អត្ថប្រយោជន៍ត្រួយក្រូចវល្លិ

កន្លងទៅមនុស្សម្នាបានចាប់អារម្មណ៍តែទៅលើគុណសម្បត្តិរបស់ផ្លែក្រូចវល្លិ ឬភាសាបរទេសហៅថា Passion ប៉ុន្តែគេមិនបានចាប់អារម្មណ៍ទៅដល់ត្រួយរបស់វាថាមានគុណប្រយោជន៍មិនចាញ់ផ្លែរបស់វាប៉ុន្មាននោះឡើយ។
បើតាមលោក សុខ ទុំ ជាកសិកររស់នៅក្នុងភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង បានឱ្យដឹងថា ត្រួយក្រូចវល្លិគឺជាឱសថដ៏អស្ចារ្យម្យ៉ាងជួយដល់អ្នកដែលកើតជំងឺដេកមិនលក់។ លោកបន្តថា រូបលោកផ្ទាល់ធ្លាប់ធ្វើការសាកល្បងរួច​មកហើយ ដោយយកត្រួយក្រូចវល្លិ ផ្សំជាមួយរុក្ខជាតិពីរមុខផ្សេងទៀតគឺ ដើមសាវម៉ាវព្រៃ និងផ្កាល្ហុងឈ្មោល ទៅដាំទឹកផឹក។

បើតាមលោក សុខ ទុំ ថាវាពិតជាមានប្រសិទ្ធភាពខ្ពស់ ក្រោយពីលោកពិសាទឹកហ្នឹងហើយគឺដេកលក់ដូចគេសណ្តំអ៊ីចឹង ពោលគឺលោកសម្រាកក្នុងដំណេកដោយស្កប់ស្កល់គ្មានការរំខានពីភាពរសាប់រសល់ឡើយ។ មិនតែប៉ុណ្ណោះ ត្រួយក្រូចវល្លិ ក៏អាចធ្វើជាបន្លែ​ស្លប្រហើរ ឬ កកូរ និងអាចធ្វើជាអន្លក់ផ្ទាប់ជាមួយទឹកគ្រឿងដ៏ឆ្ងាញ់ពិសាទៀតផង។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក សុខ ទុំ។
ក្រូចវល្លិ ឬ ផាសិននេះ ទើបតែនឹងមានការពេញនិយម ឬក៏ផ្ទុះការចាប់អារម្មណ៍ពីសំណាក់ប្រជាជនខ្មែរក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយថ្មីៗនេះ ដែលពីដើមឡើយគ្មានអ្នកចាប់អារម្មណ៍ ហើយអ្នកខ្លះមិនទាំងស្គាល់ថាជាផ្លែអ្វីទៀតផង៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)