សិក្ខាសាលា ដើម្បីដាក់ឱ្យប្រើប្រាស់ពាក្យបច្ចេកទេសទាក់ទងនឹងកុលាលភាជន៍ខ្មែរ

គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា វិស័យកុលាលភាជន៍នៅក្នុងប្រទេសកម្ពុជា ចាប់ផ្តើមរីកចម្រើននិងមានការស្រាវ​ជ្រាវច្រើនបន្ទាប់ពីអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានសហការជាមួយស្ថាប័នជាតិ-អន្តរជាតិ បានរកឃើញឡចំនួនជាង​១០​ទីតាំងនៅតំបន់អង្គរតាំងពីឆ្នាំ១៩៩៥ និងបានស្រាវជ្រាវដឹងពីប្រភេទកុលាលភាជន៍ដែលផលិតនៅតាមឡនិងការប្រើប្រាស់នៅក្នុងតំបន់អង្គរ ក៏ប៉ុន្តែខ្មែរនៅពុំទាន់បានចងក្រងពាក្យបច្ចេកទេសទាក់ទងនឹងការហៅឈ្មោះកុលាលភាជន៍និងឡទាំងអស់នោះជាផ្លូវការនៅឡើយ។


ដូច្នេះហើយ ចាប់ពីថ្ងៃទី២៩ដល់៣១ ខែកក្កដា ឆ្នាំ២០១៩ មជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរ បានអញ្ជើញស្ថាប័នជាតិមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រាជបណ្ឌិតសភា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សារមន្ទីរជាតិភ្នំពេញ អាជ្ញាធរជាតិព្រះវិហារ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុង បន្ទាយមានជ័យ និងបាត់ដំបង ដើម្បីរៀបចំសិក្សាសាលាស្តីពី «ការដាក់ឱ្យប្រើប្រាស់ពាក្យបច្ចេកទេសទាក់ទងនឹងកុលាលភាជន៍»។


ទាក់ទងនឹងការពិភាក្សាគ្នាដើម្បីបង្កើតពាក្យបច្ចេកទេសហៅកុលាលភាជន៍នេះ លោកបណ្ឌិត អ៊ា ដារិទ្ធ អ្នកជំនាញកុលាល​ភាជន៍បានឱ្យដឹងថា «កន្លងមកសាស្ត្រាចារ្យ Joyce White នៃសាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិក បានបង្កើតពាក្យបច្ចេកទេសហៅកុលាលភាជន៍ជាភាសាងអង់គ្លេស ថៃ វៀតណាម ឡាវ ជប៉ុន ប៉ុន្តែមិនមានជាភាសាខ្មែរទេ»។

អ្នកជំនាញរូបនេះបន្តថា «វាមានប្រយោជន៍ណាស់ក្នុងការហៅកុលាលភាជន៍ខ្មែរឱ្យចំទៅនឹងពាក្យបច្ចេកទេស កុំឱ្យហៅខុសពាក្យ ហើយហៅផ្សេងគ្នាដោយមិនច្បាស់លាស់ ដើម្បីជាការលើកតម្លៃកុលាលភាជន៍ខ្មែរក្នុងតំបន់អាស៊ីអាគ្នេយ៍ ថាខ្មែរយើងចេះផលិតកុលាលភាជន៍រឹងតាំងពីសម័យអង្គរ មុនប្រទេសផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍ តែគេបែរជាមានការប្រើប្រាស់ពាក្យបច្ចេកទេសហៅបានត្រឹមត្រូវ»។

លោកបណ្ឌិត អ៊ា ដារិទ្ធ បន្តថា «បើយើងមិនកំណត់ឈ្មោះលើវត្ថុនោះទេ យើងមិនដឹងថាត្រូវហៅវត្ថុនោះយ៉ាងម៉េចទេឱ្យត្រូវនឹងមុខងារប្រើប្រាស់ ដូចជាខួចសម្រាប់ដាក់វត្ថុរាវ ឆ្នាំងសម្រាប់ចម្អិនអាហារជាដើម។ ចំពោះការហៅឈ្មោះនេះដែរ គឺយោងទៅលើមុខងារប្រើប្រាស់នៃប្រភេទភាជន៍បច្ចុប្បន្ន ហើយប្រៀបធៀបនឹងភាជន៍ដែលយើងរកឃើញពីអតីតកាល។ ម៉្យាងទៀត ជួន​កាល​នៅតំបន់អង្គរគេហៅភាជន៍នេះថាបែបនេះ តែតំបន់ផ្សេងគេហៅថាខុសពីនោះ។ ដូច្នេះ សិក្ខាសាលានេះក៏ផ្តោតការយកចិត្តទុកដាក់លើការហៅឈ្មោះពីតំបន់ផ្សេងៗគ្នាដែរ ដើម្បីរកឈ្មោះឱ្យបានច្រើន និងប្រើប្រាស់ត្រឹមត្រូវតាមបរិបទនៃវប្បធម៌របស់តំបន់នីមួយៗ។


សូមបញ្ចាក់ដែរថា រយៈពេលបីថ្ងៃនៃសិក្ខាសាលានេះ នឹងបង្រៀនអំពីការស្រាវជ្រាវកុលាលភាជន៍ខ្មែរ ពិភាក្សាគ្នាអំពីពាក្យបច្ចេក​ទេសនៃកុលាលភាជន៍ទាំងភាសាខ្មែរនិងអង់គ្លេស ការចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណ ថតរូបឯកសារ បញ្ចូលទិន្នន័យក្នុងកុំព្យូទ័រ ការជួសជុល និងថែរក្សាវត្ថុបុរាណ ដើម្បីជាប្រយោជន៍ដល់អ្នកបំពេញការងារប្រចាំថ្ងៃនិងជាឯកសារដ៏មានសារៈសំខាន់សម្រាប់ការស្រាវជ្រាវទៅអនាគត។

សិក្ខាសាលានេះក៏ជាការអនុវត្តទៅតាមអនុសាសន៍របស់ឯកឧត្តម ប្រាក់ សុណ្ណរ៉ា រដ្ឋលេខាធិការក្រសួងរប្បធម៌និងវិចិត្រសិល្បៈ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងពេលបិទសិក្ខាសាលាអំពីការគ្រប់គ្រង អភិរក្ស និងជួសជុលកុលាលភាជន៍កាលពីឆ្នាំ២០១៧ ដែលរៀបចំដោយអាជ្ញាធរអប្សរានិងសាកលវិទ្យាល័យហាវ៉ៃនៃសហរដ្ឋ​អាមេរិក៕

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)