អំពីមីក្រូសរីរាង្គមានប្រសិទ្ធភាព ឬ (EM-អ៊ីអឹម)

(EM) ជាអក្សរកាត់មកពីពាក្យភាសាអង់គ្លេស (Efective Microorganism ) ដែលបកប្រែជាខ្មែរមកថា មីក្រូសរីរាង្គ មានប្រសិទ្ធ​ភាព។ ដូចនេះពាក្យ (EMអ៊ីអឹម​) មានបង្កប់ពាក្យ មីក្រូសរីរាង្គ ដែលមានន័យថារបស់មានជីវិតមានទំហំតូច ដែលមិនងាយមើលឃើញនឹងភ្នែកបាន តែងាយមើលឃើញតាមរយៈ មីក្រូស្កុប ឬកែវពង្រីក។ ចំណែកពាក្យ ប្រសិទ្ធភាព មានន័យថា នៅពេលមីក្រូសរីរាង្គនេះអាចធ្វើការកែលម្អ ឬផ្លាស់ប្តូរនូវស្ថានភាពបរិស្ថានឲ្យមានលក្ខណៈល្អប្រសើរនៅពេលគេប្រើវា។ អ្នកដែលប្រើឬបង្កើតពាក្យ EM នេះមុនគេ គឺលោកសាស្ត្រាចារ្យជនជាតិជប៉ុនឈ្មោះ ទើរ៉ូ ហ៊ីហ្គា (Teuro Higa) ដែលបានធ្វើការពិសោធ​លើមីក្រូសរីរាង្គកាលពីជាង២០ឆ្នាំមុន ក្នុងគោលបំណងរុករកនូវដំណោះស្រាយមួយ សម្រាប់កសិកម្មមួយដែលគ្មានការប្រើជីគីមីនិងថ្នាំពុលគីមី។

តាមទស្សនៈរបស់លោក​ ហ៊ីហ្គា នៅក្នុងធម្មជាតិមានពពួកមីក្រូសរីរាង្គចំនួន៣ក្រុម គឺពពួកវិជ្ជមាន (មានប្រយោជន៍), ពពួកអវិជ្ជមាន និងពពួកអព្យាក្រិត។គាត់បានរកឃើញថា មានពពួកវិជ្ជមាន ឬពពួកមានប្រយោជន៍​មានចំនួន៨០មុខ ហើយគាត់យល់ថា ការផ្តុំចូលគ្នានូវពួកមានប្រយោជន៍យកមកប្រើប្រាស់វា នាំមកនូវផលប្រយោជន៍ជាច្រើនដល់មនុស្សលោក។ ឧ. ប្រសិនបើយើងយកត្រសក់ទុកចោលកណ្តាលវាល វាត្រូវរលួយស្អុយ ដោយសារតែសកម្មភាពរបស់មីក្រូសរីរាង្គអវិជ្ជមាន។ ផ្ទុយទៅវិញ ប្រសិនបើយើងយកត្រសក់ទៅជ្រក់ក្នុងកែវ ដែលបិទជិតវាមិនរលួយទេ ហើយវាក្លាយជាចំណីដ៏ឆ្ងាញ់សម្រាប់មនុស្ស។ នេះដោយសារឥទ្ធិពលរបស់មីក្រូ  សរីរាង្គវិជ្ជមាន ពីព្រោះវាអាចរស់នៅបានល្អក្នុងលក្ខខណ្ឌឲ្យប្រភេទមីក្រូសរីរាង្គច្រើនមុខ ដែលអាចរស់នៅជាមួយគ្នាបានមកប្រើចូលគ្នា ដើម្បីបង្កើតនូវប្រសិទ្ធភាពពិសេសសម្រាប់រុក្ខជាតិ សត្វ មនុស្ស។

តាមការយល់ឃើញរបស់លោក ហ៊ីហ្គា ជាទូទៅការគ្រប់គ្រងឲ្យមានពពួកប្រភេទមានប្រយោជន៍និងមានប្រសិទ្ធភាពមានចំនួនច្រើន វាជួយសំអាត​ដីនិងបរិស្ថាន ពីភាពពុលកខ្វក់ និងជំងឺ ហើយជួយលើកតម្កើននូវការលូតលាស់របស់ដំណាំឲ្យបានផលល្អ។ ផ្ទុយទៅវិញពពួកប្រភេទអវិជ្ជមាន ជាអ្នកនាំមកនូវមេរោគនិងជំងឺ។ មីក្រូសរីរាង្គវិជ្ជមានអាចទប់ស្កាត់មិនឲ្យពពួកនេះរីកដុះ ដាលបាន។

ការប្រើប្រាស់មីក្រូសរីរាង្គ សម្រាប់ផលប្រយោជន៍របស់មនុស្ស វាមិនមែនជារឿងថ្មីទេ។ ឧ.ពពួកប្រភេទមីក្រូសរីរាង្គមានប្រយោជន៍​​មាននៅក្នុងជ្រក់ស្ពៃ ជ្រក់ត្រសក់ និងជ្រក់ផ្សេងៗ ក៏ដូចជាមាននៅក្នុងមេសម្រាប់បិតស្រាធ្វើនំប៉័ងជាដើម។ ប្រសិន​បើយើងយកទឹកជ្រក់ផ្សេងៗទៅលាយទឹកស្រោចដំណាំ ក៏វាអាចនាំឲ្យដំណាំលូតលាស់បានល្អដែរ។ នៅក្នុងការចិញ្ចឹមសត្វ ការប្រើមីក្រូសរីរាង្គមានប្រយោជន៍ វាជួយបង្កើនល្បឿនក្នុងការ “កាច់បំបែក“ នូវលាមកសត្វដែលធ្វើឲ្យវាមិនមានក្លិនស្អុយ ហើយក្លាយជាជីប្រកបដោយគុណភាពខ្ពស់៕

ប្រភព ទស្សនាវដ្តីកសិករ

ដាក់រូបភាព ដោយសហគមន៍សម្បូរសប្បាយ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)