បទពិសោធន៍ដាំសណ្តែកកួរ (កសិករ ឆេង ឈាង )

លោកពូ ឆេង ឈាង ជាកសិកររស់នៅភូមិស្ទឹងថ្មី ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ គាត់មានបទពិសោធន៍ល្អក្នុងការដាំសណ្តែកកួរ ដោយដាំតាមគោលការណ៍ធម្មជាតិដែលធ្វើឲ្យដំណាំដុះលូតលាស់ល្អ ទទួលផលបានទ្វេដង និងមិនប៉ះពាល់ដល់សុខភាព។ ចំពោះបទពិសោធន៍នេះមានបង្ហាញជូនដូចខាងក្រោម៖

១. ការរៀបចំដី និងការលើករង

  • គាត់បានដាំសណ្តែកនៅលើដីដែលមានទំហំ ៣០x២០ម៉ែត្រ​ ដាំបាន​ ១០រង និង២០ជួរ។
  • មុនដាំគាត់បានភ្ជួរដីហាលរយៈពេល ៧ទៅ១០ថ្ងៃ បន្ទាប់មកគាត់បានរាស់យកស្មៅចេញហើយលើកជា ​រងដោយរងនីមួយៗមានចន្លោះ ទទឹង១ម៉ែត្រ ចន្លោះពីរងមួយទៅរងមួយ៣តឹក និងបណ្តោយ២០ម៉ែត្រ។
  • គាត់បានឆូតជាចង្អូរម្ខាងមួយនៅជាយរងសំរាប់ដាក់ជី និងដាក់គ្រាប់សណ្តែកកួរដាំដោយចន្លោះពីចង្អូរមួយទៅមួយមានចំងាយ៧តឹកពីគ្នា។

២. របៀបដាំ

គាត់បានដាក់ជីកំប៉ុស្តរោយនៅតាមចង្អូរ រួចយកគ្រាប់សណ្តែកទៅដាក់ដាំ ២ទៅ៣គ្រាប់ក្នុងមួយរណ្តៅ ទើបលុបដីសើរៗពីលើគ្រាប់ (ចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ​ ៣តឹក) នៅពេលសណ្តែកដុះបានស្លឹក២ ត្រូវ បំបែកកូនទុកតែ​១ទៅ២ដើមក្នុងមួយរណ្តៅ និងលើករងពូនគល់ ហើយស្រោចទឹកឲ្យជោគ។ យកចំបើង​និងស្លឹកឈើងាប់ៗគ្របលើរង ការគ្របរងនេះគឺដើម្បីរក្សាសំណើម និងការពារកុំឲ្យដីខ្ទាត​ត្រូវស្លឹកនៅពេលមានភ្លៀង​និងអាចការពារដីមិនឲ្យហាប់ទៀតផង។​ នៅពេលសណ្តែកអាយុបាន ១៥ទៅ២០ថ្ងៃ ​ឬសណ្តែកលាស់បានស្លឹក៤ទៅ៥​សន្លឹក គាត់រៀបចំដោតទ្រើងដែលមានកំពស់ ២,៥ទៅ៣ម៉ែត្រ ឲ្យសណ្តែកវារឡើង។

៣. ការថែទាំ

ក្រោយពីដាំហើយគាត់បានស្រោចទឹក១ថ្ងៃពីរដង​ (ពេលអត់ភ្លៀង)។​ ក្រោយពីដាំបាន១៥ថ្ងៃ គាត់ចាប់ផ្តើមជ្រោយដីពូនគល់​ដាក់ជីម្តង​និងដោតចំណារទ្រើងឲ្យសណ្តែកវារតោងដើម្បីជៀសវាងសណ្តែករួញទង។

  • គាត់ស្រោចទឹកទៀងទាត់ ​ជាពិសេសនៅពេលសណ្តែកកំពុងចេញផ្កា និងចេញផ្លែព្រោះបើទឹកមិនគ្រប់គ្រាន់ធ្វើឲ្យសណ្តែកកួរអាចជ្រុះផ្កា និងជ្រុះផ្លែ
  • ពេលសណ្តែកអាយុបានពី១៥ទៅ២០ថ្ងៃ​ គាត់ប្រើជីកំប៉ុស្តទឹកលាយជាមួយទឹកដោយប្រើទឹកមួយធុងលាយទឹកជីចំនួន​២ត្រឡោក ​រួចយកទៅស្រោចលើដំណាំ
  • ពិនិត្យមើលជាប្រចាំបើមានសណ្តែកណាបោះទងផុតពីទ្រើង ត្រូវកាត់ចេញនិងត្រូវបេះស្លឹកចាស់ៗចោលខ្លះ។

៤. ការប្រមូលផល

ក្រោយពីសណ្តែកកួរអាយុបាន​៥៥ទៅ៧៥ថ្ងៃ គាត់ចាប់ផ្តើមប្រមូលផល។ ការប្រមូលផលលើកទី១បានប្រមាណ ១០ទៅ​២០គីឡូកា្រម។ ក្នុងមួយសប្តាហ៍អាចប្រមូលផលបាន៤ទៅ៥ដង(ពីដាំរហូតដល់ប្រមូលផលអស់បានចំនួន២០ដង)។ សរុបទិន្នផលទាំងអស់ ៣០០គីឡូក្រាមក្នុង២០រង។ គាត់អាចលក់បាន ៥.០០០ ទៅ ៧.០០០រៀលក្នុង​១គីឡូក្រាម (លក់រាយនៅផ្ទះខ្លះ និងមានឈ្មួញចុះទិញយកទៅលក់នៅទីផ្សារ)។

៥. ការរក្សាទុកពូជ

ដើម្បីឲ្យផ្លែលូតបានវែងល្អ​ គាត់បានជ្រើសរើសសណ្តែកសំរាប់ទុកធ្វើពូជ ពេលផ្លែនៅលើកទី២។ ចំពោះផ្លែដែលរក្សាទុកពូជគឺ មិនរក្សាទុកឲ្យទុំរហូតដល់ស្ងួតនោះទេ គឹនៅពេលផ្លែចាស់គាត់បេះយកទៅច្រកនៅក្នុងដប​ដោយមានដាក់ធ្យូង និងស្លឹកគ្រៃស្ងួតចូលទៅក្នុងកែវ។ ការធ្វើបែបនេះដើម្បីការសត្វល្អិត និងកាត់បន្ថយសំណើមរបស់គ្រាប់ពូជ។

សរុបបច្ចេកទេសសំខាន់ៗក្នុងការដាំ

  • ភ្ជួរដីហាលដើម្បីឲ្យដីស្រស់ទឹកល្អ និងសំលាប់មេរោគក្នុងដី
  • លើករងកាប់ចុះជ្រៅជំរៅ៣តឹក សំរាប់ដាក់ជី​និងដាក់គ្រាប់ដាំ
  • ប្រើចំបើងឬស្លឹកឈើគ្របដីការពារកំដៅ រក្សាសំណើម និងកុំឲ្យខ្ទាត់ដីត្រូវស្លឹកពេលមានភ្លៀង
  • ថែទាំស្រោចទឹក​ជ្រំគល់ដាក់ជី និងដោតទ្រើងឲ្យសណ្តែកវារឡើង
  • ពេលមានដង្កូវបំផ្លាញ គាត់ចុះចាប់ដោយដៃបេះចោល៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)