របៀបធ្វើសួនរង្វង់

១-អ្វីទៅជាសួនរង្វង់?

សួនរង្វង់ជាសួនមួយដែលមានរណ្តៅដូចបាតខ្ទះ ហើយមានរងដំណាំព័ន្ធជុំវិញរណ្តៅ។ នៅ​ក្នុងរណ្ដៅ គេដាក់សារធាតុសរីរាង្គ ហើយ​តាមរងជុំវិញរណ្តៅនោះ គេអាចដាំដំណាំច្រើន​ប្រភេទ។

២-ហេតុអ្វីបានជាចាំបាច់ធ្វើសួនរង្វង់?

សួនរង្វង់មានលក្ខណៈសមស្រប ពិសេសសម្រាប់ការដាំបន្លែផ្គត់ផ្គង់គ្រួសារ​នៅតំបន់​ដែលខ្សត់​ទឹក ឬរដូវខ្សត់ទឹក ពីព្រោះបន្ទាប់​ពីស្រោចហើយ ទឹកវាប្រមូលផ្តុំនៅក្នុងរណ្ដៅ ហើយ​សារធាតុសរីរាង្គដែលនៅក្នុងរណ្តៅអាចចាប់ និងរក្សាសំណើមបានយូរ។ នៅតំបន់ដែលមានដីហាប់ពេក ឬឥដ្ឋពេក សួនរង្វង់អាចនាំឱ្យដីផុសបានល្អ ហើយ​ដំណាំ​ងាយស្រួលលូតលាស់ជាងមុន។

៣-តើគេធ្វើសួនរង្វង់យ៉ាងដូចម្តេច?

ដំបូងគេជីករណ្ដៅជំរៅពី ២៥ ទៅ ៣០ស.ម. (២តឹកកន្លះទៅ ៣តឹក) ហើយកាយយកដីចេញ ដើម្បីយកមកប្រើធ្វើជារងព័ន្ធជុំវិញរណ្ដៅ។ រណ្តៅត្រូវធ្វើឱ្យមានរាងដូចបាតខ្ទះ ហើយបន្ទាត់​ផ្ចិតរបស់មាត់រណ្តៅត្រូវមានប្រវែង ១ម៉ែត្រ។

រងដែលមានរាងជារង្វង់ព័ន្ធជុំវិញរណ្ដៅ ត្រូវមានរាងដូចខ្នងអណ្តើក ដោយបាតរង​មាន​ទទឹង ៣តឹក កំពស់រងមានប្រវែង ២តឹកទៅ ២តឹកកន្លះ និងទទឹងរងផ្នែកខាងលើមានប្រវែង ១តឹក​កន្លះ (សូមមើលរូបភាព)។

៤-តើគេដាក់ជី និងស្រោចទឹកយ៉ាងដូចម្តេច?

បន្ទាប់ពីធ្វើសួនរួចហើយ គេបំពេញរណ្ដៅដោយប្រើសារធាតុសរីរាង្គ មានដូចជាស្លឹកឈើ ស្មៅ ចំបើង សាមកសត្វ។ល។ នៅពេលស្រោចទឹក គេស្រោចតែលើសារធាតុសរីរាង្គ គឺមិន​អាច​ស្រោចលើរងដែលនៅជុំវិញរណ្ដៅទេ។ ជាបណ្ដើរៗ រុក្ខជាតិចាប់ផ្តើមស្រូប​យកជីជាតិ និងទឹកពី​រណ្ដៅ​បាន។ ក្នុងរយៈពេលលូតលាស់របស់ដំណាំ គេត្រូវតែឧស្សាហ៍បន្ថែមសារធាតុសរីរាង្គ​ឱ្យ​ញឹកញាប់។ សូមបញ្ជាក់ផងថា ពេលយើងបន្ថែមជី គេធ្វើយ៉ាងណាជៀសវាងដាក់តែជីមួយប្រភេទ។ យើងត្រូវឧស្សាហ៍ព្យាយាមលាយជីឱ្យបានច្រើន​មុខ។

៥-តើនៅលើរង្វង់ គេដាំដំណាំយ៉ាងដូចម្តេចដែរ?

ចំពោះសួនរង្វង់ គេមិនដាំនៅលើរងទេ តែនៅលើផ្នែកទេរខាងក្នុងរបស់រង។ ការដាំ គឺមិនត្រូវ​ឱ្យខិតចុះមកក្រោមពេកដែរ (សូមមើលរូបភាពខាងក្រោម)។ នៅផ្នែកខាងក្រៅនៃរង គេអាចដាំ​ដំណាំ​ផ្សេងៗសម្រាប់គ្របដី។ គេអាចដាំដំណាំបានច្រើនមុខទៅតាមរង្វង់មូល ឧទាហរណ៍ ដំណាំខ្ពស់ ដំណាំទាប ដំណាំវារឡើងទ្រើង និងដំណាំវារលើដី។ ដំណាំទាំងនោះមាន​របៀប​លូត​លាស់ផ្សេងៗគ្នា តែស្រូបយកទឹក និងជីពីកន្លែងតែមួយ។

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)