ប្រជាពលរដ្ឋខ្មែរនៅខេត្តព្រះវិហារ ចាប់កណ្តូបលក់ឲ្យថៃតាមច្រកទ្វារព្រំដែនអានសេះ

អ្នកស្រី ឡា វី បានឲ្យដឹងនៅច្រកទ្វារព្រំដែនអានសេះ កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ថា រូបគាត់ជា​អ្នក​ប្រមូលទិញសត្វកណ្ដូបពីប្រជាពលរដ្ឋខ្មែរមកលក់បន្តឲ្យឈ្មួញកណ្តាលប្រចាំនៅច្រកទ្វារព្រំដែនអានសេះ (ថៃហៅ អាមម៉ា) រួច​ឈ្មួញកណ្តាលនេះបានលក់បន្តទៅឲ្យជនជាតិថៃ។

អ្នកស្រីបានឲ្យដឹងបន្តថា «សត្វកណ្តូបទាំងអស់នេះ គឺប្រជាពលរដ្ឋខ្មែរមួយចំនួននៅខេត្តព្រះវិហារ បានដើរចាប់នៅក្នុងចម្ការអំពៅក្នុងទឹកដីខេត្តព្រះវិហារ ពិសេសស្រុកនៅក្បែរច្រកទ្វារព្រំដែន ហើយខ្ញុំបានប្រមូលទិញពីពួកគាត់យកមកលក់ឲ្យឈ្មួយកណ្តាលនៅច្រកទ្វារព្រំដែនអានសេះនេះក្នុងមួយគីឡូក្រាមតម្លៃពី ១២០ ទៅ ១៨០បាត (លុយថៃ

ចំណែកអ្នកស្រី ព្រីង សាម៉េត (ឈ្មួញកណ្តាល) ដែលជាអ្នកទិញកណ្តូបពីអ្នកស្រី ឡា វី បានឲ្យដឹងនៅច្រកទ្វារ ព្រំដែនអានសេះថា គាត់ទិញកណ្តូបក្នុង១គីឡូក្រាមតម្លៃពី ១២០ ទៅ ១៨០បាត ហើយលក់ចេញទៅឲ្យ​ជន​ជាតិថៃ១គីឡូក្រាមតម្លៃ ១៣០ ទៅ ១៩០​បាត​​។ នៅពេលណាកណ្តូលច្រើនតម្លៃបានធ្លាក់ចុះបន្តិច ហើយ​នៅពេលកណ្តូបតិច គឺអាចលក់បានថ្លៃ។

អ្នកស្រីឲ្យដឹងបន្ថែមថា «សត្វកណ្តូបធំថ្លៃជាងកណ្តូបតូចៗ ហើយយើងមានចំនួនប៉ុន្មានក៏លក់អស់ដែរ គ្រាន់តែយើងមានកណ្តូបច្រើនវាធ្លាក់តម្លៃបន្តិច ប៉ុន្តែបើថ្ងៃណាកណ្តូបយើងមានតិច គឺយើងអាចសុំឡើងថ្លៃបានខ្ពស់បន្តិចវិញដែរ។ ដូចនៅថ្ងៃនេះ ចំពោះតែខ្ញុំគឺម៉ូយថៃចង់បាន ៦០០គីឡូក្រាម តែខ្ញុំមានតែជាង ២០០គីឡូក្រាមប៉ុណ្ណោះ»។

ប្រជាពលរដ្ឋខ្មែរដែលទៅចាប់កណ្តូបនៅចម្ការអំពៅរបស់ចិន និងរបស់អ្នកដទៃទៀត ម្ចាស់ចម្ការមិនហាមឃាត់​ទេ គឺមានតែជំរុញឲ្យប្រជាពលរដ្ឋទៅចាប់ពីព្រោះសត្វកណ្តូបបានទៅស៊ីបំផ្លាញត្រួយ (ស្លឹកខ្ចី) អំពៅ ធ្វើឲ្យដើម​អំពៅអន់។

ជាការកត់សំគាល់របស់អ្នកយកព័ត៌មានសហគមន៍សម្បូរសប្បាយ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ នៅច្រកទ្វារព្រំដែនអានសេះ ស្ថិតនៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាប់នឹងឃុំដាំយឿន ស្រុកឧប៊ុន ខេត្តឧប៊ុនប្រទេសថៃ គឺកសិផលគួរឲ្យចាប់អារម្មណ៍ដែលដោះដូរគ្នា ខាងខ្មែរនាំទៅថៃមាន សត្វកណ្ដូប ខ្យងធម្មជាតិ(យកតែសាច់) និងត្រី។ ខ្មែរនាំចូល​ពីថៃវិញមាន ពោត និងផ្លែដូង។ ប្រជាពលរដ្ឋនៃប្រទេសទាំង២អាចឆ្លងព្រំដែនទៅវិញទៅមកត្រឹមផ្សារ (ផ្សារតូច)​ ក្បែរព្រំដែន​(ខ្មែរមាន១ ថៃមាន១) ដើម្បីកំសាន្ត ឬទិញទំនិញដោយមិនទាមទារលិខិតបញ្ជាក់អ្វីឡើយ (ខាងភាគីថៃគ្រាន់តែកត់ឈ្មោះ និងអាយុប៉ុណ្ណោះ)៕

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)