វិធីសាស្ត្រសំខាន់ៗ ក្នុងការដាំដុះបន្លែនៅរដូវប្រាំង

នៅរដូវប្រាំងជារដូវរាំងស្ងួតខ្វះទឹកប្រើប្រាស់ ហើយដំណាំទៀតសោតក៏ដុះលូតលាស់មិនសូវល្អ ដូច្នេះ​ដើម្បីដាំដំណាំបានល្អ យើងត្រូវការពារសំណើមដីឲ្យសើមជានិច្ច។ តើយើងត្រូវការពារសំណើមដីយ៉ាងដូចម្តេច​នៅ​រដូវក្តៅ ឬរដូវរាំងស្ងួត?

  1. រៀបចំតំបន់ដាំដុះឲ្យនៅជិតប្រភពទឹក ឬដាំនៅតំបន់ទំនាប (ដីលិចទឹកពីមុន) ព្រោះកន្លែងដីទាប វាមាន​សំណើម​ច្រើន។
  2. ត្រូវជ្រើសរើសដំណាំដែលអាចដុះលូតលាស់ល្អនៅក្នុងលក្ខខណ្ឌនៃរដូវរាំងស្ងួត ឧទាហរណ៍ដូចជា សណ្តែក​បាយ ដំឡូងមី ត្រប់មូល។ល។ ជួនកាលដំណាំទាំងនេះវាមិនមែនជាអាហារដែលយើងនិយម​ចូលចិត្តក៏ពិត​មែន ប៉ុន្តែវាអាចឲ្យផល និងជួយជីវភាពយើងបានមួយផ្នែកដែរ។
  3. ជ្រើសរើសយកបន្លែដែលមានខួបជីវិតលូតលាស់ខ្លី (ពូជស្រាល)។
  4. ត្រូវរក្សាការពារដីឲ្យត្រជាក់ និងការពារការបាត់បង់សំណើមដីដោយការរំហួតតាមវិធីដូចខាងក្រោម៖
  • ត្រូវគ្របដីដោយចំបើង ឬ/និងស្លឹកឈើនៅជុំវិញរុក្ខជាតិ (ជាពិសេសស្លឹកទន្ទ្រានខែត្រ កំប្លោក) លើ​ដំណាំ​ដែលយើងដាំ។
  • គួរដាំបន្លែឲ្យកៀកគ្នាដើម្បីការពាររំហួត (ចន្លោះគុម្ពជិតគ្នា)។
  • ការពារកូនដំណាំតូចៗឲ្យមានម្លប់ ដោយដាំដំណាំច្រើនជាន់។
  • ត្រូវដកស្មៅចេញពីរងដំណាំ ព្រោះស្មៅវាប្រជែងស្រូបសំណើមពីដីជាមួយនឹងដំណាំរបស់យើងដែរ។
  • ប្រើជីធម្មជាតិ ពិសេសជីកំប៉ុស្តឲ្យបានច្រើន ព្រោះវាអាចរក្សាដីឲ្យមានសំណើមបានយូរ។
  • បើយើងដាំដំណាំយកមើមដូចជា ត្រាវនៅរដូវរាំងស្ងួត យើងត្រូវដាំនៅកន្លែងទាប ព្រោះវានៅដក់ទឹក និង​សំណើមច្រើន និងដាំដំណាំឈើហូបផ្លែដូចជា ចេកនៅជុំវិញដើម្បីជាម្លប់ការពារកុំឲ្យហួតសំណើម​ពីដី​ផង​។

វិធីសាស្ត្រសំខាន់ៗទាំងនេះ អាចជួយរក្សាសំណើមដីបានល្អ និងកាត់បន្ថយការស្រោចទឹកបានខ្លះ។ ចូរបង​ប្អូនចងចាំវាឲ្យបានខ្ជាប់ខ្ជួន ដើម្បីដាំដំណាំឲ្យបានល្អនៅរដូវប្រាំង៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)