បទពិសោធន៍ធ្វើស្រូវ ប.វ.ស. (កសិករ សុក អ៊ា)

0

កសិករឈ្មោះ សុក អ៊ា​ ភេទប្រុស មានអាយុ៤៦ឆ្នាំ មានសមាជិកក្នុងគ្រួសារ​៤នាក់ មានទីលំនៅបច្ចុប្បន្ននៅភូមិតាយ៉ែក ឃុំ​តាយ៉ែក​ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ គាត់បាន​ធ្វើស្រែ ប.វ.ស. លើផ្ទៃដីចំនួន ៤០អារ ដោយប្រើ​ពូជស្រូវផ្ការំដួល។ មូល​ហេតុដែលគាត់ចាប់យកបច្ចេក​ទេសស្ទូងស្រូវមួយដើម (ប.វ.ស.)នេះ ព្រោះ​គាត់ទទួលបានទិន្នផលខ្ពស់ជាងធ្វើស្រែធម្មតា។ ចំពោះដំណើរការនៃការធ្វើ​ស្រូវនេះមានបង្ហាញជូនដូច ខាងក្រោម៖

១. ការជ្រើសរើសគ្រាប់

ការជ្រើសរើសគ្រាប់ពូជស្រូវផ្ការំដួលនេះ លោកពូ អ៊ា​ បានរើសយកគ្រាប់ស្រូវពេញ ថ្លោស​ល្អចំនួន ១១គីឡូក្រាម។ គ្រាប់ស្រូវនោះគាត់បាន​​បែន​ហាល និងរក្សាទុកបាន​យ៉ាងត្រឹមត្រូវនៅក្នុងថង់ស្បៃ។

ការសំអាតគ្រាប់

មុននឹងគាត់យកគ្រាប់ទៅសាបលើថ្នាល គាត់បានយកគ្រាប់ទៅលាងសំអាត បន្ទាប់​មកដាក់ត្រាំក្នុងធុងជាមួយថ្នាំ​ពុល​ធម្ម​ជាតិ (សំបកស្តៅ) រយៈពេល១​យប់ បន្ទាប់មកទៀត​គាត់​បានផ្អាប់ស្រូវនោះរយៈពេល២៤ម៉ោង។

៣. ការរៀបចំថ្នាល

ថ្នាលដែលគាត់នឹងសាបស្រូវត្រូវបានភ្ជួររាស់ចោល១០ថ្ងៃដើម្បីឲ្យងាប់ស្មៅ ​បន្ទាប់​មកភ្ជួររាស់រើសស្មៅចង្រៃចោល បាចជី​កាក​ឡជីវ​ឧស្ម័ន​ទ្រាប់បាត និងរៀបចំថ្នាលជារងសាប​គ្រាប់ស្រូវ រួចបាចលើរងស្តើងៗ ហើយធ្វើការស្រោចទឹករយៈពេល៣ថ្ងៃដំបូងគ្របស្លឹកឈើ បន្ទាប់មកយកស្លឹកឈើចេញ និងបន្តស្រោចទឹករហូតសំណាបអាយុ ១៥ថ្ងៃ។

  • ការរៀបចំដីសំរាប់ស្ទូង

ចំពោះស្រែដែលត្រូវស្ទូង គាត់ធ្វើការភ្ជួររាស់ដីចោលរយៈ​ពេល១០ថ្ងៃ ដើម្បីឲ្យងាប់ស្មៅ និងជីបានល្អ។​​ បន្ថែមពីនោះគាត់បានព្រោះសណ្តែកខៀវចំនួន១៥គីឡូ​ក្រាម​ដើម្បី​ធ្វើជីស្រស់ និង​បាន​បន្ថែម​កាកឡឧស្ម័នព្រមទាំងស្លឹកឈើផ្សេងៗចំនួន ៥០០​គីឡូក្រាម ទៀត។

  • ការសន្សំជីធម្មជាតិ

ការសន្សំជីធម្មជាតិនេះគឺ លោកពូ សុក អ៊ា បានរៀបចំធ្វើរោងសំរាប់រក្សាជី។ ប្រភព​ជីធម្មជាតិទាំងនោះបានមកពី កាកសំណល់​ផ្ទះបាយ ស្លឹកឈើកំទេច​កំទីជុំវិញផ្ទះ និងកាក​ឡជីវឧស្ម័ន។

  • សកម្មភាពបច្ចេកទេសដកស្ទូង

សំណាបមានអាយុ១៥ថ្ងៃ គាត់បាន​ដក​​យកទៅស្ទូង ដោយធ្វើតាមបច្ចេក​ទេស ប.វ.ស. ដូចជា៖

ការរៀបចំស្ទូង

គាត់បានយកខ្សែគោសំរាប់វាស់ធ្វើជាជួរ ឬបន្ទាត់ ដោយបានកំណត់ប្រវែង​៣តឹក​ពី​គុម្ភមួយទៅ​គុម្ភ​មួយ​​ទៀត។ ដក​សំណាប​យកតែដើមថ្លោស​ៗ​ ដាក់ក្នុង​កា​ធុន​ស្នោ ដោយដកភ្លាមស្ទូងភ្លាម។ ស្ទូង១​ដើមក្នុងមួយគុម្ព ស្ទូងជាជួរ គំលាតពីគុម្ព​មួយទៅគុម្ពមួយប្រវែង ៣តឹកស្មើគ្នា។ ក្រោយពីស្ទូង​បានរយៈ​ពេល​១៤ថ្ងៃ គាត់បានធ្វើការបញ្ចូលទឹកថ្មីបន្ថែមទៅក្នុងស្រែ ហើយបាចជីធម្មជាតិចំនួន​ ៦០០​គីឡូក្រាម។ នៅពេលស្រូវចាប់ផ្តើមបែកគុម្ភ លោកពូ សុក អ៊ា បានធ្វើការបាច​ជីនេះ​បន្ថែម​ទៀត។

ការគ្រប់គ្រងទឹក

ចំណែកទឹកវិញ គាត់ពុំមានការពិបាក ឬខ្វះទឹកប្រើប្រាស់ទេ ព្រោះវាជារដូវវស្សាមាន​ទឹកភ្លៀង​ធ្លាក់គ្រប់​គ្រាន់ ម្យ៉ាង​ទៀតស្រែរបស់គាត់នៅក្បែរប្រឡាយ។

ការថែទាំ (ដកស្មៅ ដាក់ជី)

ស្រូវរ​បស់​គាត់ពុំសូវមានបញ្ហា​ស្មៅ​​​ប៉ុន្មានទេ ព្រោះគាត់បានធ្វើការដក​ស្មៅ​ចង្រៃ​និងសំលាប់សត្វ ដែលបំផ្លាញ​ស្រូវ​គាត់ដូចជាខ្យង ក្តាម ព្រមទាំង​ដាក់​ជី​កាក​ឡជីវឧស្ម័នជាប្រចាំ។

បច្ចេកទេសប្រមូលផល

ការប្រមូលផលនេះគាត់បានច្រូត​ដោយដៃ និង​បោកដោយម៉ាស៊ីន ចំណែក​ស្រូវដែល​គាត់សំរាប់ទុកធ្វើពូជ លោកពូបានរើស   យកកួរណាដែលមានគ្រាប់ពេញថ្លោសល្អ ដោយកាត់ចោលនៅ​ត្រង់កួរស្រកីលើ និងស្រកីក្រោម ហើយ​បែនហាលច្រកទុកក្នុង​ស្មុក ឬថង់ស្បៃ។

ប្រៀបធៀបទិន្នផល និងផលចំណេញរវាងការធ្វើស្រែតាមទំលាប និងស្រែ ប.វ.ស.

ពូក៏មានប្រសាសន៍បន្តថា ការធ្វើស្រែតាមរបៀបទាំងពីរនេះ គឺខុស​គ្នាឆ្ងាយគួរសម​ព្រោះ៖

ការធ្វើស្រែតាមទំលាប់គឺ ការធ្វើស្រែតាមបច្ចេកទេស ប.វ.ស.
  • ទិញជីគីមីថ្លៃ
  • ដីស្រែរឹងឆាប់អស់ជីជាតិ
  • ប្រើគ្រាប់ពូជច្រើន
  • ស្ទូងច្រើនដើម
  • ស្រូវមិនសូវបែកគុម្ភ
  • ពិបាកដកស្មៅ
  • ប្រើថ្នាំបាញ់សំលាប់ស្មៅ
  • គ្មានសត្វមានប្រយោជន៍
  • ស្រូវមានជាប់សារធាតុគីមី(អង្ករខ្សោះគ្មានក្លិន បាយគ្មានរសជាតិ)
  • ទទួលបានទន្និផលតិចគឺ ៧ការុង ក្នុង១ការុងស្មើ ៨៥គីឡូក្រាម។

 

  • ប្រើប្រាស់ជីធម្មជាតិ
  • ដីធូរមានជីជាតិជាងមុន
  • ងាយស្រួលដកស្មៅក្នុងស្រែ
  • មិនចំណាយលើការទិញថ្នាំបាញ់ស្មៅ
  • ប្រើប្រាស់គ្រាប់ពូជតិច
  • ស្ទូងមួយដើម ហើយបែកគុម្ភបានច្រើនដើម
  • មានសត្វមានប្រយោជន៍ (ពពួកប្លង់តុងនិងត្រីស៊ីសត្វល្អិតចង្រៃដែលបំផ្លាញ​ស្រូវ)
  • ទទួលបានទិន្នផលច្រើនជាងស្រូវធ្វើស្រែធម្មតាជា​ប្រភេទស្រូវធម្មជាតិសុទ្ធសាធ​(អង្ករមានក្លិនក្រអូប បាយមានរសជាតិឆ្ងាញ់). . .
  • ទិន្នផលដែលទទួលបានពីការធ្វើស្រែ ប.វ.ស. គឺ១០ការុងក្នុង១ការុងស្មើ៨៧   គីឡូ​​ក្រាម​។

ចំណូលចំណាយ

តាមទំលាប់ តាម ប.វ.ស.
ចំណាយ ៤០០.០០០រៀល ៣០០.០០០រៀល
ចំណូល(លក់ស្រូវ) ៥៦៥.៣០០រៀស ៥៧៨.៦០០រៀល
ចំណេញ ១៦៥.៣០០រៀល ២៧៨.៦០០រៀល

ចំណាប់អារម្មណ៍

ក្រោយពីបានប្រមូលផលរួច និងទទួលបានទិន្នផលខ្ពស់ពីស្រូវ ប.វ.ស. លោកពូ សុក អ៊ា មានការសប្បាយចិត្តយ៉ាងខ្លាំង ហើយឆ្នាំក្រោយៗ គាត់សន្យាថានឹងបន្តធ្វើស្រែ ប.វ.ស. ព្រមទាំងផ្សព្វផ្សាយឲ្យកសិករផ្សេងទៀតបានដឹង និងអនុវត្តធ្វើស្រែប.វ.ស. ដូចគាត់៕

ប្រភពពី ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

 

Source: ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)

Leave A Reply

Your email address will not be published.