ដើម្បីក្លាយខ្លួនជាអ្នកដាំបន្លែសរីរាង្គអាជីព (អ្នកស្រី ទីវ ឆាត)

អ្នកស្រី ទីវ ​​ឆាត មានអាយុ ៦៩​ឆ្នាំ រៀនបានថ្នាក់ទី៨ ពីសង្គមចាស់ សព្វថ្ងៃរស់នៅភូមិថ្មរាប ឃុំពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។ អ្នកស្រីបានសហការជាមួយអង្គការសេដាក តាំងពីឆ្នាំ២០០៤ ជាពិសេសផ្តោតទៅ​លើការដាំបន្លែសរីរាង្គ (ដាំតាម​គោល​ការណ៍ធម្មជាតិ) ផ្សា​ភ្ជាប់ជាមួយទីផ្សារនៅទីក្រុងភ្នំពេញ។ អ្នកស្រីមានការ​ប្តេជ្ញាចិត្តខ្ពស់​​លើការដាំដុះបន្លែឲ្យបានជោគជ័យ។ លើផ្ទៃដី៧អារ ដែល​ពីមុនបានចំណូលតែ ២០ម៉ឺនរៀលក្នុង១ខែ បច្ចុប្បន្នទទួល​បានរហូតដល់ ៧០ ទៅ ៨០ម៉ឺនរៀលក្នុង ១ខែ ដោយអនុវត្តតាមគោលការណ៍តូចតែខ្លឹម (ថ្នាំទិព្វគ្រាប់ទី២)។​ គាត់បាន​រៀប​រាប់ថា ដើម្បី​ក្លាយ​ជាអ្នកអាជីពដាំបន្លែ យើងត្រូវរៀបចំចាត់ចែងយកចិត្តទុកដាក់​នូវ​ចំណុច​សំខាន់ៗ​ដូច​ខាង​ក្រោម៖

ក. រៀនពីបច្ចេកទេសដាំបន្លែទៅតាមប្រភេទឲ្យបាន​ចេះស្ទាត់ ជាក់ស្តែងគាត់ដាំដំណាំ​ច្រើន​​មុខ​ដូចជា សាលាដ ត្រកួន ស្ពៃខ្មៅ សណ្តែកកួរ ត្រសក់ ម្រះ ត្រឡាច ជីគ្រប់មុខ ត្រប់វែង ស្លឹកងប់ ជាដើម។ ត្រូវដឹងពីប្រភេទដំណាំនីមួយៗ​មានរយៈពេលប៉ុន្មានថ្ងៃ ដាំពេលណា? ទុកពូជដូចម្តេច? ការថែទាំ ការប្រមូលផល​​ដូចម្តេច?

ខ. រៀបចំដី រៀបចំប្រព័ន្ធទឹក និងរៀបចំប្រព័ន្ធរំដោះទឹក​ចេញ​ពេល​មានភ្លៀងច្រើន ជាពិសេសនៅរដូវវស្សា​រៀប​ចំ​​ឲ្យ​​​​មាន​​ភ្លឺ​របងការពារកុំឲ្យមាន​ការ​បំផ្លាញពីសត្វផ្សេងៗ។ បើ​អាច​ធ្វើបានគួរធ្វើជារាន (ធ្វើ​ពី​ឈើ បើអាចធ្វើពីស៊ីម៉ង់ត៍រិតតែល្អ ដែលធានានូវគុណភាព​ជាប់​បានយូរ)​ សម្រាប់ដាំ​ដំណាំ​​​ដែលមានឫសខ្លីៗ។

គ. រៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចស្រពដំណាំ ធានាឲ្យបាន​ពេញមួយឆ្នាំ ជាពិសេសគួរ​រៀប​ចំ​ប្រព័ន្ធ​ទឹក ដែលជួយកុំឲ្យប្រើកម្លាំងច្រើន​ពេកក្នុងការរែកទឹក។

ឃ.​ ត្រៀមផលិតជីធម្មជាតិ ជាពិសេសជីកំប៉ុស្តគោក កំប៉ុស្តទឹក ជីទឹកនោមគោ

ង. ត្រៀមផលិតថ្នាំពុលធម្មជាតិដែលមានសារៈសំខាន់ក្នុងការបណ្តេញសត្វល្អិតបាន​មួយ​ចំណែក។ ​វត្ថុធាតុដើមដែលគួរមានដូច​ជា៖ សំបកស្តៅ មើមក្តួច មើមប្រង់ សំបកស្លែង សំបកកន្ទួត​ គល់ស្លឹកគ្រៃ មើមរំដេង ខ្ទឹមស ម្ទេស។ល។ វត្ថុធាតុដើមទាំងនេះ​បើ​ដាំ​ទុក​ក្នុង​សួន​បន្លែ​រិតតែល្អងាយស្រួលយកមកប្រើប្រាស់។ ថ្នាំពុលធម្មជាតិ​ដើរ​តួនាទី​ក្នុង​ការបណ្តេញ​​​សត្វ​​ល្អិតកុំឲ្យមកស៊ីដំណាំនិងមាន​តួនាទី​ជាជីធម្ម​ជាតិ ធ្វើឲ្យដំណាំល្អផងដែរ។

ច. ត្រូវមានគម្របរងសម្រាប់រដូវវស្សា ការពារ​កុំឲ្យត្រូវ​ទឹក​​​ភ្លៀងខ្លាំង និង​រដូវ​ប្រាំងកុំឲ្យត្រូវថ្ងៃខ្លាំងពេក។

ឆ. ចំណាយពេលថែទាំ ដកស្មៅ ដាក់ជីបំប៉ន ស្រោច​ទឹក និងចាប់​ដង្កូវចេញ។ ជាទូទៅការបំផ្លាញពីដង្កូវធំៗនៅចន្លោះ​ម៉ោង ៩ ទៅ ១០យប់ ដូចនេះអ្នកដាំដំណាំត្រូវ​ដឹង​​និងចាត់វិធានការឲ្យបានទាន់ពេលវេលា។

ជ. ពេលដំណាំផ្តល់ផលហើយ ត្រូវកាត់ឲ្យបានទាន់​ពេល​​វេលា​ជៀសវាងដំណាំចាស់ពេក ខូចគុណភាព​ដែល​ធ្វើ​ឲ្យ​តម្លៃទិន្នផលធ្លាក់ចុះ។

ឈ. ដើម្បីឲ្យផលិតផលបន្លែសរីរាង្គមានតម្លៃខ្ពស់​អ្នក​ផលិត​ត្រូវ​មានភាពស្មោះត្រង់ និងទទួលខុសត្រូវ​ក្នុង​ការ​ផលិត ធ្វើឲ្យគេ​ជឿ​​ជាក់។ ជាក់ស្តែងបន្លែរបស់​គាត់​​លក់​​បាន​​តម្លៃថ្លៃទាំង​ក្នុងភូមិ ​និង​លក់នៅទីក្រុង​ភ្នំពេញ​ដោយ​សារមាន​ការទុកចិត្តពីអ្នក​បរិភោគ។ អ្នក​ទិញសុខចិត្ត​ចំណាយខ្ពស់ជាង បើធៀបនឹងបន្លែ​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់។

ញ. ដើម្បីឲ្យការផលិតបន្លែមានបរិមាណច្រើន អាច​ផ្គត់​ផ្គង់​ទាន់​ពេលវេលាអ្នកផលិតត្រូវ​ចង​​ក្រងជាក្រុមអ្នកផលិត​បន្លែ ​ដែលអាចធានា​នូវតម្រូវការ​ជាក់​ស្តែងនិងចែងពីគោលការណ៍ផលិតឲ្យបានច្បាស់លាស់ តាមរយៈការជួបប្រជុំរៀបចំផែន​ការ​ផលិតប្រភេទ​ដំណាំ​ត្រូវ​​ផលិត ​​បរិមាណផលិត ពេលវេលាត្រូវផ្គត់ផ្គង់ដល់ទីផ្សារ តម្លៃ គុណភាព ជា​ដើម​។ ក្រុមដាំ​បន្លែ​របស់​គាត់​មានសមាជិកចំនួន៨នាក់ ដែលមានគាត់ជាជំហរ​ក្នុងការសម្របសម្រួលរួម (ប្រធានក្រុម)។ គាត់បានបញ្ជាក់​ថា សមាជិកទាំងអស់​ត្រូវគោរព​នូវ​គោល​ការណ៍​​រួម​ ជាពិសេស​​​ត្រូវគោរពការដាំដុះតាមបែបសរីរាង្គ បើសមាជិកណាម្នាក់​មិន​ស្មោះ​ត្រង់ ឬលួច​ប្រើប្រាស់​ជីគីមី ថ្នាំពុលគីមី​ គឺត្រូវពិន័យជាទឹកប្រាក់ចំនួន៥០ម៉ឺនរៀល ហើយ​ត្រូវ​បណ្តេញ​ចេញ​ពីក្រុមដោយគ្មាន​ការតវ៉ាអ្វីទាំងអស់។

ភាពជោគជ័យរបស់អ្នកស្រី ទីវ ឆាត និងក្រុមការងារផលិតបន្លែរបស់គាត់បានធ្វើឲ្យ​មានការកោតសរសើរ និងពេញចិត្តពីអតិថិជន ភ្ញៀវជាតិ និងអន្តរជាតិដែលនាំឲ្យ​មានទស្សនកិច្ច​សិក្សា​ប្រមាណ៤០ដង ដែលមានភ្ញៀវពីបរទេសចំនួន​១៣ប្រទេស ដូចជាប្រទេសវៀតណាម ឡាវ នេប៉ាល់ អាល្លឺម៉ង់ ថៃ ភូមា ជាដើម។ ជាងនេះទៀតគាត់មាន​ឱកាស​ទៅចែករំលែក​បទពិសោធន៍​នៃការដាំដុះបន្លែសរីរាង្គ នៅក្រៅប្រទេសផងដែរ ដូចជាប្រទេសថៃ​ និងវៀតណាម។

ជាបញ្ចប់អ្នកស្រីសំណូមពរដល់អ្នកភូមិបន្តនូវជំហររឹងមាំ ស្មោះត្រង់ ទទួលខុសត្រូវ ច្បាស់​លាស់ពិតប្រាកដ និងសូមឲ្យមានអ្នកបន្តវេន ពីព្រោះអ្នកស្រីអាយុច្រើន ហើយស្វាមីរបស់​​គាត់​ក៏កាន់តែចាស់ដែរ (អាយុ ៧៨ឆ្នាំ) ដែលតែងតែសហការជួយគាត់យ៉ាងពេញទំហឹង​ក្នុង​ការដាំដុះបន្លែធម្មជាតិនេះ។

ខ្លឹមសារខាងលើនេះ ជាឧទាហរណ៍ជោគជ័យមួយក្នុងចំណោមឧទាហរណ៍ជាច្រើន​សម្រាប់កសិករខ្មែរនៅតំបន់ផ្សេងៗទៀតយកទៅអនុវត្តទៅតាមស្ថានភាពរបស់ខ្លួន ជាពិសេស​​គំនិត​ក្នុងការបំប្លែងខ្លួនជាអ្នកដាំបន្លែអាជីព ដែលត្រូវតែមានការខិតខំប្រឹងប្រែងព្យាយាម អំណត់ មានគំនិតច្នៃប្រឌិតគ្រប់បែបយ៉ាងដើម្បីទទួលបានផលិតផលមួយដែលអតិថិជនទុក​ចិត្ត ​​ជឿជាក់ ​និង​សម្រេចចិត្តប្រើប្រាស់​ផលិតផលរបស់គាត់។

សូមជូនពរអ្នកស្រី និងសមាជិកក្រុមការងារផលិតបន្លែសរីរាង្គទទួលបាននូវសេចក្តីសុខ និងរីក​ចម្រើន​ជារៀងរហូត៕

ប្រភព ទស្សនាវដ្តីគសិករ

សហគមន៍សម្បូរសប្បាយ

 

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)