ជួសជុលបង្កាន់ដៃនាគដែលលម្អដោយអសុរនិងទេវតា នៅក្លោងទ្វារដីឆ្នាំង

គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា បង្កាន់ដៃនាគលម្អដោយអសុរនិងទេវតានៅខ្លោងទ្វារដីឆ្នាំង កំពុងដំណើរការ​បើកការដ្ឋានជួសជុលកាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពីទទួលបានអនុសាសន៍សម្រេចពីកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ។
មានប្រសាសន៍ក្នុងពិធីក្រុងងពលីបើកការដ្ឋានជួសជុល ឯកឧត្តម គឹម សុធិន អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា កន្លែងសំខាន់ដែលត្រូវជួសជុលមានរូបទេវតា៥អង្គនិងរូបយក្សកាន់ក្បាលនាគនៅផ្នែកខាងមុខដែលផ្អៀង គ្រឹះស្រុតដោយសារទឹកភ្លៀងហូរច្រោះដី ទើបតម្រូវឱ្យមានការជួសជុល ព្រោះមាន​ហានិភ័យខ្ពស់។ ដើម្បីជៀសវាងការដួលរលំ អ្នកជំនាញត្រូវរើពង្រឹងគ្រឹះ និងរៀបរូបឱ្យរឹងមាំ មានជំហរត្រង់ឡើងវិញ។ ម្យ៉ាងទៀត ក្បាលនាគនេះធ្លាប់ដួលរួចម្តងហើយ ព្រោះវាខុសពីជំនាន់បារាំង។ គម្រោងនេះនឹងបញ្ចប់ក្នុងរយៈពេល១ឆ្នាំ ចំណាយថវិការរបស់មូលនិធិអភិរក្សអង្គរ ជួសជុលដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ។


លោក ឃាម មុនី ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួស​ជុលបានឱ្យដឹងថា បង្កាន់ដៃនាគលម្អដោយអសុរនិងទេវតានៅក្លោងទ្វារដីឆ្នាំងមានប្រវែង១១២ម៉ែត្រ រងការខូចខាតដោយ​សារកត្តាមនុស្ស ភាពជាប់មាំរបស់សម្ភារៈហួសកាលកំណត់ អាយុកាលនៃថ្ម អាកាសធាតុ និងរុក្ខជាតិជាដើម។ ម្យ៉ាងទៀត បើតាមរយៈរូបភាពថតមុនឆ្នាំ១៩៣៩ ចម្លាក់ទាំងនេះគឺដួលទាំងអស់ គ្មានរូបរាងជាជួរអ្វីឡើយ ហើយត្រូវបានបារាំងជួសជុលរួច​រាល់នៅឆ្នាំ១៩៤៤។


បន្ថែមពីនោះ លោកប្រធានគម្រោងរូបនេះ ក៏បានឱ្យដឹងពីមូលហេតុសំខាន់ដែលត្រូវជួសជុលអសុរ ព្រោះចម្លាក់នេះទ្រេត ហើយក្បាលនាគបានធ្លាក់អស់។ ចំណែកទេវតា៥អង្គ គឺប្រឈមខ្លាំងនឹងការរលំដួល រីឯស៊ីម៉ង់តិ៍ដែលជាបាយអររបេះចេញពីសំណង់ពុកផុយអស់សុពលភាព។ ដូច្នេះក្រុមការងារនឹងរៀបចំជួសជុលសាឡើងវិញ ព្រមទាំងរៀបប្រព័ន្ធបង្ហូរទឹក កុំឱ្យវាដក់ឬហូរច្រោះដីនិងស្វែងរកថ្មចាស់មកបំពេញកន្លែងបាត់បង់ឱ្យត្រឹមត្រូវតាមលំនាំដើម ដូចសម័យបារាំងបានជួសជុលរួចនាឆ្នាំ​១៩៤៤៕

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)