របៀបសាមញ្ញខ្លះៗ ដើម្បីជួយឲ្យស្រូវបានផលច្រើន (ភាគ២ ភាគបញ្ចប់)

៦. ការបង្កល័ក្ខខ័ណ្ឌឲ្យឫសលូតលាស់បានពេញលេញល្អ

យើងតែងតែគិតថាស្រូវជាដំណាំដែលត្រូវតែដាំក្នុងទឹក។ តាមពិត វាមិនមែនជាដំណាំក្នុងទឹកទេ វាគ្រាន់តែជារុក្ខជាតិដែលធន់នឹងទឹកបាន។ ដើម្បីឲ្យមានការដុះលូតលាស់បានល្អ ស្រូវក៏ត្រូវការល័ក្ខខ័ណ្ឌលូតលាស់ដែលមានខ្យល់ចេញចូលបានល្អ។ ការមានខ្យល់ចេញចូលក្នុងទឹកនិងដីបានល្អ គឺជួយឲ្យឫសលូតលាស់បានពេញលេញកាត់បន្ថយនូវភាពពុលផ្សេងៗកើតឡើងក្នុងដី ដែល​ស្ថិតនៅក្នុងសភាពដក់ទឹកជាប់។

៧. ផ្លាស់ប្តូរស្រែឲ្យម្តងសើម​ឲ្យម្តងស្ងួត

ការអនុវត្តរបៀបនេះ អាចជួយឲ្យល័ក្ខខ័ណ្ឌសំរាប់ការលូតលាល់របស់ស្រូវបានល្អ។ នៅពេលដីស្ងួតបន្តិចខ្យល់ជ្រាបចូលក្នុងស្រទាប់ដីខាងក្រោម ហើយពេលមានទឹកចូលមក (ទឹកភ្លៀងឬការបាចទឹកបញ្ចូល) ទឹកនោះនឹងបុកខ្យល់ចូលទៅក្រោម។ ការផ្លាស់ប្តូរម្តងមានទឹកម្តងអត់ទឹកអាចជួយសំរួលដល់ការលូតលាស់របស់ឫស ហើយបរិមាណឫសចាក់ចូលក្នុងដីមានកាន់តែច្រើន។ ដូចនេះស្រូវក៏អាចងាយស្រួបយកសារធាតុចិញ្ចឹមបានច្រើនដែរ។ដើម្បីអាចធ្វើរបៀបនេះបាន គួរតែមានប្រព័ន្ធបញ្ចូលទឹកតាមស្រែនិមួយៗ ដោយជីកជាកូនប្រឡាយជុំវិញស្រែ ឬកូនត្រពាំងនៅកណ្តាលស្រែសំរាប់ត្រងយកនៅពេលមានទឹកច្រើន និងសំរាប់ស្រោចស្រពនៅពេលស្រែរីងអស់។

៨. បញ្ចូលទឹក ឬរក្សាទឹកទុកក្នុងស្រែក្នុងកំរិតមួយតិចបំផុត

នៅពេលសន្ទូងចាប់ផ្តើមចាក់ឫសបានល្អហើយ យើងអាចទុកស្រែឲ្យស្ងួតចោលពី៤-៥ថ្ងៃក៏បាន។ ប្រសិនបើមានស្នាមដីប្រេះខ្លះៗក៏មិនបញ្ហាដែរ។ ដូចនេះប្រសិនបើភាពរាំងស្ងួតរយៈពេល៤​-៥ថ្ងៃ សូមបងប្អូនកុំព្រួយបារម្ភអី។

ពេលបញ្ចូលទឹកក្នុងស្រែ យើងមិនចាំបាច់ឲ្យទឹកច្រើនពេកទេ​ គឺគ្រាន់តែលិចប្រហែលមួយថ្នាំងចុងម្រាមដៃ ឬគ្រាន់តែសើម​ជោគបានហើយ។ ការរក្សាទឹកឲ្យនៅកំរិតទាបវារារាំងមិនឲ្យស្រូវលូតដើមវែងតាមទឹក។ ការលូតដើម វែងពេកធ្វើឲ្យស្រូវមិនសូវបែកគុម្ព​ហើយងាយដួលនៅពេលក្រោយ។

ការបញ្ចូលទឹកក៏ត្រូវធ្វើនៅពេលណាមួយសមស្របដែរ ជាពិសេសពេលយប់ ពីព្រោះការធ្វើនៅពេលយប់អាចជួយសន្សំសំចៃទឹកបានប្រហែល៥០% ដោយសារវាមិនសូវមានរំហួតទឹក។ ប៉ុន្តែការអនុវត្តតាមរបៀបដូចខាងលើនេះ អាចជួបការលំបាកក្នុងស្ថាន​ភាពជាក់ស្តែង។ ក្នុងករណីមានប្រព័ន្ធស្រោចស្រពល្អ ជាពិសេសអ្នកដែលមានប្រឡាយ ឬថ្លុកសំរាប់បង្ហូរទឹកចេញនិងចូល។ មធ្យោបាយមួយទៀត គឺយើងអាចធ្វើចង្អូរតូចៗនៅក្នុងស្រែប្រៀបដូចយើងធ្វើថ្នាលសំណាបអញ្ចឹងដែរ។ ប្រសិនយើងព្យាយាមអនុវត្តរបៀបនេះបាន វាអាចធ្វើឲ្យឫសមានការលូតលាស់ល្អស្រូវគុម្ពធំ ហើយយើងអាចសន្សំសំចៃទឹកបានផង។ ចំពោះអ្នកធ្វើស្រែប្រាំងយើងក៏ត្រូវការចំណាយតិចលើថ្លៃបូមទឹកដែរ។

៩. ដកស្មៅឲ្យបានទាន់ពេល និងបានញឹកញាប់

ការធ្វើបែបនេះ មិនត្រឹមតែជួយឲ្យកសិករយើងកំចាត់នូវពួករុក្ខជាតិដែលប្រណាំងប្រជែងនឹងស្រូវទេ តែវាជា  ឱកាសមួយសំរាប់ឲ្យយើងនាំខ្យល់ចូលក្នុងទឹកនិងដី។ ប្រសិនបើយើងដកស្មៅបានញឹកញាប់ វានឹងជួយបង្កល័ក្ខខ័ណ្ឌយ៉ាងល្អដល់ការលូតលាស់របស់ឫស។ ឧ. តាមការប្រៀបធៀបការអនុវត្តរបស់កសិករ៤ក្រុមនៅប្រទេសម៉ាដាហ្គាស្កា (ប្រទេសមួយនៅទ្វីបអាហ្រិក) គេទទួលបានលទ្ធផលដូចខាងក្រោមនេះ៖

  • កសិករដែលមិនដកស្មៅសោះបានទទួលផល ៦តោនក្នុងមួយហិចតា
  • កសិករដែលដកស្មៅពី ១ដងទៅ២ដង បានទទួលផល ៧តោនក្នុងមួយហិចតា
  • កសិករដែលបានដកស្មៅ ៤ដង បានទទួលផល ១១តោនក្នុងមួយហិចតា។

លទ្ធផលខាងលើនេះ អាចបញ្ជាក់ឲ្យឃើញថា តាមរយៈការដកស្មៅចំនួន៤ដង លទ្ធផលស្រូវអាចទទួលបានជិត ២ដងច្រើនជាងមិនដកស្មៅ។​

១០. ការធ្វើឲ្យខ្យល់ចេញចូលក្នុងទឹក និងដីឲ្យបានច្រើន

ស្រូវក៏ដូចជារុក្ខជាតិនិងសត្វលោកដទៃទៀតដែរ គឺវាត្រូវការខ្យល់គ្រប់គ្រាន់សំរាប់ការរស់នៅនិងលូតលាស់របស់វា។ ដូចនេះដើម្បីឲ្យឫសស្រូវលូតលាស់បានពេញលេញល្អហើយងាយស្រួបយកជីជាតិក្នុងដីបានគ្រប់គ្រាន់យើងគួរឧស្សាហ៍ចុះក្នុងស្រែដើម្បីធ្វើឲ្យទឹកនិងដីផុសមានចលនា។

មានកសិករខ្លះដើរបំផុសដីតាមគុម្ពស្រូវ ដោយប្រើជើងសំរាប់ជាន់ជញ្រ្ជាំងផុក មានអ្នកខ្លះគេប្រើឧបករណ៍ផ្សេងៗ ដែលអាចជួយរាស់ដីនៅចន្លោះគុម្ពឲ្យផុសឡើង ជាពិសេសរាស់ដីនៅចន្លោះគុម្ពឲ្យផុសឡើង ជាពិសេសចំពោះដីស្រែដែលមានសភាពរឹង ហើយការដកស្មៅក៏អាចជួយយ៉ាងច្រើនដល់ការនាំខ្យល់ចូលក្នុងដី។

ការប្រើស្លឹកឈើជាជីបន្ថែម ក្នុងដំណាក់កាលលូតលាស់របស់ស្រូវយើងអាចជួយជំរុញការលូតលាស់របស់វាឲ្យកាន់តែល្អឡើងតាមរយៈប្រើជីផ្សេងៗ។ តាមបទពិសោធន៍កន្លងមក យើងអាចប្រើស្លឹកឈើផ្សេងៗដូចជាស្លឹកទន្ទ្រានខែត្រ អង្កាញ់ កន្ធំថេត…ជាជីបំប៉នបានដែរ។ យើងបាចស្លឹកឈើលើផ្ទៃទឹកឬផ្ទៃដី ហើយទុកឲ្យវារលួយចោល។ នៅពេលបាចយើងមិនចាំបាច់កប់វាបញ្ចូលក្នុងដីទេ។

បន្ទាប់ពីបាចហើយរយៈពេលប្រហែល១អាទិត្យ ស្រូវនឹងប្រែពណ៌បៃតងល្អខុសពីធម្មតា។ ចំពោះបរិមាណស្លឹក​រុក្ខជាតិដែលត្រូវ​បាច គឺយើងគួរប្រើប្រហែល៤០០គីឡូក្រាមលើផ្ទៃដី១០អារ។យកល្អស្លឹករុក្ខជាតិគួរទុកចោលឲ្យស្ងួតសិន ឬឲ្យងាប់បានប្រហែល​១អាទិត្យសិនមុននឹងយកទៅបាច ពីព្រោះកាលណាយើងប្រើស្លឹកស្រស់ពេក វាអាចនាំមកនូវក្លិននិងកំដៅខ្លាំង ដែលអាចមានឥទ្ធិពលមិនល្អដល់ដំណាំស្រូវនៅពេល២-៣ថ្ងៃដំបូង។ ប្រសិនបើយើងមានស្លឹករុក្ខជាតិគ្រប់គ្រាន់ យើងគួរអនុវត្តរបៀបនេះឲ្យបាន២-៣ដង ក្នុងដំណាក់កាលលូតលាស់របស់ស្រូវ (ពីចាប់ផ្តើមបែកគុម្ពដល់ការកកូរ)៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)