ្យល់អុកស៊ីសែន។ ចំនួនកូនត្រីស្តុកក្នុងថង់អាស្រ័យនឹងទំហំកូនត្រី​ ឬប្រវែងកូនត្រី (កូនត្រីតូចឬធំ)។ ​ក្នុង១ថង់ដាក់កូនត្រីបាន​ពី ៣៥០ក្បាល ទៅ​៥០០ក្បាល (១,៥គីឡូក្រាម ទៅ២គីឡូក្រាម)។

ជំហានទី៣៖ បញ្ចូលខ្យល់អុកស៊ីសែនក្នុងថង់ឲ្យណែនរួចប្រើកៅស៊ូកងដើម្បីរិត។

ខ. ពេលវេលានៃការដឹកកូនត្រី

ពេលដឹកជញ្ជូនកូនត្រីទៅកន្លែងឆ្ងាយ គប្បីកុំដាក់ថង់ស្តុកកូនត្រីត្រូវកំដៅថ្ងៃ ឬដាក់ហាលថ្ងៃពីព្រោះវាធ្វើឲ្យបាត់​បង់អុកស៊ី​សែន ឬខ្យល់ក្នុងថង់ និងបំលែងទៅជាជាតិពុលក្នុងថង់ (ញើសក្នុងថង់)។ ដូច្នេះនៅពេលដឹកកូនត្រី​គប្បីដាក់កំប្លោក​ឬយកក្រណាត់ជ្រលក់ទឹកគ្របពីលើថង់កូនត្រី។ រយៈពេលដឹកជញ្ជូនកូនត្រីមិនឲ្យលើសពី៣ម៉ោង ប្រសិនបើលើសពី៣ម៉ោងនេះ ថង់កូនត្រីនឹងអាចធូរខ្យល់ (អស់ខ្យល់ពីក្នុងថង់) ពេលនោះយើងត្រូវបញ្ចូលខ្យល់សារជាថ្មី ពេលវេលាសមស្របដឹកកូនត្រីគឺនៅពេលព្រឹក ឬពេលល្ងាចត្រជាក់ ជាពិសេសពេលមេឃមានអាកាសធាតុមិនក្តៅខ្លាំង។

គ. ការត្រាំថង់កូនត្រីចូលក្នុងរណ្តៅទឹក

មុននឹងលែងកូនត្រីចូលក្នុងរណ្តៅ ត្រូវដាក់ថង់កូនត្រីត្រាំទឹកក្នុងរណ្តៅពី១៥-២០នាទីសិន ដើម្បីឲ្យស៊ីតុណ្ហភាពប្រហាក់ប្រហែលគ្នាផង និងកាត់បន្ថយការនឿយហត់របស់ត្រីផង។

ឃ. របៀបលែងកូនត្រី

យើងត្រូវយកដៃកូរទឹកក្នុងរណ្តៅពីក្រោមមកលើ ​ដើម្បីឲ្យទឹកក្នុងរណ្តៅមានកំដៅប្រហាក់ប្រហែលគ្នា។ បន្ទាប់មកស្រាយមាត់​ថង់ រួចយកដៃបាចទឹកពីខាងក្រៅចូលក្នុងថង់កូនត្រី ហើយឲ្យកូនត្រីហែលចេញតាមសំរួល។ គប្បីលែងកូនត្រីនៅម៉ោង ៩​ព្រឹកឬម៉ោង ៥ល្ងាច ទើបកូនត្រីមានសុខភាពល្អ​ និងមិនងាប់ ពីព្រោះពេលនេះទឹកមិនសូវក្តៅ និងទឹកក្នុងរណ្តៅមានអុកស៊ីសែនគ្រប់គ្រាន់។

២. ការពិនិត្យគុណភាពកូនត្រី

កូនត្រីមានសុខភាពល្អ គឺមានរូបរាងមាំមួន ពណ៌សម្បុរស្រស់ថ្លារលោង។ លើខ្លួនកូនត្រីគ្មានស្នាមរបួស ឬដំបៅ និងគ្មានជំងឺ។ ពេលដួសកូនត្រីដាក់ក្នុងកាធុនទឹក គេឃើញកូនត្រីមានសកម្មភាពហែលរហ័សរហួន បញ្ជាក់ថាកូនត្រីមានសុខភាពល្អ។ បើ​សិន​ឃើញកូនត្រីមានអុតសៗលើខ្លួន និងកន្ទុយពេលដាក់ចូលកាធុនវាទំលាក់កន្ទុយសំយុងចុះ ហើយព្យួរព្រុយពុកមាត់ឡើងលើ មានន័យថាកូនត្រីនេះមានសុខភាពខ្សោយ ពេលដាក់ចូលក្នុងរណ្តៅចិញ្ចឹមវាអាចងាប់ច្រើន។

៣. ប្រភពកូនត្រី និងការធ្វើអនាម័យលើខ្លួនកូនត្រី

កូនត្រីពូជដែលកសិករចិញ្ចឹមសព្វថ្ងៃ មានប្រភពមកពីកន្លែងខុសៗគ្នាគឺ កូនត្រីចាប់ពីធម្មជាតិ និងកូនត្រីទិញពីកន្លែងបន្សាំ ឬកន្លែងស្តុកកូនត្រី ដើម្បីលក់ចែកចាយបន្តទៅឲ្យអ្នកចិញ្ចឹម។

កូនត្រីដែលយកពីកន្លែងស្តុក ឬបន្សាំលក់កូនត្រីគឺភាគច្រើនសំបូរជំងឺ។ ដូចនេះ អ្នកចិញ្ចឹមត្រីគួរស្វែងយល់ពីបច្ចេកទេស ឬសាកសួរអ្នកមានបទពិសោធន៍។ អ្នកយកកូនត្រីពីកន្លែងស្តុក ឬកន្លែងចែកចាយកូនត្រី គឺចាំបាច់ត្រូវសំអាត និងបំបាត់មេរោគលើខ្លួនត្រីតាមរបៀបដូចខាងក្រោម។

គេដួសទឹកពីក្នុងរណ្តៅចាក់ចូលក្នុងកាធុន (ទឹកចំនួន៥លីត្រ + អំបិល១ស្លាបព្រាបាយ) កូរឲ្យរលាយចូលគ្នា។ បន្ទាប់មកចាក់កូនត្រីចេញពីថង់ចូលក្នុងកាធុននោះឲ្យកូនត្រីហែល៥នាទី បន្ទាប់មកទៀតចាក់ទឹកអំបិលចេញស្រង់យកតែកូនត្រី ហើយលែងចូលក្នុងរណ្តៅភ្លាម។

៤. ទំហំ និងដង់ស៊ីតេកូនត្រី (ចំនូនកូនត្រីដាក់ចិញ្ចឹម)

ដើម្បីចិញ្ចឹមត្រីទទួលបានផលល្អ និងមានអត្រាងាប់តិច យើងគួរគិតដល់ទំហំកូនត្រី និងចំនួនកូនត្រីដែលត្រូវចិញ្ចឹមក្នុងរណ្តៅឲ្យសបស្របតាមបច្ចេកទេស។ បើសិនជាយើងលែងកូនត្រីចូលក្នុងរណ្តៅច្រើនពេក (លែងក្នុងកំរិតដង់ស៊ីតេខ្ពស់) ហើយការផ្តល់ចំណី និងគ្រប់គ្រងទឹកមិនបានល្អ វាអាចធ្វើឲ្យត្រីចិញ្ចឹមរបស់អ្នកមានការលូតលាស់យឺត (មិនធំធាត់) និងអាចធ្វើឲ្យត្រីងាប់ច្រើន។

ដូច្នេះ ដើម្បីចិញ្ចឹមបានល្អ គួរលែងកូនត្រីក្នុងកំរិតមួយសមស្របគឺ កូនត្រី ៤០ក្បាល ទៅ៥០ក្បាល ក្នុង១ម៉ែត្រការ៉េ នៃផ្ទៃរណ្តៅ។ ចំពោះកូនត្រីអណ្តែងគេតែងតែនិយាយខ្នាត វាស់ទទឹងក្បាល (ទំហំទទឹងក្បាល ៨លី, ១០លី និង១២លី)។

ឧទាហរណ៍. បើសិនរណ្តៅចិញ្ចឹមត្រីរបស់អ្នកមានទំហំ ៦ម៉ែត្រការ៉េ អ្នកត្រូវលែងកូនត្រីចំនួន ៤០ទៅ៥០ក្បាល ក្នុង១ម៉ែត្រការ៉េនៃផ្ទៃរណ្តៅ។ ដូច្នេះចំនួនកូនត្រីសរុបដែលត្រូវលែងចូលក្នុងរណ្តៅមាន៖

រណ្តៅមានទំហំ ៦ម៉ែត្រការ៉េ ស្មើនឹង ៦X៥០=៣០០ក្បាល (កូនត្រី)

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)