ការគ្រប់គ្រងដីស្រទាប់លើ ដើម្បីការដាំដុះបានផលល្អ (បណ្ឌិត យ៉ង សាំងកុមារ)

0

ដើម្បីធានាឲ្យការដាំដុះបន្លែ និងដំណាំផ្សេងៗទៀតទទួលបានជោគជ័យ ការមានដីស្រទាប់លើល្អជាកត្តាចាំបាច់មួយ។ ដីស្រទាប់​លើ (Top Soil) គឺជាដីដែលនៅផ្នែកខាងលើបំផុតមានជម្រៅឬកំពស់​ពី ០,១៥ ទៅ ០,៣ម៉ែត្រ (១តឹកកន្លះ ទៅ ៣តឹក) ឬអាចជ្រៅ​ជាងនេះ។ ដីស្រទាប់លើនេះហើយជាកន្លែងដែលឫសមានសកម្មភាពបំផុតក្នុងការស្រូបសារធាតុចិញ្ចឹម និងទឹក ដើម្បីឲ្យដំណាំដុះលូតលាស់បានល្អ។ ដីស្រទាប់លើល្អ គឺមានលក្ខណៈសំខាន់ៗដូចខាងក្រោមនេះ៖

១. មានរូបរាងល្អ មិនខ្សាច់ពេក ឬមិនឥដ្ឋពេក។ យើងអាចដឹងបានតាមរយៈយកដីសើមៗមកលុញជាកូនបាល់ (ដុំមូល) បើវាមិនអាចជារាងមូលបាន មានន័យថា វាជាដីខ្សាច់ច្រើនហើយ។ តែបើលុញទៅជាកូនបាល់បាន ហើយបែកវិញជាដុំតូចៗ គឺជាដីដែលមានលក្ខណៈរូបល្អ។ តែបើវាមានរាងជាកូនបាល់ ហើយមិនងាយបែកវិញជាដុំតូចៗ មានន័យថា វាឥដ្ឋពេកហើយ។

ប្រសិនបើដីស្រទាប់លើឥដ្ឋពេក អ្នកគួរលាយដីខ្សាច់បន្ថែមនិងលាយធ្យូងអង្កាមបន្ថែម​ឬជីកំប៉ុស្ត​បន្ថែមឲ្យដីផុសល្អ។ បើដីស្រទាប់លើមានខ្សាច់ច្រើនពេក លោកអ្នកត្រូវលាយដីឥដ្ឋបន្ថែមដូចជា ដីដំបូក ដីល្បាប់ជាដើម។

២. ដីដែលមានសារធាតុសរីរាង្គ មានន័យថា មានសារធាតុដូចជា ស្លឹកឈើ លាមកសត្វដែលពុកល្អ ដី មមោកក្នុងព្រៃធម្មជាតិ (ដីស្រទាប់លើបំផុតនៅក្នុងព្រៃធម្មជាតិ)។ ដើម្បីបង្កើនសារធាតុសរីរាង្គក្នុងដីរបស់អ្នក ការប្រើជីកំប៉ុស្ត និងធ្យូងជីវៈ ជាជម្រើសល្អបំផុត (ធ្យូងអង្កាម ឬកំទេចធ្យូង រុក្ខជាតិផ្សេងៗ)។

បច្ចុប្បន្នយើងនិយមប្រើធ្យូងអង្កាម (ធ្យូង គឺមិនមែនផេះទេ) ដើម្បីលាយបង្កើនសារធាតុ​សរីរាង្គ (សារធាតុកាបោន) ដែលជួយឲ្យដីផុសបានល្អ រក្សាសំណើមបានល្អ និងបង្កលក្ខ ខណ្ឌងាយស្រួលដល់សត្វល្អិតរស់នៅក្នុងដីធ្វើសកម្មភាព។

៣. ដីស្រទាប់លើដែលមានកម្រាស់ ១តឹកកន្លះ ទៅ ៣តឹក មិនត្រូវស្ថិតនៅភាពងាយជាំទឹកទេ។ ដើម្បីកុំឲ្យហានិភ័យនៃភាពជាំទឹកកើតមានឡើង យើងត្រូវធ្វើរងលើកឲ្យខ្ពស់ យកល្អមានឈើ ឬឥដ្ឋបាំងជុំវិញរង​។សម្រាប់ដំណាំដូចជា ម្រេច ទុរេន ល្ហុង។ល។ គេអាច​យកឈើ ឬឥដ្ឋព័ន្ធជុំវិញគល់ ហើយបន្ថែមដីស្រទាប់លើល្អ។

សូមបញ្ជាក់ថាធ្យូងដែលបានមកពីការដុតផ្នែកផ្សេងៗរបស់រុក្ខជាតិសម្រាប់យកមកកែលំអជីជាតិ​​ដី ភាសាបច្ចេកទេសហៅថា ធ្យូងជីវៈ (Bio char) ដែលក្នុងនោះ ធ្យូងអង្កាម ជាឧទាហរណ៍មួយ។ តែគេអាចដុតដោយយកកាកអំពៅ ស្នូលពោត សំបកកាហ្វេ និងកាកសំណល់រុក្ខជាតិផ្សេងៗឬគេក៍អាចយកកម្ទេចធ្យូងមកប្រើក៏បានដែរ។

ធ្យូងជីវៈ មានសារធាតុកាបោនខ្ពស់ ៣០ ទៅ ៤០ភាគរយ ឬខ្ពស់ជាងនេះ វាស្ថិតនៅក្នុងដីបានយូរឆ្នាំ ជួយឲ្យដីផុសបានល្អ រក្សាសំណើមបានយូរ កាត់បន្ថយជាតិអាស៊ីតក្នុងដី និងជួយបង្កើនប្រសិទ្ធភាពឫសដំណាំក្នុងការស្រូបយកសារធាតុចិញ្ចឹម​ និងផ្តល់សារធាតុចិញ្ចឹមបន្ថែមដល់ដំណាំ។ ធ្យូងជីវៈល្អ ជាធ្យូងដែលគ្មានជាតិផេះត្រូវបាន ដុតក្នុង​ចំហេះសព្វល្អ ដោយគ្មានខ្យល់​អុកស៊ីហ្សែន ក្នុងកម្រិតសីតុណ្ហភាព​រហូតដល់ ៤០០-៦០០អង្សាសេ។

ដោយឡែកជីកំប៉ុស្ត គឺជាជីដែលកើតចេញមកពីភាពពុកបំបែកធាតុរបស់សារធាតុសរីរាង្គ មានដូចជា រុក្ខជាតិ លាមកសត្វ។ ជីកំប៉ុស្តល្អ គឺមិនមានក្លិនស្អុយ មិនមានកម្តៅ ហើយយើងមើលលែងស្គាល់ថាវាជាធាតុដើមអ្វី ដោយវាពុក ឬបំបែកធាតុអស់ហើយ។

ក្រៅពីចំណុចរៀបរាប់ខាងលើ ដើម្បីកសាងដីស្រទាប់លើឲ្យស្ថិតស្ថេរ គេមិនត្រូវកាប់ដី ឬភ្ជួរដី  ត្រឡប់ទេ គឺគេគ្រាន់តែរាស់ ឬកាប់បំផុស ហើយធ្វើការបន្ថែមដីស្រទាប់លើបន្តិចម្តងៗជាប់ជានិច្ច។ គេក៏ដាំពពួកសណ្ដែកបន្ថែមជាដំណាំឆ្លាស់ ឬដំណាំគ្របដី ដើម្បីបង្កើនសារធាតុអាហ្សូត (តាមរយៈបាក់តេរីដែលរស់នៅក្នុងពក​ឫស) និងបង្កើនសារធាតុសរីរាង្គក្នុងដី (ឫស ស្លឹក និងដើមសណ្តែក ជាជីធម្មជាតិ​ដ៏ល្អ)។

ជាសរុបមក ដីស្រទាប់លើដែលល្អបំផុត ជាដីដែលផុសល្អ (មិនឥដ្ឋពេក មិនខ្សាច់ពេក) មានសារធាតុធ្យូងជីវៈ និងមានលាយជាមួយជីកំប៉ុស្តល្អ។ កសិករល្អ ជាកសិករដែលកសាង និងការពារដីស្រទាប់លើឲ្យបានល្អជាប់ជានិច្ច៕

ពាក្យគន្លឹះសំខាន់ៗ

ដីស្រទាប់លើ មមោក ធ្យូងជីវៈ ជីកំប៉ុស្ត ដំណាំសណ្តែក ភាពមិនឥដ្ឋពេក និងមិនខ្សាច់ពេករបស់ដី

អត្ថបទ បណ្ឌិត យ៉ង សាំងកុមារ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)

Leave A Reply

Your email address will not be published.