សាកលវិទ្យាល័យសូហ្វីយ៉ា ប្តេជ្ញាជួយអាជ្ញាធរជាតិអប្សរាក្នុងកិច្ចអភិរក្សប្រាសាទក្នុងតំបន់អង្គរ

0

រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ បានទទួលស្វាគមន៍ប្រតិភូ​សាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន ដឹកនាំដោយលោកសាស្ត្រាចារ្យ ហ៊ីរ៉ាយ៉ាម៉ា សិងគិជិ (Hirayama Zenkichi) ប្រធានគណៈ​កម្មការបច្ចេកទេសគម្រោងជួសជុលស្ពានហាលប្រាសាទអង្គរ ចូលជួបសម្តែងការគួរសមនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ជំនួប​នេះ បានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការយូរឆ្នាំដែលសាកលវិទ្យាល័យសូហ្វីយ៉ានិងអាជ្ញាធរជាតិអប្សរាបានបំពេញរួមគ្នានាពេលកន្លងមក។

លោកសាស្ត្រាចារ្យ ហ៊ីរ៉ាយ៉ាម៉ា សិងគិជិ បានលើកឡើងថា ប្រាសាទក្នុងរមណីយដ្ឋានអង្គរមានអាយុកាលជាងមួយពាន់ឆ្នាំ ហើយតាមរយៈកិច្ចសហការក្នុងការអភិរក្សនិងការជួសជុលកន្លងមក ប្រាង្គប្រាសាទទាំងនេះនឹងនៅតែរឹងនាំបានរាប់ពាន់ឆ្នាំទៅមុខទៀត។ ក្នុងគម្រោងអភិរក្សជួសជុលស្ពានហាលប្រាសាទអង្គរ លោកសាស្ត្រាចារ្យ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរាដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយសាកលវិទ្យាល័យសូហ្វីយ៉ា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះអ្នកជំនាញខ្មែរដែលបំពេញការងារបានយ៉ាងល្អ និងបានបង្កើនសមត្ថភាពជំនាញដ៏រឹងមាំក្នុងពេលអនុវត្តគម្រោង។


អគ្គនាយកអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់សាកលវិទ្យាល័យសូហ្វីយ៉ា ដែលបានជួយនិងគាំទ្រគម្រោងការជួសជុលអភិរក្សប្រាង្គប្រាសាទ ការស្រាវជ្រាវ ការបណ្តុះបណ្តាលធនធានមនុស្សដល់អ្នកជំនាញខ្មែរ។ សមិទិ្ធផលកន្លង​មកទាំងការអភិរក្សជួលជុលប្រាង្គប្រាសាទនៅរមណីយដ្ឋានអង្គរ និងការបណ្តុះបណ្តាលធនធានមនុស្ស ពិតជាមិនអាចផ្តាច់ចេញពីកិច្ចសហការយ៉ាងល្អប្រសើរពីសាកលវិទ្យាល័យសូហ្វីយ៉ាបានឡើយ។

ឯកឧត្តម ក៏បានកោតសរសើរចំពោះទឹកចិត្ត ក្តីស្រឡាញ់ និងការលះបង់របស់សាស្ត្រាចារ្យជំនាញជាន់ខ្ពស់គ្រប់ផ្នែកទាំងអស់នៃសាកលវិទ្យាល័យសូហ្វីយ៉ា មិនថាមានវ័យចំណាស់ណាស់ទៅហើយ មិនថាអាកាសធាតុក្តៅយ៉ាងណា ក៏នៅតែមកបំពេញភារកិច្ចយ៉ាងទៀងទាត់ និងខ្ជាប់ខ្ជួននៅរមណីយដ្ឋានអង្គរ៕

ប្រភព ហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)

Leave A Reply

Your email address will not be published.