របៀបសាមញ្ញខ្លះៗ ដើម្បីជួយឲ្យស្រូវបានផលច្រើន (ភាគ ១)

ដើម្បីជួយដល់ការខំប្រឹងប្រែងរបស់បងប្អូនកសិករក្នុងការបង្កើនផលស្រូវរដូវវស្សានេះមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (អង្គការសេដាក) សូមលើកយកពីររបៀបសាមញ្ញៗមួយចំនួនសំរាប់បងប្អូនសាកល្បងតាមដូចខាងក្រោម៖

១. ការជួយផ្តល់ជីជាតិដល់ស្រូវឲ្យបានច្រើន

ជាទូទៅមានកសិករខ្លះបានដឹកជីយកទៅគរជាពំនូកតូចៗទុកចោលតាមវាលស្រែ។ ការគរទុកចោលរបៀបនេះអាចឲ្យជីអាចម៍គោដែលយើងខំសន្សំ បាត់អស់ជីជាតិមួយចំនួនតាមរយៈការហើរចេញ។ ដូចនេះយកល្អ សូមបងប្អូនជៀសវាងយកជីទៅគរជាពំនូកតូចៗចោល។ សូមប្រមូលវាទុកមួយដុំ ហើយលាយជាមួយស្លឹកឈើ ចំបើង និងកាកសំណល់រុក្ខជាតិផ្សេងៗ រួចទុកឲ្យពុកឬឲ្យកាច់សិន ហើយចាំដឹកយកទៅចាក់ស្រែ (ធ្វើរបៀបនេះគេហៅថា ការធ្វើជីកំប៉ុស្ត)។

នៅពេលយកទៅដាក់ស្រែ យើងត្រូវភ្ជួរវាលុបក្នុងដីភ្លាមៗ។ ប្រសិនបើយើងដឹកយកទៅចាក់ជាពំពូកតូចៗ នៅពេលដែលត្រូវភ្ជួរគឺវាលំបាកក្នុងការដឹកជញ្ជូន ដូចនេះបងប្អូនដែលដឹកយកទៅគរទុកមុនសូមគរវាជាពំនូកធំនៅកន្លែងណាមួយ។ បន្ទាប់មកយើងយកធាងដូង ឬធាងត្នោត ឬសំភារៈផ្សេងៗ មកគ្របពីលើគំនរនេះ។ នៅពេលដែលយើងត្រូវដាស់ដី ពេលនោះយើងអាចកាយវាបែងចែកឲ្យសព្វ។

២. គ្រាប់ពូជដែលត្រូវសាប

ដើម្បីធានាឲ្យស្រូវយើងដុះមកមានកំលាំងពេញលេញល្អ​ យើងត្រូវរើសយកស្រូវដែលមានគ្រាប់អង្ករពេញណែនល្អមកប្រើជាគ្រាប់ពូជសំរាប់សាប។ ដើម្បីបានគ្រាប់ដែលពេញល្អ គេយកគ្រាប់ពូជទៅត្រាំក្នុងទឹកចោលហើយស្រង់យកគ្រាប់ដែលអណ្តែតៗចេញហើយទុកតែគ្រាប់ដែលលិចក្នុងបាតធុងយកមកសាបបានហើយ។

ដើម្បីធានាឲ្យបានគ្រាប់ពេញកាន់តែច្រើនថែមទៀត គេយកគ្រាប់ស្រូវទៅត្រាំទឹកអំបិល។ការត្រាំទឹកអំបិលធ្វើឲ្យយើងអាចទទួលគ្រាប់ស្រូវដែលពេញល្អបានច្រើនជាងត្រាំទឹកធម្មតា ពីព្រោះគ្រាប់ដែលពេញល្មមៗក៏អណ្តែតដែរ​។ គ្រាប់ពេញល្អស្រូវលូតលាស់ល្អ។

៣. ការធានាឲ្យបានសំណាបល្អ

ដើម្បីឲ្យបានសំណាបល្អសំរាប់ស្ទូង យើងគួរធ្វើយ៉ាងណាឲ្យថ្នាលសំណាបមានជីជាតិល្អដូចពាក្យចាស់ថា “សំណាបយោងដី”។ ដូចនេះសំរាប់ថ្នាលសំណាប យើងត្រូវប្រើជីកំប៉ុស្តឲ្យបានច្រើន។

ចំណុចសំខាន់មួយទៀត គឺមិនត្រូវឲ្យថ្នាលសំណាបរបស់យើងដក់ទឹកទេ។ ប្រសិនបើសំណាបដក់ទឹកនាំឲ្យវាអាចឈ្លក់ទឹក ហើយធ្វើឲ្យកូនស្រូវខំលូតតាមទឹកនាំឲ្យវាមានរាងស្តើងមិនសូវរឹងមាំ។ ដូចនេះគេគួរធ្វើថ្នាលសំណាបនៅកន្លែងទួលខ្ពស់ ឬលើកថ្នាលសំណាបឲ្យបានខ្ពស់។ នៅលើផ្ទៃថ្នាលសំណាប គេគួរតែធ្វើចង្អូរខ្វាត់ខ្វែងឲ្យបានច្រើន ដើម្បីត្រងយកទឹកពេលមានភ្លៀងខ្លាំង។ កាលណាសំណាបរឹងមាំល្អសន្ទូងក៏ល្អដែរ ហើយស្រូវក៏បានផលច្រើនដែរ។

សំណាបល្អមានន័យថា សំណាប ដែលមានលក្ខណៈសំគាល់ដូចខាងក្រោមនេះ៖

  • សំណាបថ្លោស (រីកទទឹង)
  • ដើមនិងស្លឹកសំណាបមានពណ៌ខៀវបៃតង
  • គ្មានរោគសញ្ញាជំងឺ ឬការបំផ្លាញផ្សេងៗ
  • មានឫសវែង និងពណ៌ស
  • មានបែកខ្នែង (ប្រសិនបើសំណាបមានអាយុចាស់បន្តិច)។

សូមបញ្ជាក់ថា នៅពេលយើងមានសំណាបថ្លោសពេលស្ទូង យើងត្រូវការតែសំណាប១ដើម ឬយ៉ាងច្រើនបំផុត ៣ដើមប៉ុណ្ណោះសំរាប់ស្ទូង។ ដូចនេះយើងមិនត្រូវការគ្រាប់ពូជច្រើននិងថ្នាលសំណាបធំដែលនាំឲ្យមានការលំបាកក្នុងការរៀបចំនិងថែទាំទេ។ តាមបទពិសោធន៍ជាមធ្យម យើងត្រូវការពូជប្រហែល១០-១២គីឡូក្រាម ហើយថ្នាលសំណាបដែលមានទំហំប្រហែល៥០០ម៉ែត្រក្រឡា (៥០x១០ម៉ែត្រ) ឬយ៉ាងច្រើនបំផុត២០គីឡូក្រាម និងផ្ទៃដីថ្នាលសំណាបធំបំផុតចំនួន៨០០ម៉ែត្រក្រឡា (៨០​x១០ម៉ែត្រ) សំរាប់ការស្ទូងលើដី១ហិចតា។ សរុបមកមានសំណាបថ្លោសសំរាប់ស្ទូង ជាកត្តាមួយចាំបាច់ក្នុងការធ្វើស្រែឲ្យបានផលខ្ពស់ ហើយការធ្វើឲ្យមានសំណាបថ្លោស ក៏មិនត្រូវការបច្ចេកទេសទំនើបនិងធនធានបន្ថែមពីខាងក្រៅទេ សំខាន់ការយល់ដឹងភ្ញាក់រលឹក និងការយកចិត្តទុកដាក់និងការផ្លាស់ប្តូរនូវទំលាប់មួយចំនួនរបស់កសិករយើង។

៤​​​​. ការធ្វើដីស្រែឲ្យស្មើល្អ

គ្មានស្រែណាដែលមានផ្ទៃដីស្មើទេ ទោះបីជាគេខំពង្រាបកាយវាឲ្យស្មើយ៉ាងណាក៏ដោយ។ ដើម្បីងាយស្រួលធានាថា ឲ្យដីស្រែស្មើល្អ គេគួរតែចែកវាជាស្រែតូចៗ។ ការចែកស្រែវាខាតដីមែនតែស្រែយើងរាងស្មើជាងមុន រីឯការ​លូតលាស់របស់ស្រូវក៏ស្មើល្អដោយការបែងចែកទឹកនិងជីមានភាពស្មើជាងដីស្រែធំ។ តាមបទពិសោធន៍អ៊ំ ម៉ី សោម នៅភូមិត្រពាំងរាំង ឃុំម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល នៅពេលគាត់ចែកស្រែរបស់គាត់ជា៦កូនស្រែតូចៗ គាត់បានទទួលផលលើសពីកាលដែលមិនទាន់ចែកស្រែបានជិត២ដង ពីព្រោះគាត់ងាយគ្រប់គ្រងទឹក​និងជីបានល្អ។

៥. ការស្ទូង

. សំណាបដែលនៅខ្ចី ជាទូទៅពេលស្ទូងបែកគុម្ពច្រើនជាងសំណាបចាស់។ ដូចនេះយកល្អស្ទូងតែសំណាបណាដែលនៅខ្ចី ជាពិសេសគឺសំណាបដែលមានអាយុចន្លោះពី៨ទៅ១៤ថ្ងៃ អាស្រ័យទៅតាមស្រូវ។ សំណាប​ដែល​ត្រូវស្ទូងគួរមានស្លឹកតែពីរបានហើយ។ តែយើងអាចពិសោធន៍ប្រៀបធៀបមើល តើអាយុសំណាបមួយណាដែល​សមស្របជាងគេសំរាប់ពូជនិងដីរបស់ស្រែយើង។

ខ. យើងត្រូវបង្កលក្ខណៈឲ្យឫសអាចលូតលាស់បានភ្លាមក្រោយពីស្ទូងហើយ។​ ដូចនេះត្រូវដកភ្លាមស្ទូងភ្លាមដោយទុកយ៉ាងយូរបំផុតត្រឹមកន្លះម៉ោងដើម្បីកុំឲ្យឫសស្ងួត។ នៅពេលដកយើងត្រូវជ្រើសរើសយកតែសំណាប​ណា ដែលមានដើមថ្លោសរឹងមាំបានហើយ។ សំណាបត្រូវដកថ្នមៗដោយធ្វើយ៉ាងណាត្រូវឲ្យដោយឫសទាំងអស់​ហើយមិនត្រូវយកមកបោកដីចេញទេ ​ហើយយើងក៏មិនចាំបាច់កាត់ចុងសំណាបចេញដែរ។​ ពេលស្ទូងត្រូវ​ស្ទូង​យ៉ាងណាកុំឲ្យឫសបត់រាងដូចផ្លែសន្ទូច ដូចរបៀបយើងស្ទូងធម្មតា គឺយើងត្រូវប្រមូល​ឫស​ ហើយបត់វាឲ្យត្រង់លើ​ដី ហើយកាយដីកប់និងសង្កត់ពីលើសើរៗ។

គ. ចំពោះសំណាបនៅខ្ចី ពេលស្ទូងចាប់ដើមតិចបែកគុម្ពច្រើនជាងការស្ទូង​ចាប់ដើមច្រើន។ ដូចនេះយកល្អ យើង​ត្រូវស្ទូងម្តងមួយៗ គឺមួយគុម្ពត្រូវស្ទូងតែមួយដើមបានហើយ។ កាលបើយើងស្ទូងតែមួយដើម ឫសមានលទ្ធភាព លូតលាស់ច្រើនជាងស្ទូងច្រើនដើម។ ដើម្បីចង់ដឹងថា​ តើស្ទូងតែមួយដើមឫសមានលទ្ធភាពលូតលាស់ច្រើនជាង​ស្ទូងច្រើនដើម យើងអាចពិសោធន៍ប្រៀបធៀបការស្ទូង១ដើមជាមួយ ២ដើម​ ៣ដើមមើល។

ឃ. យើងគួរស្ទូងឲ្យឃ្លាតឆ្ងាយពីគ្នា​ ពីព្រោះស្រូវដែលស្ទូងរង្វើលបែកគុម្ពច្រើនជាងស្រូវដែលស្ទូងញឹក។ យក​ល្អ​យើងត្រូវស្ទូងឲ្យឆ្ងាយពីគ្នាចន្លោះប្រហែល២,៥តឹកទៅកន្លះម៉ែត្រ។ យើងគួរពិសោធន៍ប្រៀបធៀបមើល តើ​ចន្លោះ​​គុម្ពមួយណាសមស្របជាងគេសំរាប់ដីស្រែ​ និងពូជស្រូវរបស់យើង។

ង. ពេលស្ទូងដីស្រែគ្រាន់តែឲ្យសើមបាន​ហើយ​ គឺមិនបាច់ឲ្យមានទឹកដក់ក្នុងស្រែទេ។​បើមានទឹកដក់ច្រើនត្រូវបង្ហូរ​ចេញ​ឲ្យអស់។​ការធ្វើរបៀបនេះ វាជៀសវាងមិនឲ្យសន្ទូងឈ្លក់ទឹក។ ដូចនេះ យើងគួរស្ទូងឲ្យបានដើមដៃ មិនចាំ​បាច់​ចាំ​ពេលស្រែមានទឹកដក់ទេ៕

(រង់ចាំអានភាគ២ ជាភាគបញ្ចប់)

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)