បទពិសោធន៍ដាំដំណាំអំពៅ (កសិករ ភួង អូន)

អ្នកមីង ភួង​ អូន ជាកសិកររស់នៅភូមិទ្រា ឃុំឈើកាច់​​ ស្រុកបាភ្នំភ្នំ ខេត្តព្រៃវែង។​ គាត់មានបទពិសោធន៍ល្អក្នុងការដាំដំណាំអំពៅ។ ការដាំដំណាំអំពៅនេះ គឺរកប្រាក់ចំណូលបន្ថែមសំរាប់ក្រុមគ្រួសាររបស់គាត់។ ក្នុងរយៈពេល៦ខែ គាត់អាចទទួលបានប្រាក់ប្រមាណជា (៤លានរៀល) នៅលើដីចំនួន ១០អារ។ មូលហេតុដែលគាត់អាចទទួលបាននូវលទ្ធផលល្អគឺដោយសារគាត់មានបទពិសោធន៍ និង បច្ចេក​ទេសល្អក្នុងការដាំអំពៅនេះ ចំពោះបទពិសោធន៍នៃការដាំ មានបង្ហាញដូចខាងក្រោម។

១. ការរៀបចំដីដាំ

គាត់បានរៀបចំដីដូចជាដីសំរាប់ធ្វើស្រែដែរ ដោយភ្ជួរដីចំនួន ២ដង​ គឺភ្ជួរលើកទីមួយលុបដីឲ្យងាប់​ស្មៅ​។ ក្រោយពីភ្ជួរលើកទី១​បាន១០ថ្ងៃ គាត់ចាប់ផ្តើមយកជីកំប៉ុស្តលាយជាមួយស្លឹកឈើ​ទៅពង្រាយវា​ឲ្យ​សព្វ ធ្វើការភ្ជួរលុបលើកទី២ និងរាស់ដីពង្រាយឲ្យរាបស្មើ។ បរិមាណជីដែលគាត់បានដាក់មានប្រមាណ​១០​រទេះ ក្នុងផ្ទៃដីចំនួន១០អារ ការរៀបចំដីបែបនេះធ្វើឲ្យគាត់ងាយស្រួលក្នុងការដាំដុះ។ ពេលយកកូន​អំពៅ​ទៅ​ដាក់​ដាំគាត់បានកាប់ជ្រំដីចំនួន ១ចបៗ ទើបដាក់កូនអំពៅដាំនៅតាមរណ្តៅនោះ។

២. របៀបដាំ

ក្នុងការដាំ គាត់បានជ្រើសរើសយកដើមអំពៅ ដែលថ្លោសល្អនិងគ្មានជំងឺ ដោយកាប់ជាកង់ៗ​ប្រវែង​ប្រហែល ២តឹក (កាប់យក​តែផ្នែកកណ្តាលនៃដើម) យកទៅត្រាំទឹកចំនួនមួយយប់ រួចយកទៅផ្សំ​ដោយ​កប់ដីនិងស្រោចទឹកថែទាំរយៈពេល២០ថ្ងៃ ទើប​យក​ទៅដាំក្នុងរណ្តៅ។ នៅក្នុងរណ្តៅនីមួយៗ គាត់​មិនបានដាក់ជីទេ ដោយសារគាត់បានដាក់វានៅពេលភ្ជួររួចហើយ។ ប៉ុន្តែនៅក្នុងរណ្តៅសំរាប់ដាំគាត់​ធ្វើដី​រៀបស្មើបានល្អ ទើបយកកូនអំពៅទៅដាក់ដាំមួយកង់។

៣. ការថែទាំ

បន្ទាប់ពីដាំរួចគាត់បានស្រោចទឹកបាន២ដងប៉ុណ្ណោះចំពោះរដូវវស្សា។ តែនៅពេលអំពៅចាប់ផ្តើម​លូត​លាស់ធំល្មម គាត់ចាប់ភ្ជួរលុបគល់ដើម្បីពូនគល់អំពៅឲ្យដុះល្អ ដែលការពូនគល់នេះគឺធ្វើឡើងចំនួន ៣ លើក។

លើកទី១. ក្រោយពីដាំបានចំនួន ១ខែ គាត់បានលុបជើងអំពៅដើម្បីជំនួយឲ្យអំពៅដុះល្អ។

លើកទី២. គាត់លុបជើងក្រោយពេលកូនអំពៅដុះបានអាយុ ២ខែ និងធ្វើការសកស្លឹកអំពៅចេញខ្លះ ដើម្បី​កុំ​ឲ្យអំពៅមានជំងឺផ្សិត និងដើមអំពៅស៊ុបទ្រុបពេក។

លើកទី៣. ធ្វើជើងក្រោយពេលអំពៅអាយុបាន៣ខែ ហើយមុនលុបគល់ គាត់បានបន្ថែមជីលាមកគោចំនួន៥រទេះបន្ថែមទៀត ដើម្បីជួយឲ្យអំពៅដុះលូតលាស់កាន់តែល្អថែមទៀត។ ហើយការលុបគល់គឺ​ដើម្បីទប់​ដើម​អំពៅកុំឲ្យរលំនៅពេលមានភ្លៀងនិងខ្យល់។​រយៈពេល២ខែឡើងទៅគាត់ចាប់ផ្តើមសកស្លឹក​អំពៅ​ចេញ​​ដើម្បីឲ្យមានពន្លឺចាំងចូលបាន។

ចំពោះអំពៅមួយផ្នែកទៀតដែលគាត់ដាំសំរាប់ទុកធ្វើពូជ គឺគាត់មានការថែទាំផ្សេងពីនេះបន្តិច គឺ​មិន​សកស្លឹកចេញទេ ប្រសិន​បើសកស្លឹកធ្វើឲ្យអំពៅទុកពូជនោះវាស្ងួតភ្នែក និងដើមវាស្ងួតនាំឲ្យពូជដែល​យើងរក្សាទុកនេះមិនល្អ។

៤. ការប្រមូលផល

ក្រោយពីដាំបានរយៈពេល ៥ ទៅ ៦ខែ គាត់អាចប្រមូលផលនិងអាចលក់បានជាបណ្តើរៗ។ ក្នុង​ការ​ប្រមូលផលគាត់កាប់ដើមត្រឹមគល់។ នៅ​ពេលកាប់អំពៅអស់ គាត់កាប់ដីដាំជាថ្មីទៀតបណ្តើរៗ ដោយ​ទុក​ដីឲ្យនៅទំនេរត្រឹម ១០ ទៅ ១៥ថ្ងៃតែប៉ុណ្ណោះ។ ក្រៅពីការហូបនៅក្នុងគ្រួសារ​គាត់បាន​ចែកទៅអ្នកជិត​ខាង ពិសេសគាត់លក់យកប្រាក់ចំណូលបាន ៤លានរៀលផងដែរ។

៥. ចំណាប់អារម្មណ៍

ក្នុងការដាំអំពៅនេះ អ្នកមីងមានចំណាប់អារម្មណ៍ថា ដំណាំអំពៅមានការងាយស្រួលក្នុងការដាំ ពិសេស​ដីគាត់ជាដីស្រែរាបស្មើស្រាប់គឺ កាន់តែងាយស្រួលមួយកំរិតទៀត ហើយដំណាំនេះមិនចំណាយ​ពេលក្នុងការថែទាំច្រើន ដូចដំណាំបន្លែ និងដំណាំផ្សេងទៀតឡើយ ពិសេសអាចរកប្រាក់ចំណូល​ដុំបាន​ផង រាយផង និងអាចបរិភោគក្នុងគ្រួសារបានផងដែរ។

សរុបបច្ចេកទេសសំខាន់ៗក្នុងការដាំអំពៅមាន៖

  • កាប់រណ្តៅដាំដោយទុកចន្លោះរង និងចន្លោះគុម្ពសមស្រប ដើម្បីឲ្យអំពៅដុះលូតលាស់បានល្អ
  • គាត់យកកំណាត់អំពៅផ្នែកកណ្តាលទៅផ្សាំឲ្យដុះសិន មុនយកទៅដាំនៅក្នុងរណ្តៅ
  • ពូនគល់អំពៅក្រោយពីដាំបាន​២ខែ ដើម្បីទប់ដើម
  • ថែទាំស្រោចទឹក ដកស្មៅ លះស្លឹកចាស់ៗចោល ដើម្បីឲ្យអំពៅដុះលូតលាស់បានល្អ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)