តើទិវាពលកម្មអន្ដរជាតិ មានប្រវត្តិដូចម្តេច?

ទិវាពលកម្មអន្ដរជាតិ ឬ ទិវាកម្មករអន្តរជាតិ  (អង់គ្លេស International Labor Day) គឺជាទិវាថ្ងៃឈប់សម្រាកមួយរបស់កម្មករ និយោជិត មន្ត្រីរាជការ ស៊ីវិល  ​​​ដែលមានប្រទេសជាច្រើនជាង ៨០ទូទាំង​​​ពិភពលោក ប្រារព្ធឡើងក្នុងគោលបំណង​​​ដើម្បីរំលឹក ក៏ដូចឧទ្ទិស​​​​​​ដឹងគុណ​​​​​​ដល់វីរៈភាព​​​​​​ដ៏អង់អាច​​​​​​ក្លាហាន​​​​​​នៃកម្មករ-កម្មការិនី ​​​ដែលបាន​​​ប្រឹងប្រែង​​​តស៊ូពុះពារ និងប្ដូរជីវិត ដើម្បីការ​ងារ​សិទ្ធិកម្មករទាំងមូល។ ទិវាពលកម្មអន្ដរជាតិ តែងតែប្រារព្ធជារៀងរាល់ឆ្នាំគឺ នៅថ្ងៃទី១ ឧសភា។

ប្រវត្តិ

នៅចុងសតវត្សរ៍ទី១៨ រហូតដល់ពាក់​កណ្ដាល​សតវត្សរ៍​ទី១៩ ជាយុគ​សម័យ​ដែលមាន​ការរីក​ចម្រើន​ខាងផ្នែក​ឧស្សាហកម្ម។ ចំណែក​ឯពលករ​នៅអាមេរិក ​មានការ​ចូលរួម​កាន់តែ​ច្រើនឡើង​នៅក្នុង​ចលនា​សហជីព ដើម្បី​ធ្វើការ​ចរចា​ជា​សមូហភាព​ស្វែងរក​ផល​ប្រយោជន៍​ជូនសមាជិក​របស់​ពួកគេ។ លក្ខខណ្ឌ​ការងារ​របស់កម្មករ​គឺមានសភាព​យ៉ាប់យឺន​ក្រៃលែង ហើយសុខភាព​និង​សុវត្ថិភាព​នៅកន្លែង​ធ្វើការ​មិន​អំណោយ​ផលពិសេស​អ្នកធ្វើ​ការនៅ​តាម​រោងចក្រ និងអណ្ដូងរ៉ែ ប្រាក់ឈ្នួល​ថោក ការងារ​ប្រចាំថ្ងៃ​ចាប់ពី​១០ម៉ោងទៅ១៦ម៉ោង​ជាដើម។

ឆ្នាំ១៨៨២ ព្រឹត្ដិការណ៍ធំៗជាច្រើននៅក្នុងចលនា​ពលករ​អាមេរិក​កើតឡើង​ជាហូរហែ ដើម្បី​ទាមទារ​កំណត់​ស្ដង់ដារ​ការងារ។ ថ្ងៃសៅរ៍ ទី១ ខែឧសភា ឆ្នាំ១៨៨៦ កម្មករ​រាប់ម៉ឺននាក់​បានដើរ​ចេញពី​កន្លែង​ធ្វើការ​ប្រហែល​ជា១.៣០០កន្លែងនៅ​ទូទាំង​សហរដ្ឋ​អាមេរិក ប្រារឰ​ទិវា​ពលកម្ម​នៅក្នុង​ប្រវត្ដិសាស្ដ្រ។ ចលនាដ៏​សំខាន់​គឺកើត​ឡើងនៅ​ទីក្រុង​ឈីកាហ្គោ (Chicago) នៃរដ្ឋ​អ៊ីលីណយ (Illinois) ទាមទារ​ធ្វើការ​មួយថ្ងៃ​ត្រឹមតែ​៨ម៉ោង។ មានកម្មករ​ប្រហែល ៤០.០០០នាក់ ​ធ្វើកូដកម្ម​ជាមួយ​អ្នក​អាណាធិបតេយ្យ​និយម​នៅក្បួន​ខាងមុខនៃក្រសែ​ភ្នែក​សាធារណជន បាន​ថ្លែងយ៉ាង​ម៉ឺងម៉ាត់ និងប្រកប​ដោយ​មនោគមវិជ្ជា​ប្រាប់ពី​សកម្មភាព​ត្រង់ៗ​ចារឹក​ជាបដិវត្ដន៍ អ្នក​អាណាធិបតេយ្យនិយម និងភាពអាណាធិបតេយ្យនិយម ​ត្រូវបាន​ទទួលនូវ​ការគោរ​ពពីពលករ​នានា តែធ្វើ​ឲ្យពួក​នាយទុន​ស្អប់យ៉ាង​ខ្លាំង។ ថ្ងៃបន្ទាប់មក កម្មកររាប់​រយពាន់នាក់បាន​ចេញធ្វើ​បាតុកម្ម​ ប៉ុន្ដែនៅ​ទីក្រុង Chicago អំណាចច្បាប់ និងបទបញ្ជា​បានក្លាយ​ទៅជាការ​គាបសង្កត់​ទៅលើ​បាតុករ។ កម្មករ​នៅឯ​ក្រុមហ៊ុន​ផលិតគ្រឿង​ម៉ាស៊ីន​សម្រាប់​កសិកម្ម​របស់​​​​​​មាកក័រ​​​​​​​​​​​​មិក ​(McCormic Harvesting Machine Co.) ធ្វើ​កូដកម្ម​ទាមទារ​ឱ្យកាត់​បន្ថយ​ចំនួន​ម៉ោង​ធ្វើការ​មក​ត្រឹមតែ​៨ម៉ោង​ក្នុង១ថ្ងៃ និងរារាំង​មិនឲ្យ​រើស​យកមនុស្ស​មកធ្វើ​ការ​ជំនួស​កូដករដោយបិទ​ច្រកមិន​ឲ្យពួក​គេចូល។ ប៉ូលិស បានវាយ​កូដករ​ដោយ​ដំបង​ ចំណែក​​កូដករ​ចោល​ដុំថ្ម​ដាក់វិញ ប៉ូលិស​តបដោយ​ការបាញ់​ទៅលើ​កូដករ​វិញ បណ្ដាលឲ្យ​មានមនុស្ស​៥-៦នាក់ត្រូវ​បាត់បង់​ជីវិត។

ថ្ងៃបន្ទាប់ ទី៤ ខែឧសភា ក្បួន​បាតុកម្ម​មួយរៀបចំ​ឡើងនៅ​ទីលាន Haymarket Square ធ្វើការ​តវ៉ា​អំពី​អំពើ​ហិង្សា ដែលបង្ក​ឡើងដោយ​ប៉ូលិស។ ប៉ូលិសបានបង្ខំ​ឲ្យ​បាតុករ​ធ្វើការ​បំបែកគ្នា រំពេច​នោះ​គ្រាប់បែក​មួយគ្រាប់​បាន​ចោល​ចូល​មក​ក៏ផ្ទុះឡើង ធ្វើឲ្យ​មន្ដ្រី​ប៉ូលិស​ម្នាក់​បានស្លាប់។ មានប៉ូលិស​ចំនួន៦០នាក់ និងជន​ស៊ីវិល​ចំនួន២០០នាក់​ត្រូវទទួល​រងរបួស​នៅក្នុង​ហេតុ​ការណ៍​ហិង្សានោះ។ ជាសរុប​មាន​ប៉ូលិស​ចំនួន ១​នាក់បាន​ស្លាប់ភ្លាមៗ និង៧នាក់​ទៀតស្លាប់​នៅថ្ងៃ​បន្ទាប់។ ចំណែក​ជនស៊ីវិល​បានស្លាប់​ចំនួនពី​៧-៨នាក់ ថ្នាក់ដឹក​នាំសហជីព​ចំនួន៨នាក់​ ដែលក្នុង​នោះមាន​តែ៣នាក់​ប៉ុណ្ណោះ​នៅកន្លែង​កើតហេតុ ត្រូវបាន​គេចាប់​កាត់ទោស​ពីបទ​ធ្វើ​មនុស្ស​ឃាត និង​កាត់ទោស​ដាក់គុក​អស់មួយ​ជីវិត​ចំនួន៣នាក់ និងប្រហារ​ជីវិតដោយ​ព្យួរក​ចំនួន៤នាក់ មានតែ​ម្នាក់ប៉ុណ្ណោះ​ដែលត្រូវ​បានចាត់​ទុកថា​ជា​ករណី​លើក​លែង។

ស្ថាបនិកទិវាពលកម្មអន្តរជាតិ

ទិវាពលកម្មអន្តរជាតិនេះ មានអាយុកាលជាង១០០ឆ្នាំមកហើយ នៅតែមាន​ចម្ងល់ថា នរណា​ជាអ្នក​ស្នើដំបូង​គេនូវ​ថ្ងៃបុណ្យ​ជាតិសម្រាប់​ការឈប់​សម្រាក​របស់​កម្មករ។ តាមកំណត់​ត្រា​ខ្លះ​សរសេរថា លោក Peter J. Mcguire អគ្គលេខាធិការ​របស់​សម្ព័ន្ធ​រួបរួម​ជាងឈើ និងជា​សហស្ថាបនិក​ សហព័ន្ធពលករ​អាមេរិកគឺជាអ្នក​ដំបូង​គេដែល​ស្នើឲ្យ​មាន​ទិវាសម្រាប់ផ្តល់នូវ​កិត្ដិយស​ដល់កម្មករ​ទាំងឡាយ​ណា ដែល​មាន​សេចក្ដី​ក្លា​ហាន​ និងបាន​ពុះពារ​ដ៏​មហិមា​បង្ហូរ​ញើសឈាម ដើម្បី​កសាង និងរក្សា​បេះដូង​របស់​សហរដ្ឋអាមេរិក​ឲ្យបាន  ​ប្រសើរ។ ប៉ុន្ដែឋានៈ​របស់លោក Peter Mcguire នៅក្នុង​ប្រវត្ដិសាស្ដ្រ​ពលកម្ម​នៅមាន​ភាពស្រពេច​ស្រពិល និង​មិនទាន់​មាន​ការ​ឯកភាព​នៅ​ឡើយទេ។

មនុស្សជាច្រើនជឿថា លោក មេតធ្យូ មេហ្គៀ (Matthew Maguire) មាន​មុខងារ​ជា​យន្ដការី គឺជា​ស្ថាបនិក​នៃ​ទិវា​ពលកម្ម​នេះគឺ​មិនមែន​ជាលោក Peter Mcguire ទេ។ បើតាម​ការ​ស្រាវជ្រាវ​ថ្មីៗនេះ ហាក់​ដូចជា​បាន​គាំទ្រ​នូវការ​អះអាងថា លោក មេតធ្យូ ជា​លេខាធិការនៅ​មូលដ្ឋាន​លេខ៣៤៤ របស់​សមាគម​យន្ដការី​អន្ដរជាតិ នាទីក្រុង Paterson នៃរដ្ឋ New Jersey ជាអ្នក​ស្នើឲ្យមានការ​ឈប់​សម្រាក​បុណ្យជាតិ​ សម្រាប់​កម្មករ​នៅឆ្នាំ១៨៨២ ក្នុងខណៈ​ដែលគាត់​កំពុង​បម្រើការ​ជាលេខាធិការ​របស់​សហជីព​ពលករ​កណ្ដាល នៅ​ទីក្រុង​ញូវយ៉ក។

ការទទួលស្គាល់ទិវាពលកម្មអន្តរជាតិ

សហជីពពលករកណ្ដាលរបស់សហរដ្ឋអាមេរិក ប្រារឰ​ទិវាកម្មករ​ជាលើក​ដំបូង​នៅថ្ងៃ​អង្គារ៍ ទី៥ ខែកញ្ញា ឆ្នាំ១៨៨២ នៅក្នុង​រដ្ឋ ញូវយ៉ក។ នៅឆ្នាំ​១៨៨៣ ទិវា​នេះ​ធ្វើជាលើក​ទី២ នៅចំ​ថ្ងៃទី៥ ខែដដែល និងនៅឆ្នាំ១៨៨៤ ធ្វើជាលើក​ទី៣ នៅចំថ្ងៃចន្ទ​ដំបូងនៃ​ខែកញ្ញា។ លុះដល់​ខែតុលាឆ្នាំដដែល សហជីព​ពលករ​កណ្ដាល​បានមូល​មតិគ្នា​សម្រេចយក​ថ្ងៃទី១ ខែឧសភា ឆ្នាំ១៨៨៦ ជាថ្ងៃ​ទាម​ទារ​ការងារ​មួយថ្ងៃ​៨ម៉ោង ​ជា   ​ស្ដង់​ដារ​ទូទៅ។ ក្រោយពី​មានការ​សម្រេច​ដូច្នោះមក សហជីព​ពលករ​នានា​នៅ​អាមេរិក ​បាន​ត្រៀម​រៀបចំ​ធ្វើ​កូដកម្ម​ទូទៅមួយ ដើម្បី​គាំទ្រ​នូវការ​ទាមទារ​នោះ។

ឆ្នាំ១៨៨៩ លោក សាមុអែល ហ្គមភឺស (Samuel Gompers) ប្រធាន​សហព័ន្ធ​ពលករ​អាមេរិក(AFL) បាន​សរសេរ​សារលិខិត​ផ្ញើទៅ​កាន់​សមាជទី១ ​របស់​អន្ដរជាតិទី២ ដែល​ធ្វើការ​ជួប​ប្រជុំនៅ​ប្រទេស​បារាំង​។ គាត់បាន​ជម្រាប​មកជន​សង្គម​និយម​របស់​ពិភពលោក​អំពី​ផែនការ​របស់ AFL និងបាន​ស្នើឲ្យមានការ​ប្រយុទ្ធ​ជា​អន្ដរជាតិ​ដើម្បី​ទាមទារ​ជា​សកល​នូវ​ការងារ​មួយថ្ងៃ​៨ម៉ោង។ តបទៅ​នឹងសារ​លិខិត​របស់​ហ្គមភឺស​ ​  អន្ដរជាតិទី២​ បាន​អនុម័ត​ដំណោះស្រាយ​មួយដោយ​អំពាវនាវ​ធ្វើ​បាតុកម្ម​ដ៏ធំ​មួយជា​លក្ខណៈ​អន្ដរជាតិ​នៅថ្ងៃ​តែមួយ​ដូចគ្នា ដើម្បីឲ្យកម្មករ​នៅគ្រប់​ទីកន្លែង​អាច​ទាមទារ​ធ្វើ​ការងារ​តែ៨ម៉ោង​ក្នុង១ថ្ងៃ។ តាម​ផែនការ​របស់​សហព័ន្ធ​អាមេរិក​អន្ដរជាតិ​ អនុម័ត​យកថ្ងៃទី១ ខែឧសភា ឆ្នាំ១៨៩០ ជាថ្ងៃ​សម្រាប់​ការទាមទារ និងដើម្បី​ឧទ្ទិស​ដល់​វីរៈភាព​ និងការ​បាត់បង់​ជីវិត​របស់​ពលករ​អាមេរិក​នៅទីលាន Haymarket Square នាខែ​ឧសភា ឆ្នាំ១៨៨៦។

ទីបំផុតនៅថ្ងៃទី២៨ ខែមិថុនា ‏ឆ្នាំ១៨៩៤ សភា​នៃ​រដ្ឋសហព័ន្ធ​អាមេរិក ​បាន​អនុម័ត​ច្បាប់​ដើម្បី​ទទួល​ស្គាល់​ជាផ្លូវ​ការដោយយក​ថ្ងៃចន្ទ ដំបូង​នៃខែកញ្ញា​ជា​រៀងរាល់ឆ្នាំ គឺជា​ថ្ងៃ​ឈប់​បុណ្យជាតិ​ស្របច្បាប់​ក្រោយពី​រដ្ឋជិត៣០​បាន​អនុម័ត​ទទួលស្គាល់​ជា​បន្ដបន្ទាប់​រួចហើយ។នៅអាមេរិក ទិវាពលកម្ម​ជាបុណ្យ​កម្សាន្ដ​សប្បាយ​​ក្នុង​រង្វង់គ្រួសារ មិត្ដភក្ដិ និងមាន​កម្មវិធី​ប្រជាប្រិយ​ផ្សេងៗ ហើយក៏​ជាថ្ងៃ​ចុងបញ្ចប់​វិស្សមកាល​ក្នុងរដូវ​ក្ដៅ​ផងដែរ តែក៏​នៅមាន​ពលរដ្ឋ​អាមេរិក​ខ្លះយល់ថា ទិវាពលកម្ម​នេះកើត​ចេញពី​ចលនា​សង្គម​និយម​ទៅវិញ។

គោលបំណងនៃទិវាពលកម្មអន្តរជាតិ

  • ឲ្យតម្លៃទៅលើពលកម្មរបស់មនុស្សមាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​មនុស្ស និង​គ្រួសារ បង្កើត​ចំណូល​ទៅក្នុង​សេដ្ឋកិច្ច និងការ​រីកចម្រើន​របស់​សង្គម​ជាតិ។
  • ចង់ឲ្យមានស្ដង់ដារការងារសមស្រប ដោយកាត់​បន្ថយ​ម៉ោង​ការងារ​មក​ត្រឹមតែ​៨ម៉ោង​ក្នុង១ថ្ងៃ ឬក៏​ឈប់​សម្រាក២ថ្ងៃ​ក្នុង ១សប្ដាហ៍។
  • ធ្វើការកំណត់ស្ដង់ដារប្រាក់ឈ្នួលឲ្យត្រឹមត្រូវ និងការ​ផ្ដល់ប្រាក់​ឈ្នួលដោយ​មិនមាន​ការ​រើសអើង។
  • កែលម្អ ឬលើកស្ទួយបញ្ហាសុខភាព និងសុវត្ថិភាពនៅកន្លែង​ធ្វើការ​ឲ្យបាន​សមរម្យ និងស្អាតបាត ដើម្បីបង្ការ និងដោះស្រាយជាតិពុល និង​គ្រោះថ្នាក់​ការងារ​ឲ្យបានល្អ៕

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)