កូនឈើជាងមួយពាន់ដើមនឹងត្រូវដាំតាមបណ្ដោយផ្លូវពីព្រលានយន្តហោះមកប្រាសាទអង្គរវត្ត

តាមគេហទំព័រ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើនភាពស្រស់ស្អាត និងទេស​ភាពបៃតងតាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាបមកកាន់រមណីយដ្ឋានអង្គរ គឺអាជ្ញាធរជាតិអប្សរា គ្រោងនឹងដាំកូនឈើលម្អផ្លូវចាប់ពីព្រលានយន្តហោះអន្ដរជាតិខេត្តសៀមរាបរហូតដល់មុខប្រាសាទអង្គរវត្ត។

គម្រោងនេះមិនត្រឹមតែបង្កើនភាពទាក់ទាញបែបលក្ខណៈធម្មជាតិដល់រមណីយដ្ឋានអង្គរប៉ុណ្ណោះទេ តែក៏បានចូលរួមយ៉ាងសំខាន់ក្នុងការលើកតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរតាមរយៈការរក្សាបាននូវភាពឆ្លុះបញ្ចាំងគ្នាទៅវិញទៅមករវាងប្រាសាទ ធម្មជាតិ និងសហគមន៍មនុស្ស។ 
កូនឈើដែលនឹងត្រូវដាំលម្អតាមដងផ្លូវនេះ មានចំនួនជាង១.០០០ដើម ជាកូនឈើធ្នង់ជាប្រភេទឈើប្រណិតដែលប្រជាជនខ្មែរទូទៅនិយមចូលចិត្ត។ ការដាំកូនឈើឡើងវិញតាមដងផ្លូវនាពេលនេះក៏ស្របគ្នានឹងអាជ្ញាធរជាតិអប្សរាទើបធ្វើការជួសជុលនិងកែលម្អផ្លូវនេះជាថ្មីដើម្បីបង្កភាពងាយស្រួលដល់ការធ្វើចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្តខេត្តសៀមរាប។

ជាមួយគ្នានេះ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយក្នុងទីធ្លាមុខប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរាក៏នឹងធ្វើការដាំដើមក្រវ៉ាន់និងដើមឈើប្រភេទផ្សេងមួយចំនួនទៀតនៅតាមដងផ្លូវមុខប្រាសាទអង្គរវត្តដែលជាច្រកចូលចំបងសម្រាប់ទៅទស្សនាប្រាសាទអង្គរវត្តដែរ៕

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)