បដិមាព្រះសិវៈរាំ បែកខ្ទេចខ្ទាំជា ១ម៉ឺនបំណែក កំពុងជួសជុលផ្គុំឡើងវិញ

តាមគេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា រូបសំណាកព្រះសិវៈរាំ ដែលមានប្រភពមកពីប្រាសាទក្រហមនៅតំបន់ប្រាសាទកោះកេរ បច្ចុប្បន្នគឺបែកខ្ទេចខ្ទាំជា១០.០០០ (១ម៉ឺន) បំណែក ត្រូវបានអ្នកជំនាញនៃអភិរក្សដ្ឋានអង្គរ កំពុងធ្វើការជួសជុលដោយយកចិត្តទុកដាក់និងអត់ធ្មត់បំផុតដើម្បីផ្គុំបំណែកតូចៗឱ្យមានរូបរាងឡើងវិញ។

នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានអញ្ជើញពិនិត្យតាមដានការងារទូទៅស្តីពីការជួសជុលនិងផ្គុំ រូបព្រះសីវៈរាំឡើងវិញនៅអភិរក្សដ្ឋានអង្គរ។ លោកជំទាវ ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អ្នកជំនាញអភិរក្សទាំងអស់ ដែលបានតស៊ូព្យាយាមសិក្សាស្រាវជ្រាវនិងការតភ្ជាប់រូបបដិមាដ៏ធំនេះ ដើម្បីរក្សាតម្លៃសិល្បៈបុរាណខ្មែរទុកជាកេរតំណែលសម្រាប់អ្នកជំនាន់ក្រោយ៕

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)