បច្ចេកទេសធ្វើសួនរង្វង់

នៅរដូវប្រាំង ជារដូវរាំងស្ងួតដែលកសិករភាគច្រើនមាន​ការលំបាកក្នុងការដាំដុះ។ ដើម្បីអាចឲ្យកសិករធ្វើការ​ដាំដុះជាពិសេសបន្លែសំរាប់បរិភោគ និងអាចបង្កើនប្រាក់ចំណូលក្នុងគ្រួសារបន្ថែម​​ យើងខ្ញុំសូមណែនាំការដាំដុះ​តាមរបៀបជាសួនរង្វង់។

សួនរង្វង់ជាសួនមួយដែលមានរណ្ដៅជារង្វង់មានជំរៅដូចបាតខ្ទះនៅចំកណ្ដាលហើយនៅជុំវិញរណ្ដៅនេះគេធ្វើការដាំដុះដំណាំច្រើនមុខ។ សួនរង្វង់មានគុណសម្បត្តិពិសេសដូចខាងក្រោម៖

នៅលើរងដែលមានរាងជារង្វង់គេអាចដាំដុះបានច្រើនមុខហើយការដាក់ជីនិងស្រោចទឹកគឺតែមួយកន្លែងងាយស្រួលក្នុងការស្រោចទឹក ហើយទឹកត្រូវបានរក្សាទុកបានយូរឫ​សដំណាំដែលដុះមកចំកណ្ដាល​រង្វង់មិន​ត្រូវ​បានទទួលការរំខានពីការដើរចុះឡើងក្នុងសួន ការកាប់រណ្ដៅធ្វើរងតែមួយដងតែអាចដាំបានច្រើនសា។

ចំណុចសំខាន់ៗនៃការរៀបចំសួនរង្វង់មានដូចខាងក្រោម៖

  • រណ្ដៅត្រូវធ្វើរាងជារង្វង់ដែលមានកាំស្មើនឹងកន្លះម៉ែត្រ ឬអង្កត់ផ្ទិតស្មើមួយម៉ែត្រ
  • រណ្ដៅត្រូវមានរាងដូចជាបាតខ្ទះដែលជំរៅបាតកណ្ដាលស្មើនឹង២ទៅ៣តឹក។ អាចម៍ដីដែលបាន​មកពី​ការ​ជីករណ្ដៅត្រូវយកមកធ្វើជារងព័ទ្ធជុំវិញរង្វង់
  • គេត្រូវដាក់ដីជីធម្មជាតិច្រើនមុខក្នុងរណ្ដៅរង្វង់នេះឲ្យបានពេញល្អ
  • នៅពេលដីស្រកចុះគេត្រូវថែមវាឲ្យបានពេញជាប់ជានិច្ច
  • ប្រើជីធម្មជាតិមានដូចជាស្លឹកឈើ កំប្លោក ចំបើង អង្កាម កាកសំណល់រុក្ខជាតិផ្សេងៗ និងលាមកសត្វ​។ល។
  • ត្រូវដាំនៅតាមរងជុំវិញរណ្ដៅរង្វង់ដោយដាំងាកមកផ្នែកដែលទេរមកខាងក្នុង។ ដើម្បីប្រើប្រាស់ជីធម្មជាតិឲ្យអស់ប្រសិទ្ធ ភាពគេនាំគ្នាដាំដំណាំ៣ឬ៤ប្រភេទចំរុះគ្នាដែលមានពពួក (ដូចជាត្រប់ ប៉េងប៉ោះ ម្ទេស។ល។) ពពួកវារលើដីឲ្យវារចេញមកខាងក្រៅរង្វង់ (មានដូចជា ពពួកល្ពៅ ត្រឡាច ត្រសក់ ននោង ឪឡឹក។ល។) ពពួកវារឡើងទ្រើងឲ្យវារមកលើមាន (សណ្ដែក​កួរ ម្រះ ត្រសក់។ល។) និងពពួកបន្លែ​ដើម​ទាប​ៗហើយចូលចិត្តម្លប់ (មានដូចជាជីផ្សេងៗ)។

តាមបទពិសោធន៍កន្លងមករបស់កសិករដែលមានសួនរង្វង់ចំនួន១០បានអនុវត្តតាមបច្ចេកទេសបានល្អដូចរៀបរាប់ខាងលើ មិនត្រឹមតែបានបន្លែសំរាប់បរិភោគនោះទេ គឺអាចសល់បន្លែលក់បានប្រាក់ចំណូលថែម​ទៀត​ផង។ ដោយឡែកអ្នកដែលចង់បានចំណូលរាប់លានរៀលពីការដាំបន្លែលក់នៅរដូវប្រាំងសូមធ្វើសួនរង្វង់ល្អឲ្យបាន​លើសពី១០០ឡើងទៅដែលត្រូវការដីប្រហែល ២អាស្មើនឹង ២០០ម៉ែត្រក្រឡា។

ជាសរុបមកការធ្វើសួនរង្វង់ប្រៀបដូចជាការវិនិយោគមួយដែលនាំមកនូវផលយូរអង្វែង។​ អ្វីដែលសំខាន់​នោះ​សួនរង្វង់ត្រូវធ្វើតាមបច្ចេកទេសឲ្យបានល្អដាក់ជីធម្មជាតិជាប់ជានិច្ច និងការដាំដុះចំរុះច្រើនជាន់៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)