ពេលយើងចេះឆ្លៀតយើងនឹងបានជោគជ័យ (កសិករ ដូង ចាន់)

0

អ៊ំស្រី ដូង ចាន់ មានអាយុ ៦២ឆ្នាំ (ឆ្នាំ២០១៣) ជាកសិកររស់នៅក្នុងតំបន់ដីសម្បទាន​សង្គមកិច្ចស្ថិតនៅក្នុងភូមិបឹងប្រាំ​ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។ អ៊ុំស្រី បានសហការជាមួយគម្រោងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងការរស់នៅប្រកបដោយចីរភាព ដែលអនុវត្តដោយអង្គការសេដាក ក្នុងខេត្តបាត់ដំបង។

អ៊ំស្រី បានរស់នៅក្នុងតំបន់នេះតាំងពីឆ្នាំ២០០៥​មកម្លេះ ដោយពុំទាន់បានទទួលដីកសិកម្មនៅឡើយក្នុងឆ្នាំ២០១៣។ ប៉ុន្តែគាត់ទទួលបានដីផ្ទះទំហំ ១៦អារ សម្រាប់ការសាងសង់ផ្ទះ និងបង្កបង្កើនផលលើដីនេះ។ ក្រោយពីសហការជាមួយគម្រោង គាត់មានការប្រែប្រួលច្រើនទាំងចំណេះដឹង និងការងារប្រកបរបរចិញ្ចឹមជីវិត ពិសេសការបង្កើនប្រាក់ចំណូលក្នុងគ្រួសារតាមរយៈការប្រើប្រាស់ដីឲ្យអស់លទ្ធភាព។ ក្រោយពីការធ្វើស្រូវ​ គាត់បានឆ្លៀតដាំដំណាំចំរុះនៅលើដីដែលគាត់កំពុងមាន ដោយដីមួយផ្នែកបានប្រើប្រាស់សម្រាប់ការដាំពោត​ហើយនៅចន្លោះគុម្ពពោតនោះ គាត់បានដាំបន្លែដូចជា ម្ទេស ត្រប់​ ត្រសក់ សណ្តែកកួរ សណ្តែកដី និងដំឡូងជ្វា ជាដើម។ ក្នុងការដាំនេះ​ គាត់បានឆ្លៀតធ្វើតែពេលល្ងាច​ៗ ឬនៅពេលព្រលប់ ព្រោះគាត់ត្រូវចូលរួមក្នុងការរៀបចំសំអាតព្រៃសម្រាប់ដីកសិកម្ម ការបែងចែកដីសម្បទានសង្គមកិច្ច។ ដោយគាត់ទទួលបាននូវភាពជោគជ័យពីការអនុវត្តកន្លងមកនេះ ទើបគាត់បានបញ្ចេញពាក្យមួយឃ្លាថា ពេលយើងចេះឆ្លៀតយើងនឹងទទួលបានចំណូលនិងជំនាញ ព្រមទាំងការឲ្យតម្លៃពីអ្នកនៅក្នុងភូមិ និងអាជ្ញាធរមូលដ្ឋាន។

តើចំណុចអ្វីខ្លះ ដែលនាំឲ្យគាត់ ហ៊ានលើកឡើងយ៉ាងដូច្នេះ​ ? គឺមានដូចជា

១. ទទួលបាននូវបច្ចេកទេសកសិកម្ម តាមរយៈការឆ្លៀតចូលរួមក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ពីគម្រោងដែលអាចបង្កើននូវគុណភាពជីវិតដូចជា បច្ចេកទេសធ្វើស្រែ ប.វ.ស. ការចិញ្ចឹមមាន់ ការដាំដំណាំបន្លែ​ ការសន្សំប្រាក់ជាដើម…។

២. មានទុនសម្រាប់ប្រើប្រាស់ក្នុងថ្ងៃអនាគត ដែលកើតចេញពីការឆ្លៀតសន្សំប្រាក់ក្នុងក្រុម ដែលវាជាទុនមួយសម្រាប់ជួយគ្រួសារនៅពេលខាងមុខ ដែលរហូតមកដល់ពេលនេះ គាត់បានដាក់ទុនសន្សំក្នុងក្រុម​ បានទឹកប្រាក់សរុប​១១០.០០០រៀល។​

៣. ឆ្លៀតវិនិយោគទុនពីលុយដែលបានខ្ចីពីក្រុមសន្សំ (ចំនួន ២០០.០០០​រៀល) សម្រាប់ការដាំដំណាំបន្លែ និងសងបំណុលគេ។ ជាលទ្ធផល ចំណូលពីការដាំដំណាំ​និងបន្លែ គាត់ទទួលបានចំណូលជាសាច់ប្រាក់សរុបប្រមាណជា​​៧០៥.០០០រៀល ដោយមិនគិតពីការហូបប្រចាំថ្ងៃ (រយៈពេលដាំ ៣ខែ ពីចុងខែមីនាដល់ ដើមខែមិថុនា ) ពីការដាំដំណាំនៅលើដីទំហំ ១៦អារ ( ១៨ម៉ែត្រការ៉េ សាងសង់ផ្ទះ) ដែលពីមុនមិនដែលទទួលចំណូលអ្វីពីដីនេះទេ ក្រៅពីការធ្វើស្រែ បានផ្តល់ផលត្រឹមតែ​ ១២០គីឡូក្រាមតែប៉ុណ្ណោះ។

៤.​ ការឲ្យតម្លៃពីអាជា្ញធរមូលដ្ឋាន​ទៅលើភាពជោគជ័យ ដែលគាត់ទទួលបានពីការអនុវត្តជាក់ស្តែង ដោយស្តែង​ចេញតាមរយៈប្រធានក្រុមប្រឹក្សាឃុំបានលើកទឹកចិត្តគាត់ លើការដាំដំណាំដោយផ្តល់តម្លៃ ​១០.០០០រៀល ក្នុងការទិញឪឡឹកគាត់មួយផ្លែ។

យោងទៅលើលទ្ធផលទាំងអស់ខាងលើ​ធ្វើឲ្យគាត់មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង​ហើយនិងមានការដាក់ចិត្ត​ដាក់កាយខ្ពស់​ទៅលើការអនុវត្ត​ការដាំដំណាំតាមគោលការណ៍ធម្មជាតិ។ ហើយនិងផែនការច្បាស់លាស់​នៅរដូវខាងមុខដូចជា៖

  • បណ្តុះផ្សិតចំបើង
  • បន្លែ (ដាំប៉េងប៉ោះ និងម្ទេសប្លោក)
  • ផលិតជីកំប៉ុស្ត
  • អនុវត្តស្រូវ ប.វ.ស.៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)

Leave A Reply

Your email address will not be published.