លោក សួន ឡាន អាចដាំខាត់ណាផ្កាបាន២ដងក្នុង១រដូវ ខណៈកសិករភាគច្រើនដាំបានតែម្តង

កសិករ សួន ឡាន មានវ័យ៤០ឆ្នាំ (២០១៩) រស់នៅភូមិស្វាយស ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាម បានឱ្យដឹងថា លោកអាចដាំខាត់ណាផ្កាបានរហូតដល់ទៅ២ដងក្នុងមួយរដូវ ខណៈកសិករភាគច្រើនអាចដាំបន្លែប្រភេទនេះបានតែមួយដងប៉ុណ្ណោះក្នុងមួយរដូវ។
លោក សួន ឡាន គឺជាកសិករឆ្នើមមួយរូបក្នុងការផលិតបន្លែនាំចេញទៅទីផ្សារក្នុងតំបន់។ ក្រៅតែពីខាត់ណាផ្កា លោកក៏មានដាំសណ្តែកកួរ ស្ពៃចង្កឹះ ត្រសក់ និងត្រឡាចជាដើម ដែលលោកដាំទៅតាមរដូវកាលនីមួយៗ។
លោកបានបន្តឱ្យដឹងថា ប្រភេទបន្លែខាត់ណាផ្កា គឺអាចដាំបានចាប់ពីខែ១០ (តុលា) រហូតទៅទល់ខែ៣ (មីនា) ដែលរយៈពេលដាំនេះមាន៦ខែ ហើយក្រៅពីរដូវកាលខាងលើគឺមិនអាចដាំបានឡើយ ដែលកន្លងទៅលោកធ្លាប់បានជំនះនឹងអាកាសធាតុ ដោយព្យាយាមដាំម្តងជាពីរដងបន្តទៀត ប៉ុន្តែជាលទ្ធផលគឺកូនបន្លែខាត់ណាផ្កាដែលលោកយកទៅដាំនោះបានរលួយអស់តែម្តង។


លោក សួន ឡាន បានបញ្ជាក់ថា ប្រភេទបន្លែខាត់ណាផ្កានេះ គឺវាមិនត្រូវការអាកាសធាតុក្តៅឡើយ។ លោកថា បន្ទាប់ពីលោកបានប្រមូលផលពីរដងរួចមកហើយនោះ លោកក៏បានព្យាយាមយកកូនមកដាំម្តងទៀត ក្រោយពីធ្វើដីរួចស្អាត ប៉ុន្តែវាបានចាប់រលួយពីគល់មក ហើយក៏ស្លោកកូនងាប់ទាំងអស់តែម្តង៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)