ដាំស្មៅនិងកូនឈើឡើងវិញ នៅអតីតចំណតរថយន្តបណ្ដោះអាសន្នមុខប្រាសាទអង្គរវត្ត

តាមគេហទំព័រ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដើម្បីចូលរួមលើកកម្ពស់របៀបរៀបរយ សោភ័ណភាព បរិស្ថាន ទេសភាពបៃ​តងក្នុងរមណីយដ្ឋានអង្គរឱ្យស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក ព្រមទាំងទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើននោះអាជ្ញាធរជាតិអប្សរា បាននឹងកំពុងកែប្រែទីតាំងអតីតចំណតបណ្ដោះអាសន្ននៅបរិវេណមុខប្រាសាទអង្គរវត្ត ឱ្យក្លាយទៅជាវាលស្មៅបៃតង និងដាំកូនឈើឡើងវិញជុំវិញបរិវេណនេះ។


បច្ចុប្បន្ន ការងារនេះបានដំណើរការជាបន្តបន្ទាប់ ក្នុងនោះអាជ្ញាធរជាតិអប្សរាកំពុងធ្វើការកាយប្រភេទដីរឹង មានក្រួសចេញ​ពីទីតាំងខាងលើ ដោយជំនួសមកវិញនូវប្រភេទដីមានជីជាតិអាចដាំដុះបាន។

ការរៀបចំនេះ គឺជាផ្នែកមួយនៃផែនការរួមក្នុងការរៀបចំរបៀបរៀបរយ សណ្ដាប់ធ្នាប់ នៅមុនប្រាសាទអង្គរវត្ត ដោយក្នុងនោះមានការដាំស្មៅ ដាំដើមឈើឡើងវិញ និងរៀបចំជាចំណតឱ្យបានត្រឹមត្រូវស្របទៅតាមលំហូរនៃយានយន្តនិងចរាចរណ៍របស់ភ្ញៀវ​ទេសចរជាតិ-អន្តរជាតិនៅប្រាសាទអង្គរវត្ត៕

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)