ការកែលម្អគុណភាពស្រូវនៅក្រោយពេលច្រូតកាត់

ច្រូតកាត់ស្រូវ

យើងចាំបាច់ត្រូវពិនិត្យមើលនូវកម្រិតទុំជាក់ស្ដែងរបស់គ្រាប់ស្រូវដែលមានទុំពី ៨០ ទៅ ៨៥ % មានពណ៌ដូចចំបើង (លឿងទុំ) ហើយគ្រាប់ដែលនៅផ្នែកខាងគល់កួរស្ថិតក្នុងស្ថានភាពដាក់ម្សៅរឹង។ បើគ្រាប់​ស្រូវស្ងួតជ្រុល ឬទុំញោស បណ្ដាលឲ្យជ្រុះខ្ចាត់ខ្ចាយក្នុងស្រែច្រើន ងាយប្រេះស្រាំនៅពេលបោកបែន និងបាក់នៅពេលកិនអង្ករ។ប៉ុន្តែបើឆាប់ច្រូតពេកធ្វើឲ្យគ្រាប់ស្រូវនៅខ្ចីមានលក្ខណៈស្ដើងនិងសាច់ខាងក្នុងផុយដូចដីសដែលធ្វើឲ្យកើតមាននូវ កន្ទក់និងចុងអង្ករច្រើននៅពេលកិនអង្ករ។

ការសម្ងួតនៅមុនពេលបោកបែន

យើងគួរសម្ងួតដី ឬកណ្ដាប់នៅមុនពេលបោកបែន ដើម្បីឲ្យងាយស្រួលក្នុងការបោកបែន។ ជៀសវាងការគរដៃឬកណ្ដាប់សើមព្រោះវាអាចធ្វើឲ្យដុះផ្សិតលើគ្រាប់ស្រូវដែលបង្កឲ្យគ្រាប់អង្ករឡើងពណ៌លឿង​។តែកុំឲ្យវាស្ងួតជ្រុលពេក ព្រោះវានឹងឲ្យមានការជ្រុះគ្រាប់ច្រើននៅពេលប្រមូល និងដឹកជញ្ចូន។

ការបោកបែន

ត្រូវប្រុងប្រយ័ត្នកុំធ្វើឲ្យបាក់គ្រាប់ ឬបែកសម្បកស្រូវ ព្រោះវាអាចបង្កលក្ខណៈងាយស្រួលដល់សកម្ម​ភាពសត្វល្អិត និងផ្សិត។ ប្រសិនបើបោកស្រូវដោយម៉ាស៊ីនស្រូវ ត្រូវមានកំរិតសំណើមពី២០ទៅ២៥%។ តែបើបោកដោយដៃ កំរិតសំណើមគួរតែស្ថិតក្រោម២០%។ ជៀសវាងការប្រើសត្វដើម្បីបញ្ជាន់ព្រោះគ្រាប់ស្រូវនឹងត្រូវខ្ទេចខូចដោយសារក្រចករបស់វា​ ហើយអាចកខ្វក់ដោយសារលាមករបស់វាប្រសិនបើវាជុះ​។

ការហាលសម្ងួតស្រូវ

គ្រាប់ស្រូវដែលបោកហើយត្រូវហាលភ្លាម ប្រសិនបើផ្អាប់ទុកវា២-៣ថ្ងៃ វាធ្វើអាប់ពណ៌។ ត្រូវចាប់ហាលពីម៉ោង៨ព្រឹកដល់ម៉ោង៤ល្ងាច ឲ្យកំរាស់ពី២-៣ហ៊ុន(សង្ទីម៉ែត្រ) ប្រើប្រាស់កន្ទេលស្លឹកត្នោត តង់កៅស៊ូឬស្បៃនីឡុងធ្វើជាទ្រនាប់ឬកំរាលហាល។ ត្រូវវីត្រឡប់ស្រូវរៀងរាល់កន្លះម៉ោងម្តង នៅពេលថ្ងៃក្តៅខ្លាំង​ពីម៉ោង១១ដល់ម៉ោង២រសៀល និងក្រៅពីនេះរៀងរាល់១ម៉ោងម្តង។ នៅពេលស្រូវស្ងួត(សំណើមគ្រាប់១៤%) ត្រូវប្រមូលគរទុកមួយយប់រួចសឹមកើបទុកក្នុងជង្រុក។ មុនពេលច្រកបាវឬកើបទុកក្នុងជង្រុកត្រូវពិនិត្យមើលស្រូវម្តងទៀតដើម្បីឲ្យប្រាកដថាវាស្ងួតអាចទុកដាក់បាន។

ការទុកដាក់ស្រូវ

គន្លឹះសំរាប់ការទុកដាក់ឲ្យបានល្អ គឺអនាម័យនិងកំរិតសំណើម។ ត្រូវរក្សាសំណើមឲ្យនៅជុំវិញ១៤%។ ស្រូវដែលផលិតតាមគោលការណ៍ធម្មជាតិមិនត្រូវដាក់លាយជាមួយស្រូវធម្មតាទេ។

រក្សាកន្លែងទុកដាក់ ឬជង្រុកឲ្យបានស្អាតនិងមិនត្រូវប្រើ ឬទុកថ្នាំពុលនៅក្នុងជង្រុកស្រូវទេ។ ត្រូវប្រើវិធីសាស្រ្តតាមបែបធម្មជាតិដើម្បីកំចាត់កត្តាចង្រៃដូចជាប្រើធ្យូង ស្លឹកប្រេងខ្យល់ ដើម្បីបញ្ចេញខ្មូត ដាក់អង្គប់ចាប់កណ្តុរ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)