រងលើកខ្ពស់ ឬរងកាប់ជ្រៅ

រងលើកខ្ពស់ ឬរងកាប់ជ្រៅ ជាប្រភេទរងមួយមានជារណ្តៅ ឬពំនូន (ការពូន) ដែលក្នុងរណ្ដៅ ឬពំនូននេះគេកប់បញ្ចូលនូវសារធាតុសរីរាង្គ ជាពិសេសរុក្ខជាតិផ្សេងៗ។ រងនេះមានល្ខណៈសមស្របបំផុតចំពោះតំបន់ណាដែលដីមិនសូវផុសល្អ ឬមានការជាំទឹកខ្លាំង។ ការធ្វើរបៀបនេះ ផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់ម្ចាស់សួន៖

  • រុក្ខជាតិអាចចាក់ឫសបានស្រួលដោយសារដីផុសល្អ
  • រក្សាសំណើមក្នុងដីបានយូរ ហើយមិនសូវទាមទារឱ្យមានការស្រោចទឹកញឹកញាប់ (ជាពិសេសនៅពេលឫសចាក់ដល់ស្រទាប់ជីដែលរលួយ)
  • ផ្តល់ជីជាតិបន្តិចម្តងៗ តាមរយៈភាពពុកនៃសារធាតុសរីរាង្គដែលមានក្នុងរណ្ដៅ ឬពំនូន
  • ទប់ស្កាត់ការហូរសឹក ឬហូរច្រោះដោយទឹកជ្រាបចូលក្នុងដីបានលឿន
  • អាចដាំដំណាំបន្លែមមួយសារទៀតក្រោយពីប្រមូលផល ដោយមិនទាមទារឱ្យលើកជារងថ្មីទេ គឺគ្រាន់តែជ្រោយដីប៉ុណ្ណោះ។ ក៏ប៉ុន្តែ គេត្រូវដូរប្រភេទដំណាំ។

ទន្ទឹមនឹងគុណសម្បត្តិ រងខ្ពស់ក៏អាចនាំបញ្ហាមួយចំនួនដែរ ដូចជា៖

  • ត្រូវការសារធាតុសរីរាង្គច្រើន
  • ត្រូវការកម្លាំងច្រើនជាងការធ្វើរងធម្មតា
  • ពេលដំបូង ការលូតលាស់របស់បន្លែរាងយឺត ដោយសារធាតុសរីរាង្គមិនទាន់ពុកផុយ។

របៀបធ្វើ និង ដាំ

១-គូសចំណាំនូវកន្លែងដែលត្រូវធ្វើរង ហើយចាំងស្មៅចេញដោយយកស្មៅទុកមួយដុំ សម្រាប់​ប្រើដាក់ចូលក្នុងរណ្ដៅវិញ។

២-ជីករណ្ដៅឱ្យបានជ្រៅ ៣តឹក ហើយយកអាចម៌ដីគរទុកមួយដុំ។

៣-បន្ទាប់ពីជីកហើយ បំផុសបាតរណ្ដៅ។

៤-កប់បញ្ចូលនូវស្លឹកឈើ ស្មៅ កាកសំណល់រុក្ខជាតិផ្សេងៗ និងលាមកសត្វខ្លះៗ ឬបន្តិចបន្តូច (ប្រហែល ១/៤ នៃបរិមាណណស្លឹកឈើ)។

៥-យកអាចម៌ដីមកកប់ពីលើរណ្ដៅវិញទាំងអស់ ហើយកំរាស់សាច់ដី គឺត្រូវយ៉ាងតិចបំផុត​ក៏​ប្រវែង​មួយចំអាមដែរ។

៦-យកជីកំប៉ុស្តមកលាយជាមួយអាចម៌ដីនេះ បើអត់ជីកំប៉ុស្ត យើងអាចប្រើលាមកសត្វដែលពុក​ៗ​ ឬយកដីស្រទាប់លើដែលមានជីជាតិ។

៧-ស្រោចទឹកលើផ្ទៃរងឱ្យជោគ។

៨-យកស្លឹកឈើគ្របលើផ្ទៃរង ហើយទុកចោលប្រហែល ១អាទិត្យទៅ ២អាទិត្យ មុនដាំ។ នៅពេលដាំ បើយើងដាំពេលល្ងាច គឺស្រោចទឹកពេលព្រឹក (ស្រោចមុនពេលដាំ)។

៩-ចាប់ផ្តើមដាំបន្ទាប់ពីស្រោចហើយបានប្រហែល ៥ម៉ោងក្រោយមក។ សូមកុំស្រោចទឹកថែមទៀតមុនពេលដាំភ្លាម ហើយក្រោយពេលដាំ។ សូមរក្សាគំរបដីនៅដដែល។

១០មួយថ្ងៃ ឬ២ថ្ងៃក្រោយមក បើរងមានសភាពស្ងួត យើងអាចស្រោចទឹកបន្ថែម។

កំណត់សម្គាល់ផ្សេងៗក្នុងការធ្វើរងនេះ

  • បរិមាណជីលាមកសត្វ គួរតែស្មើប្រហែលមួយ ១/៤នៃសារធាតុសរីរាង្គទាំងអស់។
  • បើពិបាកកាប់ចូលទៅជ្រៅខ្លាំង យើងអាចធ្វើជារបៀបពូនឡើងវិញ។ យើងអាចប្រើដើមចេក ឬ កំណាត់ឈើជារបាំងសងខាងរង ដើម្បីងាយស្រួលគរសារធាតុសរីរាង្គ និងពូនដី
  • ប្រសិនបើនៅកន្លែងដែលជាដីខ្សាច់ យើងគួរលាយដីដំបូកន្លះៗជាមួយដីដែលពូនជារងខាងលើ​៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)