លោក ហ៊ី ហៀក «គេធ្វើចម្ការខាត តែខ្ញុំធ្វើមិនដែលខាត»

ស្ថិតក្នុងវ័យ ៦០ឆ្នាំប្លាយ លោក ហី ហៀក ឬហៅ តាវ៉ែនតា រស់នៅតំបន់ថ្មលក ស្ថិតក្នុងភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ គឺចាប់តាំងពីធ្វើចម្ការមក លោកពុំដែលខាតឡើយ ខណៈកសិករមួយចំនួនផ្សេងទៀតតែងរអ៊ួពីការខាតបង់ដោយសារការធ្វើចម្ការ។

ថ្លែងមកកាន់ក្រុមការងារសម្បូរសប្បាយ លោក ហ៊ី ហៀក ឱ្យដឹងថា លោកពុំដែលខាតដោយសារការធ្វើចម្ការនេះម្តងណាឡើយ បើទោះជាគេផ្សេងឮតែថាខាតបង់។ អ្វីដែលធ្វើឱ្យលោក ហ៊ី ហៀក មិនធ្លាប់ខាតបង់ពីការធ្វើចម្ការ ក៏ព្រោះតែលោកធ្វើចម្ការមានប្រឹសច្រើន។ ប្រឹសច្រើនដែលលោក ហ៊ី ហៀក ចង់សំដៅនៅទីនេះគឺថា នៅចម្ការរបស់លោក មិនធ្វើតែដំណាំមួយមុខនោះទេ ពោលគឺនៅក្នុងចម្ការមួយត្រូវដាំដំណាំប្រភេទយូរអង្វែងផង និងប្រភេទដំណាំឆាប់ផ្តល់ផលផង។

លោក ហ៊ី ហៀកបន្ថែមឱ្យដឹងថា នៅក្នុងចម្ការតាង៉ែងរបស់លោកមានដាំចេក ល្ហុង និងទៀបផងដែរ ព្រមទាំងមានដំណាំបន្ទាប់បន្សំផ្សេងៗទៀត ដែលជាប្រភេទដំណាំមិនប៉ះពាល់ និងរងឥទ្ធិពលដល់គ្នានឹងគ្នា។ លោកថា ការធ្វើបែបនេះគឺមិនធ្វើឱ្យចំណូលគ្រួសារមានការរាំងស្ទះឡើយ ប៉ុន្តែបើចម្ការមួយដាំតែមួយមុខនោះនឹងធ្វើឱ្យកសិករមានការខាតបង់ច្រើនជាមិនខាន៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)