អ្នកជំនាញកំពុងដំណើរការរុះរើប្រាសាទទន្លេស្ងួតដើម្បីជួសជុលអភិរក្ស

គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ប្រាសាទទន្លេស្ងួត គឺជាមន្ទីរពេទ្យបុរាណកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាចុងស.វ.ទី១២ និងដើមទី១៣។ បច្ចុប្បន្ន ប្រាសាទនេះរងនូវការខូចខាតជាខ្លាំង ដែលអ្នកជំនាញអាជ្ញាធរជាតិអប្សរាកំពុងកាត់យកចេញនូវដើមឈើដែលដុះលើតួប្រាសាទ និងដំណើរការរុះរើថ្មប្រាសាទ ដើម្បីធ្វើការអភិរក្សនិងជួសជុលពង្រឹងឡើងវិញ។
តាមការបញ្ជាក់របស់លោក ជា សារិទ្ធិ ប្រធានការដ្ឋានជួសជុលប្រាសាទទន្លេសស្ងួត និងជាបុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការឱ្យដឹងថា ប្រាសាទនេះមានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយសារទឹក រុក្ខជាតិ គុណភាពសម្ភារៈ និងអាយុកាលរបស់សំណង់។ ថ្មគ្រឹះពុកផុយ ស្រុត និងតួប្រាសាទទ្រេតខ្លាំង ថ្មជញ្ជាំងរំកិលចេញពីទីតាំងដើម និយាយរួម គឺប្រាង្គប្រាសាទបាត់បង់លំនឹងស្ទើរតែទាំងស្រុង។


យោងតាមអនុសាសន៍ក្រុមអ្នកជំនាញ ad hoc របស់អង្គការយូណេស្កូ (UNESCO) ក្នុងកិច្ចប្រជុំ ICC- Angkor នាសម័យប្រជុំបច្ចេកទេសលើកទី២៩ កាលពីថ្ងៃទី១៣ ធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចទី១០ តម្រូវឱ្យធ្វើការរុះរើថ្មប្រាសាទទាំងស្រុង ដើម្បីជួសជុលពង្រឹងគ្រឹះ បន្ទាប់មកត្រូវរៀបផ្គុំប្រាង្គប្រាសាទទន្លេស្ងួតឡើងវិញ (Anastylosis)។

លោក ជា សារិទ្ធិ ក៏បានបញ្ជាក់បន្ថែមថា មានតែវិធីនេះម្យ៉ាងគត់ ដើម្បីអភិរក្សនិងជួសជុលប្រាសាទទន្លេស្ងួត ដែលរងនូវសភាពទ្រុឌទ្រោមខ្លាំង។ ក្នុងនោះដែរ ដំណើរអភិរក្សដំណាក់កាលទី១ ផ្តោតលើការចុះបញ្ជីថ្មរាយប៉ាយ ស្វែងរកថ្មបាត់ និងរៀបសាកល្បង កំណាយសម្អាតកំណកដី សម្រង់ប្លង់ ដកយកចេញដើមឈើលើប្រាសាទ និងរុះរើថ្ម ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ ហើយរូបរាងនៃប្រាង្គប្រាសាទក៏នឹងលេចរូបរាងឡើងវិញជាថ្មីនៅចុងឆ្នាំ២០២០ផងដែរ៕

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)