យើងនាំគ្នាដាំដំណាំយកមើមឲ្យបានច្រើន

ដំណាំយកមើមជាពពួកដំណាំ​ដូចជាដំឡូងជ្វា ដំឡូងវល្លិផ្សេងៗ (ដំឡូងឈាមមាន់ ដំឡូងដៃខ្លា ដំឡូងបាស….)​ និងត្រាវជាដើម។ ពពួកដំណាំទាំងនេះគេសង្កេតឃើញមានគ្រប់ទីកន្លែងនៅប្រទេសកម្ពុជា ក៏ប៉ុន្តែការដាំដុះដំណាំនេះ មានលក្ខណៈទៀងទាត់ ហើយមានលក្ខណៈទ្រង់ទ្រាយធំដូចជានៅមានកំរិតនៅឡើយ។

យើងយល់ឃើញថា កសិករយើង គួរយកចិត្តទុកដាក់ក្នុងការដាំពពួកដំណាំមើមឲ្យបានច្រើនដូចជានៅតាមដីជុំវិញផ្ទះ តាម​របងព្រំដី តាមភ្លឺស្រែ និងនៅតាមដីទួលចម្ការផ្សេងៗ។ មូលហេតុ និងកត្តា ដែលនាំឲ្យយើងគួរយកចិត្តទុកដាក់ឲ្យបានច្រើនលើការដាំពពួកដំណាំយកមើមនេះគឺ

១. អាកាសធាតុ ជាពិសេសរបបទឹកភ្លៀងមិនសូវអំណោយផល សម្រាប់ធ្វើស្រែដូចជាការលេចចេញនូវភាព​រាំងស្ងួត​​​ ដែលត្រូវឲ្យយើងរកដំណាំស្បៀងផ្សេងទៀតមកជំនួស ឬបន្ថែម។ សូមបញ្ជាក់ថានៅប្រទេសមួយចំនួនលើពិភពលោកដំណាំពួកមើមនេះជាស្បៀងប្រចាំថ្ងៃរបស់គេ។

២. ដំណាំពួកយកមើមជាដំណាំងាយដាំហើយវាមានទិន្នផលខ្ពស់ជាងដំណាំស្រូវ ពោត សណ្តែក។ល។ ឧទាហរណ៍ ដំឡូងជ្វាអាចឲ្យផលរហូតដល់​ ១០-២០តោន ក្នុង១ហិចតា ក្នុងរយៈពេលប្រហែល ៣-៥ខែ។ដំណាំពពួកមើមនេះក៏នាំមកនូវអាហារថាមពលខ្ពស់​ដល់មនុស្ស និងសត្វមិនខុសពីស្រូវទេ។ ចំណែកដំឡូងជ្វា ដំឡូងវល្លិផ្សេងៗ និងត្រាវក៏មានសារធាតុប្រូតេអ៊ីនខ្ពស់ជិតប្រហែលនឹងអង្ករដែរ។ ពពួកមើម ក៏មានសារធាតុរ៉ែខនិជច្រើនដែរ ជាពិសេសជាតិកាល់ស្យូម និងជាតិផូស្វ័រ។ ចំពោះដំឡូងជ្វាវិញមើមរបស់វាមាន វីតាមីនអារខ្ពស់ជាងដំណាំយកមើមទាំងអស់ ហើយដំឡូងជ្វានិងដំឡូងមីក៏មានវីតាមីនសេខ្ពស់គួរសមដែរ។

៣. នៅជុំវិញផ្ទះ នៅតាមវាលស្រែ(ជាពិសេសភ្លឺស្រែ) និងដីទួលផ្សេងៗ យើងនៅមានទុកដីនៅទំនេរចោលដែលដីទាំងនេះអាចប្រើប្រាស់ដាំដំឡូងបានយ៉ាងងាយស្រួល។

យោងទៅតាមមូលហេតុ និងកត្តាខាងលើនេះ យើងយល់ឃើញថា កសិករយើងគួរតែយកចិត្តទុក​ដាក់លើដំណាំយកមើមនេះឲ្យបានច្រើន ជាពិសេសដំឡូងជ្វាជាជាងទុកដីនៅទំនេរ។ ប្រសិនបើយើងបរិភោគ​មិនអស់ហើយពិបាកក្នុងការលក់ យើងអាចប្រើប្រាស់វាជាចំណីសត្វ មានន័យថា យើងមិនលក់ដំឡូងទេតែលក់សត្វដែលជួនកាលយើងអាចបានប្រាក់ចំណូលច្រើនជាងការលក់ដំឡូងផង។​ សូមបញ្ជាក់ថា ប្រទេសនៅទ្វីបអឺរ៉ុប​ គេបានចំណាយលុយជាច្រើនដើម្បីទិញម្សៅដំឡូងមីពីប្រទេសនៅអាស៊ី ដើម្បីយកទៅចិញ្ចឹមសត្វរបស់គេ។ ចុះចំណែកយើង ដែលមានវត្ថុធាតុដើមស្រាប់ ហេតុអ្វីបានជាមិនចេះប្រើប្រាស់វត្ថុធាតុដើមនេះ ដើម្បីអភិវឌ្ឍកសិកម្មរបស់យើង ជាពិសេសការផ្សាភ្ជាប់នូវការដាំដំណាំ ជាមួយការចិញ្ចឹមសត្វឲ្យបានកាន់តែប្រសើរឡើង៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)