បទពិសោធន៍ចិញ្ចឹមជន្លេន (កសិករ រាជ ឆាន)

ជន្លេន​មាន​សារៈប្រយោជន៍​ដល់​មនុស្ស ស​ត្វ រុក្ខជាតិ បំបែក​សារធាតុ​សរីរាង្គឲ្យ​ពុកផុយ (​សំរាម ឬ​លាមក​សត្វ កាកសំណល់​ផ្ទះបាយ​)។ ជន្លេន​មាន​ប្រូតេអ៊ីន​ពី ៦០ ទៅ ៧០%។ ​ដោយសារ​ជន្លេន​មាន​ប្រូតេអ៊ីន​ច្រើន មាន​កសិករ​មួយចំនួន​បាន​ប្រើ​ធ្វើ​ជា​ចំណី​មាន់ ធ្វើឲ្យ​មាន់ឆាប់​ធំធាត់។ យោង​ទៅលើ​ផលប្រយោជន៍​ច្រើន​នៅពេល​ថ្មីៗ​នេះ មាន​កសិករ​មួយចំនួន​ចាប់ផ្តើម​ចិញ្ចឹម​ជន្លេន​ឲ្យ​មាន់ ត្រី ស៊ី ឬ​លក់។ នៅ​ពេលនេះ យើងសូម​លើកយក​បទពិសោធន៍​ចិញ្ចឹម​ជន្លេន​របស់​កសិករ រាជ ឆាន រស់​នៅ​ភូមិ​កណ្តាល ឃុំ​ចេក ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង មក​បង្ហាញ​ជូន​បងប្អូន​កសិករ​ទុកជា​គំនិត​សម្រាប់​សាកល្បង​តាម​។

១. វត្ថុធាតុដើម​សម្រាប់​ចិញ្ចឹម​

​លាមក​សត្វ (​ស្រស់​) ដូចជា លាមក​គោ ក្របី ជ្រូក មាន់ (​ជា​ចំណី​ដែល​ជន្លេន​ចូលចិត្ត​បំផុត​)។​

២. ការជ្រើសរើស​ទីកន្លែង​ចិញ្ចឹម

  • ​ ​ជ្រើសរើស​ទីកន្លែង​ចិញ្ចឹម​លើ​ដី​ទួល​មិន​លិច​ទឹក ឬ​មិន​ដក់​ទឹក​
  • ​ ​ជ្រើសរើស​ទីកន្លែង​ដែល​មាន​ខ្យល់​ស្រឡះ​ល្អ។​

៣. របៀប​បង្កើត​ពូជ​ជន្លេន​

  • ​ យក​លាមក​គោស្រស់​ចាក់​ជា​ពំនូក (៣ ទៅ ៥ ប​ង្គី​) នៅ​កន្លែង​ស្រឡះ​ទូលាយ​ដែល​មាន​ខ្យល់​គ្រប់គ្រាន់​
  • ​ ​ស្រោច​ទឹក ២ ដង ក្នុង​១ថ្ងៃ (​ព្រឹក និង​ល្ងាច​) លៃ​យ៉ាងណា​ឲ្យ​ពំនូកជី​មានសំណើម និង​កំដៅ​
  • ​ ​រយៈពេល ២-៣អាទិត្យ នឹង​កើត​មាន​ពូជ​ជន្លេន​នេះ។​

៤. របៀប​ចិញ្ចឹម​ជន្លេន​

៤.១ របៀប​រៀបចំ​កន្លែង​ចិញ្ចឹម​

  • ​ រៀបចំ​កន្លែង​ចិញ្ចឹម​លើ​ដី​ទួល​ក្រោម​ម្លប់ឈើ​
  • ​ សំអាត​ស្មៅ​លើ​ផ្ទៃដីប្រមាណ ២ ម៉ែត្រការ៉េ​
  • ​ បង្ហាប់ដី​ឲ្យ​ហាប់ រួច​យក​លាមក​គោ​ស្រស់​មក​ពូន​ជា​គំនរ។​

​​ ​៤.២​ របៀប​លែង​ពូជ​

  • ​ ជ្រើសរើស​តែ​ជន្លេន​មាន​ដង​ខ្លួន​ធំ ហើយ​ថ្លោស មាន​ប្រវែង​ពី ១០-១៥ ហ៊ុន​
  • ​ ប្រមូល​ពូជ​ជន្លេន​ពី​កន្លែង​បង្កើតពូជ​នៅ​ម៉ោង ៦ ល្ងាច (​ពីព្រោះ​ជន្លេន​ខ្លាច​ពន្លឺ និង​កំដៅថ្ងៃ​)
  • ​ មុន​នឹង​លែង​ជន្លេន​ត្រូវ​ស្រោច​ទឹក​ឲ្យ​សើ​មតិចៗ​ឲ្យ​ជន្លេ​នងាយ​វា​រចូល​ក្នុង​ពំនូក​ជី​
  • ​ បរិមាណ​ជន្លេន​ដែល​លែង​គឺ ពី ២ ទៅ ៣ គីឡូក្រាម (​ជន្លេន ៧០% និង​ជីលា​មក​សត្វ​ដែល​នៅ​ជាប់ ៣០%)។

៤.៣ របៀប​ថែទាំ​

  • ​យក​មែក​ឫស្សី​គ្រប​កន្លែង​ចិញ្ចឹម​ការពារ​មាន់​កាយ ដោយ​ធ្វើ​រនាំង​បាំង ឬ​យក​បន្លា​ឫស្សី​ដាក់​ពទ្ធ័ជុំវិញ​
  • ​ពំនូក​ជី​ត្រូវ​គ្រប​ស្លឹកត្នោត (​កាត់បន្ថយ​ពន្លឺ​) ឬ​ធ្វើ​របង​ប្រក់​តំបូល​ស្លឹក
  • ​ ស្រោច​ទឹក ២ដង ក្នុង​មួយ​ថ្ងៃ​
  • ​ ទឹក​ដែល​ស្រោច​ពំនូក​ជី​នេះ ត្រូវ​គ្មាន​ជាតិពុល ប្រៃ ប្រេង ឬ​ស្អុយ (​ទឹក​ធម្មជាតិ​)
  • ​ ដាក់​ថែម​អាចម៍គោ​ស្រស់​ថ្មីៗ ពីរ​ថ្ងៃចំនួន ១ ប​ង្គី (៥ គីឡូក្រាម​)
  • ​ ការ​ថែម​អាចម៍គោ​អាស្រ័យ​ពេលវេលា​គឺ នៅពេល​យើង​សង្កេត​ឃើញ​វា​បញ្ចេញ​កាកសំណល់​អាចម៍​ជន្លេន​ចេញមកក្រៅ​ច្រើន ហើយ​វា​ស៊ី​អស់​អាចម៍គោ​ថ្មីៗ។ ត្រូវ​រាយ​លាមក​គោ​ស្រស់​ពីលើ​រង​ជន្លេនកំរាស់​ពី ២ ទៅ ៣ តឹក​
  • នៅ​រដូវប្រាំង ដាក់​បន្ថែម​អា​ចម៍​គោ​ឲ្យ​ស៊ីពី ២ ទៅ ៣ ដងក្នុង ១អាទិត្យ ក្រោយ​មក​គ្រប​វិញ ហើយ​ស្រោច​ទឹក​
  • ​ នៅ​រដូវវស្សា ដាក់​អាចម៍គោ​ឲ្យ​ស៊ីពី ៣ ទៅ ៥ ដងក្នុង ១អាទិត្យ ក្រោយ​មក​គ្រប​វិញ ហើយ​ស្រោច​ទឹក។​

​៤.៤ របៀប​ការពារ​

​ ​ក្នុង​ការចិញ្ចឹម​ជន្លេន ត្រូវ​យកចិត្តទុកដាក់​ការពារ​បញ្ហា​មួយចំនួន​ដូចជា​៖

  • ​ មាន់​កាយ​ស៊ី កង្កែប បក្សី ស្រមោច កណ្តុរ​
  • ​ ទឹក​ស្រោច​កុំឲ្យ​មាន​ជាតិ​ជូរ ប្រៃ ឬ​មាន​ជាតិពុល​
  • ​ ការពារ​ទឹកភ្លៀង​ហូរ​លិច ឬ​កំដៅថ្ងៃ (​ក្តៅ​ខ្លាំង​)។​

៥.​ អាចម៍​ជន្លេន​ និងរបៀប​ប្រមូល​ផល​ជន្លេន

​ ​ក​. អាចម៍​ជន្លេន​

​​អាចម៍​ជន្លេន​ពេល​វា​បញ្ចេញ​មក​ក្រៅ​ពំនូក យើង​ប្រមូល​វា​យក​ទៅ​ហាលថ្ងៃ​ឲ្យ​ស្ងួត រក្សា​ក្នុង​ម្លប់​កុំ​ឲ្យ​ត្រូវ​ទឹកភ្លៀង​ទុកដាក់​ដំណាំ ឬ​ដាក់​បាត​ស្រះ ដើម្បី​បង្កើត​ចំណី​ធម្មជាតិ​ក្នុង​ស្រះ​ឲ្យ​ត្រីស៊ី។​

  • ដាក់​ដំណាំ : យក​អាចម៍​ជន្លេ ២០ ទៅ ៣០% លាយ​ជាមួយ​ជី​
  • ដាក់​ស្រះ​ត្រី : ១៥ ទៅ ២០គីឡូក្រាម ក្នុង ១.០០០ ម៉ែត្រក្រឡា​
  • ដាក់​រង​បន្លែ ​ពី ០.៨-១ គីឡូក្រាម ក្នុង ១០ម៉ែត្រក្រឡា (​ផ្ទៃ​ដី​រង​ដាំ​ដំណាំ​)
  • ប្រើ​ធ្វើជា​ទឹក​ជី ដោយ​លាយ​អាចម៍​ជន្លេន ១១ គីឡូក្រាម ជាមួយ​ទឹក ៥លីត្រ កូរ​ឲ្យ​សព្វ រក្សាទុក ១ថ្ងៃ ទើប​យក​ទៅ​ស្រោច​ដំណាំ។​

​ខ​. ប្រមូលផលជន្លេន​

​ក្រោយ​ពី​ចិញ្ចឹម​បាន​រយៈពេល ៤ខែ អាច​ប្រមូល​ជន្លេន​បាន​ពី ២០-២៥គីឡូក្រាម​ក្នុង ១ម៉ែត្រការ៉េ។ ជន្លេន​អាច​យកមក​ច្នៃ​សម្រាប់​ប្រើប្រាស់​ជា​ចំណី​សត្វ​តាមរបៀប​ខាងក្រោម​៖

  • ​ សំអាត​យក​ជន្លេន (​រែង​យក​ដី​ចេញ រួច​លាង​ទឹក​)
  • ​ យក​ជន្លេន ៣គីឡូក្រាម លាយ​ជាមួយ​កន្ទក់ ១គីឡូក្រាម រួច​ក្រឡុក​ពី ១០ ទៅ ១៥នាទី វានឹង​ងាប់​
  • ​ ប្រើ​កញ្ច្រែង​រែង ដើម្បី​បំបែក​ជន្លេន និង​កន្ទក់​ចេញ​ពី​គ្នា​
  • ​ ក្រោយមក​ហាលថ្ងៃ ២ ទៅ ៣ថ្ងៃ ធ្វើយ៉ាងណា​ឲ្យ​ជន្លេន​ស្ងួត
  • ​ រក្សាទុក (​លាយ​ជាមួយ​ចំណី​ឲ្យ​សត្វ​ស៊ី ដូចជា កង្កែប មាន់ ត្រី អន្ទង់​)។ កូន​មាន់​ឲ្យ​ស៊ីពី ១-២ដង ក្នុង១អាទិត្យ បរិមាណ ១ ក្រាមក្នុង ១ក្បាល និង​ក្នុង ១ដង។ ​កូន​មាន់​ដែល​ស៊ី​ជន្លេន​វា​នឹង​ឆាប់​ធំ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

 

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)