ការគាំទ្ររបស់សេដាក ស្តីអំពីដំណាំក្រូចវល្លិ នៅស្រុកថ្មបាំង

0

សេដាកបានធ្វើការណែនាំឲ្យកសិករនៅស្រុកថ្មបាំង នៃខេត្តកោះ​កុង រៀបចំជាក្រុមផលិតដំណាំក្រូចវល្លិដំបូងគេនៅដើមខែកុម្ភៈ ឆ្នាំ២០១៨។ ការចាប់ផ្តើមដំបូងមានកសិករចូលរួមចំនួន ០៥​គ្រួសារ​តែប៉ុណ្ណោះ និងបានធ្វើការសាកល្បងដំាដំណាំក្រូច​វលិ្លនេះបានចំនួន​១៥០គុម្ពនៅលើផ្ទៃដីប្រមាណ៤០អារ។

រហូតមកដល់បច្ចុប្បន្ននេះមានអ្នកដាំដំណាំក្រូចវល្លិសរុបចំនួន​២៥​គ្រួសារនៅលើផ្ទៃដីដាំដុះប្រមាណជាង២ហិកតា ស្មើនឹង​១.២០០​គុម្ព។ ក្នុងចំណោមកសិករខាងលើដែលបានដំា គឺមានតែកសិករ​០៥រូបដែលបាននឹងកំពុងទទួលផលមុនគេជាបណ្តើរៗ។ ជាទូទៅពួក​គាត់អាចប្រមូលផលបានចន្លោះពី៨-១០គីឡូក្រាមក្នុងមួយថ្ងៃៗ សម្រាប់ភ្ជាប់ទៅកាន់ទីផ្សារក្នុងស្រុកដោយបានតម្លៃចាប់ពី៥.០០០​-៨.០០០​រៀលក្នុងមួយគីឡូក្រាម។

សម្រាប់រដូវខាងមុខនេះ នឹងមានកសិករចូលរួមបន្ថែម៣០គ្រួសារគ្រោងនឹងដាំដំណាំ​ក្រូចវល្លិដើម្បីផ្សាភ្ជាប់ទៅកាន់ទីផ្សារ ជំនួសដោយការនាំចូលពីខាងក្រៅផង​ដែរ។

ដោយបានមើលឃើញពីដំណាំក្រូចវល្លិជាប្រភេទដំណាំមួយថ្មីសម្រាប់អ្នកស្រុកថ្មបាំង​ដែលមិនធ្លាប់មានការដាំដុះពីមុនមក ហើយតម្រូវការរបស់ទីផ្សារបច្ចុប្បន្នក៏មានការកើនឡើង អង្គការសេដាកបានធ្វើការគាំទ្រពួកគាត់ទៅលើចំណុចមួយចំនួនដូចខាងក្រោម៖

)ណែនាំពួកគាត់ឲ្យបានស្គាល់អ្វីទៅជាដំណាំក្រូចវល្លិ? ២)គុណប្រយោជន៍នៃការទទួល​ទានផ្លែក្រូចវល្លិ ៣)ការផ្តល់ជាកូន ​ឬ​ពូជសម្រាប់អ្នកដាំ ៤)ផ្តល់ប្រឹក្សាយោ​បល់ជាលក្ខណៈបច្ចេកទេសក្នុងការដាំដុះ និងការថែទាំសម្រាប់រដូវប្រាំង និងរដូវវស្សា ៥)របៀបប្រមូលផល ៦)រៀបចំជាទស្សនកិច្ចសិក្សាដើម្បីធ្វើការបង្ហាញ និងផ្សព្វផ្សាយបន្ត ៧)ជួយរកទីផ្សារ និងសម្របសម្រួលពង្រីកផែនការដាំដុះជាបន្តបន្ទាប់។

អង្គការសេដាក នឹងបន្តការគាំទ្រពួកគាត់ឲ្យក្លាយទៅជាក្រុមផលិតក្រូចវល្លិដោយគោរពទៅតាមស្តង់ដារសរីរាង្គដើម្បីផ្សាភ្ជាប់មកកាន់​ទីផ្សារឲ្យបានទូលំទូលាយថែមទៀត៕

អត្ថបទដោយ វង្ស សាវឿន

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)

Leave A Reply

Your email address will not be published.