របៀបដាក់ជី និងស្រោចទឹកលើដំណាំឈើហូបផ្លែ

បទពិសោធន៍កន្លងមក បានបង្ហាញឱ្យឃើញថា ការធ្វើជាចង្អូរនៅជុំវិញដើមឈើ​ហូប​ផ្លែ​សម្រាប់ដាក់ជី និងស្រោចទឹក អាច ជួយឱ្យដើមឈើហូបផ្លែលូតលាស់ និងបានផលល្អ។ ដូចនេះ យើងខ្ញុំសូមលើកយករបៀបអនុវត្តនូវបច្ចេកទេសនេះ មកបង្ហាញដូចតទៅ៖

១-យើងត្រូវជីកចង្អូរជារាងរង្វង់ជុំវិញគល់ឈើ ដោយកន្លែងជីកចង្អូរត្រូវនៅចំកន្លែងចុង​មែក​របស់ដើមឈើ ឬកូនឈើនោះ ពីព្រោះជាកន្លែងដែលឫសលូតលាស់ដល់ ហើយជាកន្លែងដែល​ប្រជុំ​នូវប្រព័ន្ធឫសដែលស្រូបយកជីជាតិ និងទឹកពីដី (រូបទី១ និងរូបទី២)។ ទំហំរបស់ចង្អូរគឺ ទទឹង ១,៥ ទៅ ២តឹក ហើយជំរៅប្រហែល ១,៥ ទៅ ២តឹកដែរ។

២-បន្ទាប់មក យើងប្រមូលយកស្លឹកឈើ លាមកសត្វ និងជីធម្មជាតិផ្សេងៗ យកមកដាក់​បំពេញ​តាមចង្អូរនេះ។ នៅពេលចង្អូរពេញ យើងអាចលាយដីពីលើថែមបន្តិចៗ (សូមប្រើដីស្រទាប់​លើ)​។ យើងក៏អាចយកផេះលាយជាមួយដីបន្ថែមបានដែរ។

៣-នៅពេលយើងស្រោចទឹកបន្ថែម យើងស្រោចតែតាមចង្អូរបានហើយ។ ប្រសិនយើងមាន​ជី​ទឹកសម្រាប់ស្រោចជាការមួយល្អណាស់ ជាពិសេសនៅពេលមុនឈើរៀបចេញផ្លែ ឬកំពុងចេញ​ផ្កា​បានបន្តិច។ (មើលរូបខាងក្រោម)

៤-ក្នុងរយៈពេល ២-៣អាទិត្យក្រោយមក សារធាតុសរីរាង្គត្រូវបានពុកបន្តិចម្តងៗ ពេលនោះជីក្នុង​រណ្តៅក៏ស្រុតចុះដែរ។ ដូចនេះ យើងត្រូវឧស្សាហ៍ដាក់ជីបន្ថែម។ (មើលរូបខាងក្រោម)

ដើម្បីចង់ដឹងថា តើវិធីសាស្ត្រដូចរៀបរាប់ខាងលើអាចជួយនាំមកផលល្អ សូមបងប្អូនកសិករ​ធ្វើការជ្រើសរើសឈើហូបផ្លែ (ឧទាហរណ៍ ត្របែក ក្រូចឆ្មារ ពុទ្រា។ល។)។ ចំនួន ៤ ទៅ ៥ដើម ធ្វើ​ការ​ពិសោធ ហើយធៀបជាមួយអ្វីដែលជាទំលាប់របស់បងប្អូន។ យើងសង្ឃឹមថា ការពិសោធ​របស់បងប្អូនជួបបានលទ្ធផលល្អជាក់ជាមិនខាន៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)